ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវី៖ លោក សុន ឆ័យ នឹងចូលបំភ្លឺ តាមដីការកោះហៅរបស់តុលាការ នាខែក្រោយ
27, Jun 2022 , 4:10 pm        
រូបភាព
លោក សុន ឆ័យ ថ្លែងក្នុងសន្និសីទកាសែត នៅទីស្នាក់ការកណ្តាលអតីតគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧។ រូបពី AFP
លោក សុន ឆ័យ ថ្លែងក្នុងសន្និសីទកាសែត នៅទីស្នាក់ការកណ្តាលអតីតគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧។ រូបពី AFP
ភ្នំពេញ៖ មេធាវី របស់ លោក សុន ឆ័យ អនុប្រធានគណៈបក្សភ្លើងទៀន អះអាងថា លោកនិងកូនក្ដី នឹងចូលបំភ្លឺរឿងក្ដី តាមដីកាកោះហៅរបស់តុលាការ  នៅថ្ងៃទី១២កក្កដា ។ មេធាវី សង្កត់ធ្ងន់ថា លោក សុន​ ឆ័យ ឥតមានបំណងគេចវេះឡើយ។

 
តុលាការបានកោះហៅលោក សុន ឆ័យ ចំនួនពីរលើក នៅថ្ងៃទី៣០ មិថុនា និងថ្ងៃទី១២ កក្កដា។ ប៉ុន្តែដីកាលើកទី១នោះ លោក សុន ឆ័យ មិនបានចូលបំភ្លឺឡើយ ដោយសារនៅក្រៅប្រទេស និងជាប់ធុរៈផ្ទាល់ខ្លួន។ នេះបើតាមលោកមេធាវី ជូង ជូងី ដែលបាននិយាយថា លោក សុន ឆ័យ នឹងមកដល់កម្ពុជាវិញ នៅដើមខែកក្កដា ដើម្បីចូលបំភ្លឺតាមដីកាកោះហៅរបស់តុលាការលើកទី២។ 
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី២៧មិថុនា លោក ជូង ជូងី  ដែលទើបទទួលបានដីកាកោះហៅ ពីតុលាការលើកទី២នេះ បាននិយាយថា 
៖ «ដោយហេតុថា លោក សុន ឆ័យ ទាល់តែថ្ងៃទី៣ កក្កដា ទើបគាត់ត្រឡប់មកដល់ស្រុកខ្មែរវិញ។ អ៊ឹចឹង គាត់ឲ្យខ្ញុំសុំពន្យារពេល(ដីកា)ថ្ងៃ៣០ មិថុនា ។ ប៉ុន្តែថ្ងៃទី១២កក្កដា គាត់គ្រោងចូលជាធម្មតា»។ 
 
ទន្ទឹមនឹងនេះ លោក ជូង ជូងី បានអះអាងថា កូនក្ដីខ្លួនពុំមានចេតនា គេចវេះពីការកោះហៅឡើយ។
 
លោក សុន ឆ័យ ត្រូវបានគណបក្សប្រជាជនកម្ពុជា(CPP)ប្ដឹង កាលពីថ្ងៃទី១៤ មិថុនា ជុំវិញការនិយាយពីដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ ។ ដោយឡែកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)​ ក៏ប្ដឹងលោក សុន ឆ័យ ដែរ កាលពីថ្ងៃទី១៧ មិថុនា ពាក់ព័ន្ធនឹងការលើកឡើងរបស់លោកថា មានការបន្លំសន្លឹកឆ្នោត។ CPP ប្ដឹងទាមទារឲ្យលោក សុន ឆ័យ សងជំងឺចិត្ត៤លានរៀល ហើយ គ.ជ.ប ប្ដឹងឲ្យលោក សុំទោសជាសាធារណៈ៕
 
 

Tag:
 នយោបាយ
  សុន ឆ័យ
© រក្សាសិទ្ធិដោយ thmeythmey.com