កីឡាជាតិ
ជាតិ
គ្រូបង្វឹកជម្រើសជាតិបាល់ទាត់នារី ផ្លាស់ប្ដូរយុទ្ធសាស្រ្តពីការពារច្រើន មកជាការប្រយុទ្ធវិញ
26, Jun 2022 , 12:59 pm        
រូបភាព
ជម្រើសជាតិកម្ពុជា កំពុងហ្វឹកហាត់នៅទីលានសាលាបាល់ទាត់ជាតិ បាទីរូបពី Cambodian Women League
ជម្រើសជាតិកម្ពុជា កំពុងហ្វឹកហាត់នៅទីលានសាលាបាល់ទាត់ជាតិ បាទីរូបពី Cambodian Women League
ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា នឹងមិនប្រើទម្រង់ការពារដូចការប្រកួតនៅស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ទៀតឡើយ។ នេះបើតាមលោក ប្រាក់ វុទ្ធី ដែលបានដឹកនាំក្រុមបាល់ទាត់នារី ហ្វឹកហាត់នៅទីលានសាលាបាល់ទាត់ជាតិបាទី ដើម្បីត្រៀមប្រកួត AFF Women’s Championship ២០២២ នៅហ្វីលីពីន។ 


កីឡាការិនី២៥នាក់ នឹងជម្រុះយកត្រឹម២៣នាក់ សម្រាប់ជម្រើសជាតិបាល់ទាត់នារី។ លោក ប្រាក់ វុទ្ធី គ្រូជម្រើសជាតិនារីកម្ពុជា បានបញ្ជាក់ថា កម្ពុជានឹងមិនប្រើទម្រង់ការពារដូចការប្រកួតនាស៊ីហ្គេមកន្លងមកទេ ពោលគឺកម្ពុជា នឹងវាយបកកគូប្រកួតវិញ ប្រសិនជាមានឱកាស។ 
 
គ្រូបង្វឹកវ័យ៥១ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗថា ៖«មិនមានការកែប្រែការហ្វឹកហាត់ទេ តែការប្រកួតអាចផ្លាស់ប្ដូរយុទ្ធសាស្ត្រខ្លះ។ កម្ពុជា បានប្រើទម្រង់ការពារ ស្ទើរតែ១០០ភាគរយ ក្នុងការប្រកួតនៅស៊ីហ្គេម។ ទម្រង់ ទៅហ្វីលីពីន ខុសប្លែកគ្នា ដោយយើងត្រៀមយុទ្ធសាស្ដ្រខ្លះ ផ្លាស់ប្ដូពីការពារច្រើន មកជាការប្រយុទ្ធវិញ។»។ 
 
លោក វុទ្ធី បានប្រាប់ពីចំណុចខ្សោយរបស់ជម្រើសជាតិកម្ពុជា ដោយប្រៀបធៀបទៅនិងក្រុមវៀតណាម។ បើតាមលោក វុទ្ធី កម្ពុជា ចាញ់ វៀតណាម ព្រោះកាយសម្បទា ហើយគុណភាព របស់កីឡាការិនីកម្ពុជា នៅមានកម្រិតទា​បជាង។ ម្យ៉ាងវិញទៀត ជម្រើសជាតិកម្ពុជា មានបទពិសោធន៍ តិចតួចជាងប្រទេសមួយចំនួនក្នុងតំបន់។
 
«វៀតណាម ជាក្រុមមួយមានបទពិសោធន៍ជោគជាំ នៅក្នុងការ​ប្រកួត ទាំងកម្លាំងកាយសម្បទា ហើយកម្រិតបច្ចេកទេសខ្ពស់។ វៀតណាម ជាក្រុមចេះបទបែន ទៅតាមចន្លោះប្រហោងរបស់យើង នៅពេលណាគេមានការអន់ថយ ខ្សោយនៅចំណុចណាមួយ គេចាប់យកចំណុចនោះ វាយបកមកវិញ។»។ គ្រូជម្រើសជាតិកម្ពុជា បន្ថែមបែបនេះ។
 
គួរបញ្ជាក់ផងដែរថា កម្ពុជា នឹងប្រកួតជាមួយជម្រើសជាតិឡាវ នៅថ្ងៃទី៥ ខែកក្កដា មុនជួបវៀតណាម ថ្ងៃទី៧ កក្កដា។ ២ថ្ងៃក្រោយកម្ពុជា ជួបមីយ៉ាន់ម៉ា ហើយប្រកួតចុងក្រោយជាមួយទីម័រខាងកើត នៅថ្ងៃទី១៣ កក្កដា នៃការប្រកួត AFF Women’s Championship 2022 នាកីឡដ្ឋាន Binan នៅហ្វីលីពីន។ ក្នុងចំណោមក្រុមដែលស្ថិតក្នុងពូល B នេះ កម្ពុជា ធ្លាប់លត់ ទីម័រខាងកើត ក្នុងពានរង្វាន់នេះម្ដងរួចហើយ ក្នុងលទ្ធផល ១២-០ នាឆ្នាំ២០១៨។ ដោយឡែក វៀតណាម និងមីយ៉ាន់ម៉ា ជាក្រុមខ្លាំងក្នុងពូល ហើយក៏ជាក្រុមធ្លាប់ទទួលបានជើងឯកផងដែរ ខណៈ ឡាវ គឺជាក្រុម មានកម្រិតប្រហាក់ប្រហែលកម្ពុជា៕
 

Tag:
 បាល់ទាត់
  AFF Women’s Championship
© រក្សាសិទ្ធិដោយ thmeythmey.com