ជាតិ
សង្គមជាតិ
ខ្យល់កន្ត្រាក់ បំផ្លាញផ្ទះពលរដ្ឋ៦២ខ្នង នៅក្រុងសិរីសោភ័ណ
26, Jun 2022 , 6:29 pm        
រូបភាព
ខ្យល់កន្ត្រាក់បណ្ដាលឱ្យផ្ទះពលរដ្ឋ៦២ខ្នង រងការខូចខាត នៅក្រុងសិរីសោភ័ណ។ រូបភាពពីទំព័រហ្វេសប៊ុក រដ្ឋបាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ខ្យល់កន្ត្រាក់បណ្ដាលឱ្យផ្ទះពលរដ្ឋ៦២ខ្នង រងការខូចខាត នៅក្រុងសិរីសោភ័ណ។ រូបភាពពីទំព័រហ្វេសប៊ុក រដ្ឋបាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ហេតុការណ៍ខ្យល់កន្ត្រាក់ បណ្ដាលឱ្យផ្ទះពលរដ្ឋចំនួន៦២ខ្នងរងការខូចខាត នៅក្នុងសង្កាត់ចំនួន៣ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ បើតាមរដ្ឋបាលក្រុងសិរីសោភ័ណ គ្រោះមហន្តរាយខាងលើនេះ មិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ពលរដ្ឋឡើយ។


គ្រោះខ្យល់កន្ត្រាក់ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ បានបណ្ដាលឱ្យផ្ទះពលរដ្ឋក្នុងសង្កាត់ចំនួនបី ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រងការខូចខាត។ បើតាមទំព័រហ្វេសប៊ុករដ្ឋបាលក្រុងសិរីសោភ័ណ គ្រោះមហន្តរាយខាងលើនេះ បានធ្វើឱ្យរបើកដំបូលផ្ទះពលរដ្ឋចំនួន១៣ខ្នង នៅសង្កាត់កំពង់ស្វាយ, ៤៧ខ្នង នៅសង្កាត់ព្រះពន្លា និង២ខ្នងទៀត នៅសង្កាត់អូរអំបិល។ 
 
បើតាមប្រភពព័ត៌មានដដែល ករណីខាងលើនេះ មិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ គឺខូចខាតតែផ្ទះពលរដ្ឋ និងបាក់រលំដើមឈើមួយចំនួនគ្របមកលើដងផ្លូវប៉ុណ្ណោះ។
 
ក្រោយហេតុការណ៍ខាងលើនេះ កងពលតូចថ្មើរជើងលេខ៥១ កងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន  បានចុះជួយរុះរើ និងជួសជុលផ្ទះពលរដ្ឋរងការខូចខាតដោយខ្យល់កន្ត្រាក់ឡើងវិញផងដែរ។ នេះបើតាមទំព័រហ្វេសប៊ុក កងពលតូចថ្មើរជើងលេខ៥១។ 
 
គួររំឭកផងដែរ យោងតាមការព្យាករណ៍អាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមិថុនា កម្ពុជានឹងទទួលរងឥទ្ធិពលជ្រលងសម្ពាធទាបអូសបន្លាយពីភាគខាងជើង ប្រទេសឡាវ ថៃ និងវៀតណាម រួមជាមួយខ្យល់មូសុងនិរតី មានល្បឿនមធ្យមបង្គួរ។ ដូច្នេះតាមបណ្ដារាជធានី-ខេត្ត អាចមានភ្លៀងធ្លាក់ច្រើនដោយអន្លើ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕
 
 

Tag:
 ThmeyThmey
  ខ្យល់កន្ត្រាក់
  គ្រោះមហន្តរាយ
  បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com