ជាតិ
អ្នកជំនាញ ប្រើម្រ័ក្សណ៍ និងសន្លឹកមាសលាបពណ៌ពុទ្ធបដិមា៤អង្គឡើងវិញ នៅរួតបាកាណ​
26, Jun 2022 , 3:19 pm        
រូបភាព
ភ្នំពេញ៖ អ្នកជំនាញ ប្រើម្រ័ក្សណ៍ និងសន្លឹកមាសលាបពណ៌ពុទ្ធបដិមា៤អង្គឡើងវិញ នៅរួតបាកាណ​។ កត្តាអាយុកាល បានធ្វើឱ្យពណ៌មាសនៅលើព្រះកាយរបស់ពុទ្ធបដិមា របក និងប្រេះ លែងមានសោភណ្ឌភាពដូចមុន។ ក្រោយសង្កេតឃើញពីភាពអន់ថយនៃគុណភាពពណ៌ដូចនេះ អ្នកជំនាញបានជួសជុល និងសម្អាត ព្រះពុទ្ធបដិមា និងប្រើបច្ចេកទេសលាបពណ៌ តាមលំនាំបុរាណ និងប្រើសារធាតុផ្សំដូចគ្នា។ 


សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖
 

​រួតបាកាណ គឺជាទីខ្ពស់បំផុតនៃប្រាសាទអង្គរវត្ត។ ទេសចរ ដែលទៅទស្សនាប្រាសាទអង្គរវត្ត​ តែងឡើងទៅរួតបាកាណតាមច្រកជណ្តើរខាងកើត ដើម្បីទស្សនាទេសភាពជុំវិញប្រាសាទ ដែលរុំព័ទ្ធដោយរុក្ខជាតិខ្ពស់ទាប យ៉ាងស្រស់ត្រកាល។ លើសពីនេះ នៅរួតបាកាណក៏មានព្រះពុទ្ធបដិមាចំនួន៤អង្គផងដែរ។ព្រះពុទ្ធបដិមាទាំង៤អង្គ ត្រូវបានកសាងឡើងក្នុងសម័យកណ្តាល ចន្លោះសតវត្សរ៍ទី ១៥ និង ទី១៦។ ដូនតាខ្មែរបានប្រើ ម្រ័ក្សណ៍ ដីលែង និងសន្លឹកមាស ដើម្បីលាបកាយព្រះពុទ្ធបដិមា ឱ្យមានពន្លឺពណ៌មាសភ្លឺផ្លេក។ 
 


លោក សយ សុភារិន អ្នកទទួលបានបន្ទុកក្រុមជួសជុលព្រះពុទ្ធិបដិមានៅរួតបាកាណ

បើតាមវចនានុក្រម សម្តេច ជួន ណាត ម្រ័ក្សណ៍ ជាឈ្មោះជ័រកើតអំពីដើមគ្រើល មានសម្បុរខ្មៅក្លិនហាងឆួល សម្រាប់ប្រើការលាបលន លាបម្រ័ក្សណ៍ ។
 
កត្តាធម្មជាតិ និងអាយុកាល បានធ្វើឱ្យពុទ្ធបដិមាទាំង៤អង្គ បានខូចខាត និងរបកពណ៌។ ​​លោក សយ សុភារិន អ្នកទទួលបានបន្ទុកក្រុមជួសជុលព្រះពុទ្ធិបដិមានៅរួតបាកាណ បានឱ្យដឹងថា ព្រះពុទ្ធបដិមាទាំងអស់មានភាពទ្រុឌទ្រោមដូចៗគ្នា ដោយព្រះពុទ្ធអង្គខាងកើតនៅសល់ក្តាំងម្រ័ក្សណ៌ និងទឹកមាសច្រើនជាងគេ។ ចំណែកព្រះពុទ្ធអង្គផ្សេងទៀត ខូចខាត៥០ភាគរយ ទៅ៧០ភាគរយ ដោយសារវត្ថុធាតុដើមជ្រុះស្ទើរអស់។
 
សកម្មភាពអ្នកជំនាញកំពុងដុសខាត់ព្រះពុទ្ធបដិមា អង្គខាងកើត។ រូបភាពដោយ៖ លោក ឈន សុផាត

ក្នុងបទសម្ភាសជាមួយកញ្ញា ហុង ស្រីណា អ្នកសារព័ត៌មាន នៃសារព័ត៌មានថ្មីៗ២៥ នៅមុខព្រះពុទ្ធបដិមា អង្គខាងកើត កាលពីចុងខែមេសា ឆ្នាំ២០២២ លោក សុភារិន្ទ បានបង្ហាញពីគោលជំហរនៃការអភិរក្ស និងការពារ ក្តាំងម្រ័ក្សណ៌ឱ្យមានស្ថេរភាពឡើងវិញ។ 
 
ដំណាក់កាលដំបូង នៃការលាបពណ៌ថ្មី អ្នកជំនាញត្រូវសម្អាតព្រះពុទ្ធបដិមាជាមុនសិន ព្រោះក្តាំងម្រ័ក្សណ៌ និងទឹកមាស ត្រូវបានគ្របដណ្តប់ដោយស្នឹមខ្មៅ ក្តាំងធូលី និងក្តាំងអំបិល។ បើតាមការរៀបរាប់របស់លោក សុភារិន្ទ ការណ៍នេះបណ្តាលមកពីទឹកប្រចៀវ អាចម៍ប្រចៀវ លាយឡំនឹងទឹកភ្លៀង ដែលហូរកាត់តាមព្រះកាយអង្គ ធ្វើឱ្យក្តាំងម្រ័ក្សណ៌ និងទឹកមាស ខូចខាត។ 
 


ព្រះពុទ្ធបដិមា អង្គខាងកើត ដែលមានការខូចខាត នៅរួតបាកាណ។ រូបភាពដោយ៖ ឈន សុផាត 

ការសម្អាតកាយព្រះពុទ្ធបដិមា អ្នកជំនាញត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសការជ្រើសរើសសារធាតុមកសម្អាត ដើម្បីកុំឱ្យប៉ះពាល់ពណ៌ដើម ដែលនៅល្អ។ «ការសម្អាត យើងទាមទាឱ្យធ្វើតេស្ត តើវត្ថុអ្វី សារធាតុអ្វី ដែលត្រូវយកមកសម្អាតស្នឹមខ្មៅ ក្តាំងធូលី និងជាតិអំបិល ដើម្បីកុំឱ្យវាប៉ះពាល់ទៅបំផ្លាញពណ៌ដើម។ អ៊ីចឹង យើងត្រូវធ្វើតេស្តរកសារធាតុមកដាក់ មកសម្អាត»។ នេះជាការលើកឡើងរបស់លោក សយ សុភារិន្ទ អ្នកទទួលបន្ទុកក្រុមជួសជុលព្រះពុទ្ធិបដិមានៅរួតបាកាណ។
បន្ទាប់មក អ្នកជំនាញត្រូវពង្រឹងក្តាំងម្រ័ក្សណ៌ ជាតិដីលែង ដែលពុកផុយ និងត្រូវរកជ័រស្អិត ដើម្បីបិទក្តាំងម្រះឱ្យជាប់ផ្ទៃថ្មឡើងវិញ។ ចំពោះកន្លែងដែលបាត់បង់ក្តាំងម្រ័ក្សណ៌ អ្នកជំនាញត្រូវជួសជុល ដោយរកវត្ថុធាតុដើមណា ដោយស្រដៀងនឹងវត្ថុធាតុដើម ដែលបុព្វបុរសខ្មែរប្រើប្រាស់កន្លងមក។ 
 


សកម្មភាពអ្នកជំនាញកំពុងដុសខាត់ព្រះពុទ្ធបដិមា អង្គខាងកើត។ រូបភាពដោយ៖ លោក ឈន សុផាត

មុនពេលជំនួសវត្ថុធាតុដើមថ្មី  អ្នកជំនាញត្រូវដុសខាត់ឱ្យផ្ទៃរលោងស្អាត និងជំនួសកំបោរបាយអជាមុនសិន។ ត្រង់ចំណុចនេះ លោក សុភារិន្ទ បានរៀបរាប់ថា យើងយកជ័រម្រ័ក្សណ៌មកលាបលើកំបោរបាយអ ដែលជំនួសថ្មី។ ជ័រម្រ័ក្សណ៌នោះ ជាជ័រធម្មជាតិ ដែលយកជ័រចេញពីដើមម្រ័ក្សណ៌ ដូចសម័យបុរាណ។
 
ក្រោយមក អ្នកជំនាញប្រើពពួកដីលែង ដែលវាជាដីម៉ដ្ឋផង់ដូចម្សៅ មានព័ណ៌ក្រហមក្រមៅ ស្រដៀងគ្រាក់ខ្នុរ សម្រាប់លាយជាថ្នាំលាបជញ្ជាំងផ្ទះជាដើម។ អ្នកជំនាញយកដីលែងទាំងនោះទៅផ្តិតលើ ឬប្រើជក់លាបលើក្តាំងម្រ័ក្សណ៌ ដើម្បីឱ្យវាមានពណ៌។ ចំណែកកន្លែង ដែលមានពណ៌ទឹកមាស នៅសល់ អ្នកជំនាញត្រូវបិទសន្លឹកមាសទាំងនោះទៅវិញ តាមផ្នែកនីមួយៗជាការស្រេច។ 
 
ការជួសជុលនេះ មានកម្មករជំនាញចំនួន ១៣នាក់ និងមន្រ្តីជំនាញចំនួន ៥នាក់។ ក្នុងដំណើរការជួសជុលផងដែរ អ្នកជំនាញត្រូវមានការអត់ធ្មត់ខ្លាំង ដូចជាការសម្អាត បើសិនធ្វើលឿន ហើយប្រហែស មិនយកចិត្តទុកដាក់ នោះនឹងខូចវត្ថុធាតុដើម។ 
 
ចំពោះការលំបាកនៃការជួសជុល លោក សុភារិន្ទ បានបញ្ជាក់ថា មិនមានបញ្ហាអ្វីឡើយ ដោយការងារនេះមិនតម្រូវឱ្យលើកដុំថ្មធំៗទេ។ ប៉ុន្តែ ដោយសារជាការងារនៅទីខ្ពស់ ក្រុមអ្នកជំនាញត្រូវឡើងមករួតបាកាណ ២ដង និងចុះ ២ដង។ 
 


សកម្មភាពអ្នកជំនាញកំពុងដុសខាត់ព្រះពុទ្ធបដិមា អង្គខាងកើត។ រូបភាពដោយ៖ លោក ឈន សុផាត

ការជួសជុល ថែរក្សាប្រាសាទ ដែលជាសម្បត្តិបេតិកភណ្ឌជាតិ ពិតជាមានតម្លៃណាស់សម្រាប់ក្រុមអ្នកជំនាញទាំងអស់។ លោក សយ សុភារិន្ទ ជាចំណែកមួយនៃការងារនេះ បានបង្ហាញពីអារម្មណ៍រីករាយ និងមោទកភាពរបស់លោកដូច្នេះថា៖«មិនមែនត្រឹមតែខ្ញុំទេ ក្រុមការងារក៏មានមោទនភាពដូចខ្ញុំដែរ ដែលមានឱកាសបានមកធ្វើការជួសជុលព្រះពុទ្ធរូប ដែលជាស្នាដៃរបស់បុព្វបុរសខ្មែរយើង។ យើងដឹងស្រាប់ហើយ ពីមួយជំនាន់ ទៅមួយជំនាន់ មានការជួសជុលតរហូត។ យើងមានមោទភាពណាស់ ដែលបានចូលរួមចំណែកការពារបេតិកភណ្ឌរបស់យើង បេតិកភណ្ឌជាតិ»៕​
 


 សកម្មភាពអ្នកជំនាញកំពុងដុសខាត់ព្រះពុទ្ធបដិមា អង្គខាងកើត។ រូបភាពដោយ៖ លោក ឈន សុផាត

Tag:
 ថ្មីៗ
  ក្តាំងម្រ័ក្សណ៍
  ព្រះពុទ្ធបដិមា
  រួតបាកាណ
© រក្សាសិទ្ធិដោយ thmeythmey.com