ជាតិ
ក្រសួងការងារ និងសហគ្រាសចំនួន២២ស្ថាប័ន ផ្ដល់ការងារជូនយុវជនជាង៣ពាន់កន្លែង រូបភាពពី ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ
×
ដោយ៖ វ៉ន ស៊ីចេន
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសហគ្រាសធំៗចំនួន២២ស្ថាប័ន នឹងផ្ដល់ការងារជូនយុវជនជាង៣ពាន់កន្លែងសម្រាប់ធ្វើការ។ ទីភ្នាក់ងារជាតិមុខរបរ ដោយមានការចូលរួមគាំទ្រដោយអង្គការអន្ដរជាតិខាងការងារ (ILO) បានរៀបចំពិធីពិព័រណ៍ អំពីការផ្តល់ការងារ៣ពាន់កន្លែងនេះ រយៈពេលពីរថ្ងៃ គឺថ្ងៃទី២៣ ដល់ថ្ងៃ២៤ មិថុនា។ នេះបើតាមក្រសួងការងារ ចេញផ្សាយថ្ងៃទី២៣ មិថុនា ឆ្នាំ២០២២។
លោក ហៃ ហ៊ុនឡេង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានទីភ្នាក់ងារជាតិមុខរបរ បានលើកឡើងថាពិព័រណ៍ការងារនេះ ត្រូវបានប្រារព្ធឡើងចំពេលវេលា ប្រកបដោយភាព បត់បែន និងស្ថិតក្នុងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងនាមជាអន្តរការី នៃសេវាការងារ សំដៅជួយជំរុញដំណើរការ និងសម្របសម្រួលដល់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុង ទីផ្សារការងារឲ្យទទួលបានអត្ថប្រយោជន៍ជាអតិបរមា ពីការផ្តល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាល។
«គោលបំណងសំខាន់បំផុតនៃពិព័រណ៍ការងារ គឺការបង្កើតជាវេទិកា ប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់នៅមួយកន្លែង ដើម្បីស្វែងយល់ពីតម្រូវការងារ ការជ្រើសរើសកម្លាំងពលកម្ម និងការដាក់ពាក្យស្នើសុំការងារ ជូនដល់យុវជនដើម្បី កាន់តែងាយស្វែងរក ងាយចូលរួមឆ្លើយតបឆាប់រហ័ស»។ នេះជាប្រសាសន៍របស់លោក ហៃ ហ៊ុនឡេង។
មួយវិញទៀត យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារ ត្រូវត្រៀម CV ដើម្បីដាក់ពាក្យស្វែងរកការងារជាមួយបណ្តាក្រុមហ៊ុនធំៗ ដែលចូលរួមក្នុងពិព័រណ៍ការងាររយៈពេល២ថ្ងៃនេះ។ ដោយឡែក យុវជនក៏អាចចូលរួមដោយឥតគិតថ្លៃ នៅក្នុងវេទិកាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី «ការត្រៀមខ្លួនចូលធ្វើការងារ និងសហគ្រិនភាព» ដើម្បីនឹងទទួលបានចំណេះដឹងពីវាគ្មិនល្អៗ ដែលមានបទពិសោធន៍ក្នុងទីផ្សារការងារផងដែរ។
សូមរម្លឹកថា កន្លងមកនេះដោយសារតែការរីករាលដាលជំងឺកូវីដ-១៩ ពិព័រណ៍ការងារ និងផលិតភាពជាតិ ដែលជាមហាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំ ត្រូវបានរៀបចំរយៈពេល២នាំតាមប្រព័ន្ធអនឡាញ។ ដោយឡែកសម្រាប់ចុងឆ្នាំ២០២២ នៅថ្ងៃទី ២៨-២៩ ខែតុលាខាងមុខនេះ ទីភ្នាក់ងារជាតិមុខរបរ និងក្រសួងការងារ គ្រោងរៀបចំពិព័ណ៌ការងារ និងផលិតភាពថ្នាក់ជាតិ តាមរយៈការជួបគ្នាផ្ទាល់ឡើងវិញ នៅឯមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ឲ្យកាន់តែមានវិសាលភាព និងការចូលរួមកាន់តែទូលំទូលាយថែមទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com