កីឡាជាតិ
ជាតិ
លោកវ៉ាត់ ចំរើន៖ ប្រសិនយើងមានសុខភាពល្អ សង្គមក៏មានសុខភាពល្អ
26, Jun 2022 , 7:59 pm        
រូបភាព
លោក វ៉ាត់ ចំរើន ថ្លែងក្នុងវេទិការជួបជាមួយប្រព័ន្ធផ្សព្វផ្សាយ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ រូបពី Camsoc
លោក វ៉ាត់ ចំរើន ថ្លែងក្នុងវេទិការជួបជាមួយប្រព័ន្ធផ្សព្វផ្សាយ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ រូបពី Camsoc
គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ (Camsoc) បានធ្វើវេទិកាជួបជុំជាមួយប្រព័ន្ធផ្សព្វផ្សាយឆ្ពោះទៅ Sea Games- Asean Para Games 2023 នៅពហុកីឡដ្ឋានជាតិមរតកតេជោនៅថ្ងៃទី២៣ ខែមិថុនា។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ Camsoc  បានប្រាប់ពីគោលដៅសំខាន់ ដើម្បីបញ្ជ្រៀបចំណេះដឹង និងខ្លឹមសារអត្ថន័យអំពីព្រឹត្តិការណ៍ស៊ីហ្គេមនេះ ដល់ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ ក្នុងការផ្សាយបន្ដដល់ប្រជាពលរដ្ឋ។


លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ បានពន្យល់ពីអត្ថន័យ និងអត្ថប្រយោជន៍ក្នុងការប្រារព្ធព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ។ លោកអះអាងថា​ ឥទ្ធិពលនៃព្រឹត្តិការណ៍កីឡាធំៗ ចែកចេញជាពីរមានជំនាញ និងអត្ថន័យរបស់កីឡា។ 
 
ត្រង់ជំនាញនេះ មន្រ្តីខាងលើពន្យល់ថា កីឡាករ និងកីឡាការិនី បានបង្ហាញជំនាញ និងបច្ចេកទេស ដើម្បីការប្រកួតរៀងៗខ្លួន។ លោកបន្តថា គោលដៅសំខាន់របស់កីឡាមួយទៀតនោះ គឺការផ្ដល់ឱកាសឲ្យយុវជនជំនាន់ក្រោយ បានអភិវឌ្ឍសមត្ថភាព និងស្រូបបាននូវប្រព័ន្ធអន្ដរកីឡា និងការទាក់ទងគ្នាតាមរយៈកីឡាជាអន្ដរជាតិ ហើយមានសុខភាពល្អ។
 
«យើងម្នាក់ៗជាកោសិកាសង្គម ប្រសិនយើងមានសុខភាពល្អ សង្គមក៏មានសុខភាពល្អដែរ។» លោកអគ្គលេខាធិការបន្ថែមដូចនេះ មុនបញ្ជាក់ថា កីឡាមិនមែនមានត្រឹមតែការប្រកួតទេ តែមានបង្កប់អត្ថន័យច្រើនទៀត។ ជនជាតិ ដែលពូកែកីឡា គឺជាជនជាតិ មួយដែលមានភាពស្វាហាប់ ក្លាហាន និងសុខភាពល្អ។ 
 
លោក វ៉ាត់ ចំរើន បានលើកឧទាហរណ៍បែបនេះថា៖«កាលយើងនៅទន់ខ្សោយ កម្រិតបច្ចេកទេសទាបពេក ពេលដែលប្រកួតជាមួយជនជាតិជប៉ុន យើងគ្រាន់តែទទួលចំហាយពីគេមក យើងក្ដៅខ្លួនបាត់ មិនទាន់ប្រកួតផង។»
 
ចំពោះមុខអ្នកចូលរួមដែលជាសមាជិកប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោក វ៉ាត់ ចំរើន រៀបរាប់ថា ព្រឹត្តិការណ៍កីឡាធំៗចែកចេញជា៣ផ្សេងគ្នា រួមមានព្រឹត្តិការណ៍កីឡាក្នុងតំបន់, ព្រឹត្តិការណ៍កីឡាតំបន់ទ្វីប និងព្រឹត្តិការណ៍អូឡាំពិកហ្គេម។ ស៊ីហ្គេម ជាព្រឹត្តិការណ៍កីឡានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលធ្វើ២ឆ្នាំម្ដង ឯព្រឹត្តិការណ៍កីឡាអូឡាំពិក ធ្វើ៤ឆ្នាំម្ដង។ ព្រឹត្តិការណ៍ស៊ីហ្គេម មានប្រទេសចូលរួមតែ១១ប្រទេស តែព្រឹត្តិការណ៍កីឡាអូឡាំពិក មាន២០៥ប្រទេសចូលរួម ដែលជាសមាជិកអូឡាំពិក ក្នុងនោះក៏មានកម្ពុជា ផងដែរ។
 
ជុំវិញការធ្វើម្ចាស់ផ្ទះវិញ លោកបកស្រាយថា គណៈកម្មការរៀបចំ តម្រូវឲ្យប្រទេសដែលចង់ធ្វើជាម្ចាស់ផ្ទះ មាន២២ប្រភេទកីឡាឡើងទើបអនុញ្ញាតឲ្យធ្វើជាម្ចាស់ផ្ទះ។ ដោយឡែក អូឡាំពិកហ្គេម តម្រូវឲ្យមាន៣២ប្រភេទកីឡាឡើង ដែលតាមការកំណត់របស់ក្រុមប្រឹក្សា ឬអង្គការកីឡាអន្ដរជាតិ៕
 
 

Tag:
 ស៊ីហ្គេម
  វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com