កីឡាអន្តរជាតិ
អន្តរជាតិ
Rooney ចុះចេញពីតំណែងអ្នកចាត់ការ Derby County ក្រោយក្រុមធ្លាក់ទៅលីគទី៣
25, Jun 2022 , 2:59 pm        
រូបភាព
Wayne Rooney លាលែងពីតំណែងអ្នកចាត់ការទូទៅក្រុម Derby County ក្រោយក្រុមនេះធ្លាក់ទៅលីគទី៣ League One ដោយសារការពិន័យកាត់២១ពិន្ទុ ជុំវិញបញ្ហាហិរញ្ញវត្ថុ។


Derby ត្រូវបានកាត់ចេញពីលីគទី២ Championship ទៅកាន់លីគកម្រិតទី៣អង់គ្លេស ដោយសារការពិន័យ២១ពិន្ទុកាលពីរដូវកាលមុន ក្រោយរកថាបានបំពានច្បាប់ហិរញ្ញវត្ថុ។ តាមពិតទៅ Derby ក្រោមការដឹកនាំរបស់ Rooney រកបាន៥២ពិន្ទុ ប៉ុន្តែដោយសារត្រូវរងពិន័យកាត់ពិន្ទុ ទើបក្រុមនៅសល់តែ៣១ពិន្ទុ និងស្ថិតនៅចំណាត់ថ្នាក់ទី២៣ ក្នុងចំណោម២៤ក្រុម។ 
 
ក្រោយដឹកនាំក្រុមបាន១៧ខែ សម្រាប់អាជីពជាអ្នកចាត់ការទូទៅលើកដំបូង អតីតប្រធានក្រុម Manchester United និង អង់គ្លេសរូបនេះ បានសម្រេចចាកចេញពី Derby នៅថ្ងៃទី២៤ ខែមិថុនាតែម្តង។
 
«ថ្ងៃនេះខ្ញុំបានជួបជាមួយអ្នកគ្រប់គ្រងដើម្បីជូនដំណឹងដល់ពួកគេអំពីការសម្រេចចិត្តរបស់ខ្ញុំថាវាដល់ពេលហើយសម្រាប់ខ្ញុំក្នុងការចាកចេញពី Derby។ ពួកគេ [Derby] បានព្យាយាមយ៉ាងខ្លាំងក្នុងការផ្លាស់ប្តូរការសម្រេចចិត្តរបស់ខ្ញុំ ប៉ុន្តែខ្ញុំបានសម្រេចរួចទៅហើយ»។ នេះជាការអះអារបស់ Rooney ក្នុងសេចក្តីប្រកាសរបស់ខ្លួន។
 
ស្របពេលគ្នានេះ ក្លិប Derby ក៏​បានប្រកាសលើវេបសាយផ្ទាល់របស់ខ្លួនផងដែរ អំពីការស្នើសុំចាកចេញរបស់ Rooney។ Rooney បានឡើងជាអ្នកចាត់ការទូទៅ Derby នៅឆ្នាំ២០២១ ក្រោយធ្វើជាកីឡាករផងដែរ និងអ្នកចាត់ការក្រុមនេះផងក្នុងមួយរយៈពេលខ្លី៕
 
 

Tag:
 Wayne Rooney
  Derby County
© រក្សាសិទ្ធិដោយ thmeythmey.com