ក្រចេះ៖ ដើម្បីបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា គឺត្រូវចាប់ផ្ដើមចេញពីការចូលរួមរបស់ពលរដ្ឋមូលដ្ឋាន និងការអនុវត្តច្បាប់ឱ្យបានតឹងរឹងរបស់អាជ្ញាធរមូលដ្ឋាន។ នេះជាការលើកឡើងរបស់ក្រសួងបរិស្ថាន និងអង្គការដៃគូ ក្នុងសេចក្ដីប្រកាសរួម «យុទ្ធនាការអន្ទាក់សូន្យ» ក្នុងខេត្តក្រចេះ។
«យុទ្ធនាការអន្ទាក់សូន្យ» ជាយុទ្ធនាការមួយ មានគោលបំណងចម្បង ដើម្បីពង្រឹងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព កាត់បន្ថយតម្រូវការសាច់សត្វព្រៃ និងសហការរួមគ្នាជាមួយ អាជ្ញាធរអនុវត្តច្បាប់ថ្នាក់ខេត្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងការដាក់អន្ទាក់ ព្រមទាំងការជួញដូរសត្វព្រៃ។ យុទ្ធនាការនេះ មានរយៈពេល៦ខែ ដែលអនុវត្តនៅខេត្តចំនួន៦ ខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តកំពង់ធំ។
ក្នុងសេចក្តីប្រកាសព័ត៌មានរួម ដោយមាន ក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តក្រចេះ រដ្ឋបាលខេត្តក្រចេះ អង្គការអភិរក្សអន្តរជាតិ (CI) គម្រោងព្រៃឡង់បៃតង អង្គការ WWF អង្គការ WCS អង្គការ WEA អង្គការ NatureLife និងអង្គការ RECOFTC បានរៀបចំយុទ្ធនាការអន្ទាក់សូន្យ នៅខេត្តក្រចេះ ដោយបញ្ឈប់ការដាក់អន្ទាក់គ្រប់ប្រភេទ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដើម្បីអភិរក្សសត្វព្រៃឱ្យនៅគង់វង្ស និងការពារសត្វព្រៃនៅកម្ពុជាឱ្យមានចំនួនសម្បូរឡើងវិញ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរួមដដែល នៅថ្ងៃទី១៨ ខែមិថុនា នៅក្រុងក្រចេះនោះ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានជំរុញឱ្យពលរដ្ឋ និងភាគីពាក់ព័ន្ធឱ្យមានសកម្មភាពបន្ថែមទៀត ដើម្បីធានាគ្មានអន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិធម្មជាតិ លុបបំបាត់ឱ្យបាននូវការបរបាញ់គ្រប់ទម្រង់ដែលច្បាប់ហាមឃាត់ និងបញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាប់បន្តទៀត។
ទន្ទឹមនឹងនេះ លោក ក៏បានលើកទឹកចិត្តពលរដ្ឋទាំងអស់ ចូលរួមការពារសត្វព្រៃ និងធនធានធម្មជាតិកម្ពុជា ដើម្បីគាំទ្រការចូលរួមកសាងសេដ្ឋកិច្ចមូលដ្ឋាន ឱ្យប្រសើរឡើងថែមទៀត ជាពិសេសតាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិ និងសម្រាប់ជាប្រយោជន៍ ដល់ប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា និងសកលលោក។
ជាមួយគ្នានេះ លោក សេង ប៊ុនរ៉ា ប្រធានបច្ចេកទេសជាន់ខ្ពស់ នៃអង្គការអភិរក្សអន្តរជាតិ(CI) លើកឡើងថា កត្តាប្រឈមនៃការប្រើប្រាស់អន្ទាក់ ដើម្បីចាប់សត្វព្រៃនៅក្នុងព្រៃប្រទេសកម្ពុជានាពេលបច្ចុប្បន្ន វានឹងប្រែក្លាយទៅជាព្រៃដែលលែងមានវត្តមានសត្វព្រៃតទៅទៀត។ លោកបន្ថែមថា មធ្យោបាយតែមួយគត់ដែលអាចស្រោចស្រង់វត្តមានសត្វព្រៃវិញបាន គឺទាល់តែលែងមានតម្រូវការ និងការជួញដូរសត្វព្រៃ។
ចំណែក លោក សេង ទៀក នាយកអង្គការ WWF កម្ពុជាវិញ មានប្រសាសន៍ថា វិបត្តិអន្ទាក់ កំពុងបំផ្លាញជីវិតសត្វព្រៃកម្ពុជា ដោយមិនរើសមុខ ហើយពលរដ្ឋម្នាក់ៗមានតួនាទីចូលរួមធានាថា គ្មានការដាក់អន្ទាក់ ក្នុងតំបន់ការពារ តំបន់ព្រៃសហគមន៍ និងក្នុងដែនជម្រកធម្មជាតិផ្សេងៗទៀតដែលមានសត្វព្រៃរស់នៅ ជាពិសេសតាមរយៈការពង្រឹងវិស័យគោលនយោបាយ និងបទបញ្ញត្តិពាក់ព័ន្ធ ព្រមទាំងការបង្កើនការអនុវត្តច្បាប់។
លោកបន្តទៀតថា៖ «ទន្ទឹមគ្នានេះដែរ គេចាំបាច់ត្រូវអនុវត្តវិធានការរួមគ្នាបន្ទាន់ ដើម្បីបញ្ឈប់តម្រូវការសាច់សត្វព្រៃ និងផលិតផលពីសត្វព្រៃគ្រប់ប្រភេទ ដោយដាក់ចេញនូវបម្រាមរាល់ការទិញ លក់ ដឹកជញ្ជូន និងបរិភោគសត្វព្រៃ ដើម្បីបញ្ចប់ការជួញដូរសត្វព្រៃគ្រប់ទម្រង់ និងជួយសង្គ្រោះសត្វព្រៃដែលជាបេតិកភណ្ឌធម្មជាតិកម្ពុជា ឱ្យជៀសផុតពីការផុតពូជ នាពេលអនាគត»។
ចំពោះលោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សតំបន់ទន្លេមេគង្គ នៃអង្គការ WCS វិញ ថ្លែងថា យុទ្ធនាការនេះមានសារៈសំខាន់ ក្នុងការចូលរួមចំណែកលុបបំបាត់សកម្មភាពនេសាទខុសច្បាប់ ដែលវាមិនត្រឹមតែគំរាមកំហែងដល់ធនធានមច្ឆាប៉ុណ្ណោះទេ ប៉ុន្តែវាបានគំរាមកំហែងដល់ប្រភេទសត្វដែលកំពុងរងគ្រោះជិតផុតពូជលើពិភពលោកផងដែរ។ លោកបន្ថែមថា យុទ្ធនាការ ក៏ជាការអំពាវនាវមួយដល់សាធារណជន ឱ្យផ្លាស់ប្ដូរឥរិយាបថរបស់ខ្លួន ដោយបញ្ឈប់ការជួញដូរ និងបរិភោគសត្វព្រៃ ដូចជាប្រភេទកន្ធាយក្បាលកង្កែប ផ្សោត និងបបែលយក្សជាដើម។
លោក ទុយ សេរីវឌ្ឍនា នាយកកម្មវិធីអង្គការ Wild Earth Allies Cambodia អះអាងថា កម្ពុជា ត្រូវបានគេស្គាល់ថា ជាប្រទេសមួយក្នុងចំណោមប្រទេស ដែលសម្បូរធនធានជីវចម្រុះនៅអាស៊ីអាគ្នេយ៍។ លោក បន្តថា ពីអតីតកាល រហូតដល់បច្ចុប្បន្នអ្នកវិទ្យាសាស្ត្របានបង្ហាញថា កម្ពុជា ជាទីជម្រកដ៏សំខាន់នៃប្រភេទសកល កំពុងទទួលការគំរាមកំហែង ដូចជាដំរីអាស៊ី ខ្លា ខ្ទីង ទន្សោង ខ្លាឃ្មុំ ទោច ប្រើសជាដើម។
ក្នុងសេចក្ដីប្រកាសព័ត៌មានរួមនេះ បានស្រង់សម្ដីលោក ទុយ សេរីវឌ្ឍនា ដូច្នេះ៖ «ធនធានជីវចម្រុះរបស់ប្រទេសកម្ពុជាកំពុងស្ថិតក្រោមសម្ពាធនៃការគំរាមកំហែង។ (ឯ)អន្ទាក់ត្រូវបានចាត់ទុកជាកត្តាគំរាមមួយក្នុងចំណោម កត្តាគំរាមធំៗផ្សេងទៀតចំពោះសត្វព្រៃ»។
ចំពោះលោក ប៊ូ វរសក្ស នាយកអង្គការ NatureLife Cambodia វិញ បានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច ធ្វើការបង្ក្រាបការជួញដូរសាច់សត្វព្រៃខុសច្បាប់ នៅតាមទីផ្សារ និងភោជនីយដ្ឋាននានា សត្វព្រៃ។ លោកបន្តថា៖ «សត្វព្រៃរបស់យើងអាចរក្សាបានលុះត្រាណាតែយើងចូលរួមការពារទាំងអស់គ្នា»។
មិនខុសពី លោក ប៊ូ វរសក្ស ឡើយ លោកស្រី ហ៊ូ កល្យាណ នាយិកាអង្គការរីខូហ្វប្រចាំកម្ពុជា មានប្រសាសន៍ថា ការលើកកម្ពស់ការចូលរួមរបស់ប្រជាជន ជាពិសេសសហគមន៍មូលដ្ឋាន គឺជាមូលដ្ឋានគ្រឹះក្នុងការបញ្ចប់ការដាក់អន្ទាក់ និងការជួញដូរសត្វ៕