ជាតិ
សង្គមជាតិ
លោក ស៊ុន ចាន់ថុល អំពាវនាវពលរដ្ឋកុំយកផ្លូវធ្វើជាកន្លែងលក់ដូរ ឬលើកដីផ្ទះខ្ពស់ជាងផ្លូវ
25, Jun 2022 , 4:19 pm        
រូបភាព
 លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន នាឱកាសចុះត្រួតពិនិត្យកំណាត់ផ្លូវជាតិលេខ៥។ រូបភាពពីទំព័រហ្វេសប៊ុក ក្រសួងសាធារណកា_រ និងដឹកជញ្ជូន។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន នាឱកាសចុះត្រួតពិនិត្យកំណាត់ផ្លូវជាតិលេខ៥។ រូបភាពពីទំព័រហ្វេសប៊ុក ក្រសួងសាធារណកា_រ និងដឹកជញ្ជូន។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្តី-រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អំពាវនាវដល់ពលរដ្ឋរស់នៅតាមដងផ្លូវ កុំយកផ្លូវធ្វើជាកន្លែងទីផ្សារ កន្លែងលក់ដូរ លើកដីលំនៅឋានខ្ពស់ជាងផ្លូវ និងមិនត្រូវដឹកទំនិញលើសទម្ងន់។ ការអំពាវនាវបែបនេះរបស់លោក ក្នុងគោលបំណងឱ្យពលរដ្ឋរស់នៅតាមដងផ្លូវទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងនោះ និងបញ្ចៀសការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍។ 


ការលើកឡើងខាងលើរបស់លោករដ្ឋមន្ត្រីក្រសួងសាធារណការ​ ធ្វើឡើងអំឡុងការចុះត្រួតពិនិត្យ វឌ្ឍនភាពការងារសាងសង់គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម -ធ្លាម្អម)។ នាឱកាសនោះ លោកក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ 
 
លោកក៏បានក្រើនរំឭកដល់អ្នកប្រើប្រាស់ផ្លូវ កុំបើកបរហួសល្បឿនកំណត់ ពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវាត់ឱ្យបានត្រឹមត្រូវ កុំសេពគ្រឿងស្រវឹង-គ្រឿងញៀន និងមិនត្រូវប្រើប្រាស់ទូរស័ព្ទពេលបើកបរឡើយ។ លោក មានប្រសាសន៍ដូច្នេះថា៖ «បច្ចុប្បននេះ គ្រោះថ្នាក់ចរាចរណ៍ បានបណ្ដាលឱ្យមនុស្សស្លាប់ចំនួន៥នាក់ និងរបួសពី១០ ទៅ១៥នាក់ក្នុងមួយថ្ងៃ។ ខាតបង់ថវិកាជាតិ និងឯកជនប្រមាណ ៤០០ ទៅ៤២០លានដុល្លារ ក្នុងមួយឆ្នាំ»។ 
 
ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល អះអាងទៀតថា រដ្ឋាភិបាលកម្ពុជានឹងខិតខំស្វែងរកថវិកាទាំងកម្ចី ថវិកាជាតិ និងជំនួយឥតសំណងមកកសាងប្រព័ន្ធផ្លូវថ្នល់កម្ពុជា ដើម្បីឱ្យប្រព័ន្ធភស្ដុភារកម្ម និងការដឹកជញ្ជូនមានតម្លៃថោក អាចប្រកួតប្រជែងនឹងប្រទេសជិតខាង និងទាក់ទាញវិនិយោគិន ដើម្បីបង្កើតការងារដល់ប្រជាជន៕ 
 
 
 
 

Tag:
 ThmeyThmey
  ក្រសួងសាធារណការ និងដឹកជញ្ជូន
  កំណត់ផ្លូវជាតិលេខ៥
© រក្សាសិទ្ធិដោយ thmeythmey.com