កីឡាជាតិ
ជាតិ
AFC Cup៖ ភ្នំពេញក្រោន ប៉ះ Viettel FC ខណៈ វិសាខា ជួប Bali United
27, Jun 2022 , 3:05 pm        
រូបភាព
ភ្នំពេញក្រោន នឹងប្រកួតជាមួយ Viettel FC នៅកីឡដ្ឋាន Thong That ប្រទេសវៀតណាម នៅម៉ោង៥ល្ងាចនេះ ខណៈ វិសាខា ប្រកួតជាមួយ Bali United នៅកីឡដ្ឋាន Kapten I Wayan ប្រទេសឥណ្ឌូណេស៊ី នាម៉ោងា៤ល្ងាច ថ្ងៃទី២៧ ខែមិថុនា នៃពានរង្វាន់ AFC Cup ២០២២។


លោក Bae Ji Won គ្រូបង្គោល Viettel FC បានរំលឹកដល់កូនក្រុមខ្លួន មិនឲ្យមើលស្រាលភ្នំពេញក្រោនឡើយ បើទោះជា ក្រុមកម្ពុជានេះ បានចាញ់ប្រកួតដំបូងជាមួយ Hougang United ក៏ដោយ។ ការប្រកួតនៅថ្ងៃទី២៤ ខែមិថុនា កន្លងទៅ ភ្នំពេញក្រោន បានចាញ់ Hougang United ៤-៣ ក្រោយពេល Veittel FC បានឈ្នះ Young Elephants ៥-១ នៅកីឡដ្ឋាន Thong That។
 
យោងតាមវេបសាយ AFC លោក Bae Ji Won បានមើលការប្រកួតរបស់ភ្នំពេញក្រោន និង Hougang United។ គ្រូបង្វឹករូបនេះ ថា ទម្រង់ប្រកួតរបស់ភ្នំពេញក្រោនមានឥទ្ធិពល ជាមួយតាក់តិចដ៏ល្អ។ គ្រូសញ្ជាតិកូរ៉េរូបនេះ ប្ដេជ្ញានឹងយកជ័យជម្នះលើភ្នំពេញក្រោនឲ្យបាន។ 
 
«ខ្ញុំ ឃើញចំណុចមួយចំនួនរបស់គេ ដែលយើងអាចប្រកួតយកប្រៀបបាន។ យើង ត្រូវតែប្រកួត ដោយផ្ដោតលើការប្រកួតក្នុងទីលាន។ នេះ គឺជាអ្វីដែលយើងជឿជាក់។»។ លោក Bae Ji Won បាននិយាយបែបនេះ។
 
បន្ទាប់ពីបរាជ័យ ប្រកួតដំបូងរបស់ក្រុមភ្នំពេញក្រោន លោក Oleg Starinskyi បានរកឃើញពីកំហុស និងភាពខ្វះខាតក្នុងការប្រកួតជាមួយ Hougang United ដែលត្រូវកែប្រែវិញ។ តែយ៉ាងណាគ្រូបង្វឹកភ្នំពេញក្រោន រូបនេះ ជឿជាក់ថា ក្រុមខ្លួនអាចប្រកួតប្រជែងជាមួយ Viettel បានដោយកម្រិតមិនខុសគ្នាប៉ុន្មានទេ។ «ខ្ញុំ បានមើលការប្រកួតជាមួយ Hougang United ហើយខ្ញុំ ឃើញកំហុសឆ្គងខ្លះៗ ដែលត្រូវផ្លាស់ប្ដូរមុនពេលប្រកួតជា Viettel ដែលជាក្រុមខ្លាំង។»។ នេះបើតាមគ្រូភ្នំពេញក្រោន។
 
ទន្ទឹមគ្នានេះដែរ Privat Mbarga ម្ចាស់ស្បែកជើងមាស២សម័យកាលក្នុងលីគកម្ពុជា បានបម្រើការឲ្យ Bali United ក្រោយចេញពី ព្រះខ័នរាជស្វាយរៀង កាលពីរដូវកាល២០២១។ លោក មាស ចាន់ណា គ្រូបង្វឹកវិសាខា មិនបានសម្ដែងការព្រួយបារម្ភ ក្នុងជំនួបជាមួយ Bali United ទេ បើទោះជាក្រុមនេះ មានកីឡាករដែលមានបទពិសោធន៍ច្រើនក្នុងលីគកម្ពុជាពីមុនក៏ដោយ។ 
 
«ខ្ញុំ ដឹងពីការប្រកួតជាមួយ Bali United ដែលនឹងមានការអ្នកតាមដានជាច្រើន តែនេះ មិនមែនជារឿងថ្មីទេ សម្រាប់ខ្ញុំ និងកីឡាករ ដោយពួកគេមានបទពិសោធន៍ប្រកួត ដែលមានមនុស្សជាច្រើននៅទស្សនា។»។ គ្រូបង្វឹកក្លិបវិសាខា បានប្រាប់បែបនេះ។
 
កាលពីថ្ងៃទី២៤ មិថុនា វិសាខា បានយកឈ្នះក្រុម Kaya FC-Iloilo របស់ហ្វីលីពីន ដោយលទ្ធផល២-១។  
 
បន្ទាប់ពីប្រកួតជាមួយ ក្រុម Bali United របស់ឥណ្ឌូណេស៊ីនេះ វិសាខា នឹងត្រូវមានជំនួបចុងក្រោយជាមួយ Kedah Darul Aman FC ម៉ាឡេស៊ី នៅក្នុងពូល G។  ដោយឡែកក្នុងពូល I ភ្នំពេញក្រោន នឹង Young Elephants មកពីប្រទេសឡាវ នាប្រកួតចុងក្រោយ ថ្ងៃទី ៣០ មិថុនា ៕
 

Tag:
 បាល់ទាត់
  AFC
  AFC Cup
© រក្សាសិទ្ធិដោយ thmeythmey.com