ជាតិ
ការចរចាពីប្រាក់ឈ្នួលថ្មីសម្រាប់កម្មករក្នុងវិស័យកាត់ដេរ នឹងចាប់ផ្ដើមខែកក្កដា ឆ្នាំ២០២២
27, Jun 2022 , 9:29 am        
រូបភាព
រូបពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវះ។
រូបពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវះ។
ដោយ៖ វ៉ន ស៊ីចេន
 
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ កំណត់ការចរចារប្រាក់ឈ្នួលអប្បរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងកាបូបសម្រាប់ឆ្នាំ២០២៣ នឹងចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០២២ទៅ។ នេះបើតាមក្រសួងការងារ ចុះផ្សាយថ្ងៃទី២៣ មិថុនា។


ក្រសួងការងារ បានឲ្យដឹងថា ចំពោះការពិភាក្សាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៣ ត្រូវអនុវត្តតាមប្រតិទិន ក្នុងខែកក្កដា ឆ្នាំ២០២២ ជាការចាប់ផ្តើមពិភាក្សា ជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ។ ខែសីហា ឆ្នាំ២០២២ ជាការចាប់ផ្តើមពិភាក្សា ជាលក្ខណៈទ្វេភាគី និងត្រីភាគី ។ ខែកញ្ញា ឆ្នាំ២០២២ បើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីសម្រេច ប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតកាបូប សម្រាប់ឆ្នាំ២០២៣។ ដោយឡែកសម្រាប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទចូលជាធរមានប្រាក់ឈ្នួលអប្បបរមា។ 
 
ទន្ទឹមនឹងនេះ ក្រសួងការងារក៏បានស្នើឱ្យគ្រប់ភាគីទាំងអស់ត្រូវអនុវត្តតាមការណែនាំ និងវិធានការរបស់ក្រសួងសុខាភិបាល នៅគ្រប់កិច្ចប្រជុំរបស់ខ្លួន ដើម្បីបន្តចូលរួមទប់ស្កាត់កុំឲ្យមានការឆ្លង និងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។ 
 
សូមជម្រាបថា នៅក្នុងឆ្នាំ២០២២នេះ ប្រាក់ឈ្នួលរបស់កម្មករ គឺ១៩៤ដុល្លារក្នុងមួយខែ៕
 

Tag:
 ក្រសួងការងារកំណត់ការចរចារប្រាក់ឈ្នួលកម្មករក្នុងវិស័យកាត់ដេរ
© រក្សាសិទ្ធិដោយ thmeythmey.com