កីឡាជាតិ
ជាតិ
សហព័ន្ធប្រដាល់សកលកម្ពុជា គ្រោងប្ដូរគ្រូបង្វឹក និងកីឡាករគ្មានសមិទ្ធផល ដើម្បីត្រៀមស៊ីហ្គេម ២០២៣
25, Jun 2022 , 9:39 pm        
រូបភាព
ប្រតិភូ និងអត្តពលិក កីឡាប្រដាល់សកលកម្ពុជា ដែលចេញទៅប្រកួតស៊ីហ្គេមលើកទី៣១ ប្រទេសវៀតណាម កន្លងមក។ (ប្រភពសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា)
ប្រតិភូ និងអត្តពលិក កីឡាប្រដាល់សកលកម្ពុជា ដែលចេញទៅប្រកួតស៊ីហ្គេមលើកទី៣១ ប្រទេសវៀតណាម កន្លងមក។ (ប្រភពសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា)
ដោយ៖ហៀក ឆក

សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នឹងបញ្ជូនកីឡាករ និងកីឡាការិនីទាំងអស់ ចេញទៅបោះជំរុំហ្វឹកហាត់នៅប្រទេសថៃ ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ឆ្នាំ២០២៣។ សហព័ន្ធប្រដាល់សកលកម្ពុជា ក៏គ្រោងប្ដូរគ្រូបង្វឹក និងកីឡាករគ្មានសមិទ្ធផលផងដែរ។

 
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បាននិយាយថា ប្រដាល់សកលកំពុងមានសន្ទុះខ្លាំង មួយរយៈចុងក្រោយនេះ។ ដើម្បីជួយឲ្យប្រដាល់សកល កាន់តែរីកចម្រើននោះ លោក សុភ័ណ្ឌ នឹងកែសម្រួលផែនការថ្មី សម្រាប់ការប្រកួតស៊ីហ្គេមស៊ីហ្គេម ឆ្នាំ២០២៣ ដោយជ្រើសរើសកីឡាករ មានសមត្ថភាព និងសមិទ្ធផល សម្រាប់ជម្រើសជាតិកន្លងមក។
 
អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ប្រាប់សារព័ត៌មានអេឡិចត្រូនិកថ្មីៗថា៖« សម្រាប់ការត្រៀមហ្នឹង គឺយើងរៀបចំយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកែសម្រួលសមាសភាពកីឡាករ កីឡាការិនី ដែលមិនមានសមិទ្ធផលគ្រប់គ្រាន់សម្រាប់ឈានទៅឆ្នាំ២០២៣ គឺយើងនឹងធ្វើការដោះដូរមួយចំនួនប្រហែលជា៣ទៅ៤រូប ដើម្បីយើងបញ្ចូលកីឡាករដែលមានបច្ចេកទេស ក៏ដូចជាសមិទ្ធផលគ្រាប់គ្រាន់សម្រាប់ត្រៀម២០២៣ និងត្រៀមផ្លាស់ប្តូរគ្រូបង្វឹក ក៏ដូចជាស្នើសុំគ្រូបង្វឹកពីបរទេសដែលមានកម្រិត និងបច្ចេកទេសអន្តរជាតិ ដើម្បីបង្វឹកសមត្ថភាពកីឡាករ»។
  

លោកប៊ុយ សុភ័ណ្ឌ អគ្គលេខាសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា(ប្រភពសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា)

អគ្គលេខាធិការរូបនេះ ក៏សម្រេចបញ្ជូនកីឡាករកីឡាការិនីជាច្រើននាក់ ចេញទៅហ្វឹកហាត់នៅក្រៅប្រទេសផងដែរ សម្រាប់ត្រៀមព្រឹត្តការណ៍ស៊ីហ្គេម២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។«ចំពោះគម្រោងគឺយើងបញ្ជូនទាំងអស់គឺកីឡាករទាំង១២ រូបព្រោះកីឡាករយើងម្នាក់ដែលហាត់នៅវៀតណាមគាត់អាចនឹងមកមិនទាន់»។ សម្តីលោក ប៊ុយ សុភ័ណ្ឌ។។
 
គួររម្លឹកថា កីឡាប្រដាល់សកលកម្ពុជា ធ្វើបានល្អនៅព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣១ នាទីក្រុងហាណូយ ប្រទេសវៀតណាម ដោយទទួលបានមេដាយប្រាក់១ និងសំរឹទ្ធ៣។ អត្តពលិក នឹងចេញដំណើរទៅប្រទេសថៃ នៅថ្ងៃទី៧ ដល់២២ ខែកក្កដា ឆ្នាំ២០២២៕
 

Tag:
 ប្រដាល់សកល
 កម្ពុជា
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com