កីឡាអន្តរជាតិ
អន្តរជាតិ
Di Maria បារម្ភគ្មានឈ្មោះសម្រាប់អាហ្សង់ទីនទៅ World Cup ខណៈមិនទាន់រកឃើញក្លិបថ្មី
28, Jun 2022 , 8:29 am        
រូបភាព
ខ្សែបម្រើ Angel Di Maria ថ្ងៃទី២៦ ខែមិថុនា បាននិយាយថា រូបគេព្រួយបារម្ភថា អាចគ្មានឈ្មោះលេងឱ្យក្រុមជម្រើសជាតិអាហ្សង់ទីនសម្រាប់ការប្រកួត World Cup 2022 នៅកាតា ស្របពេលមិនទាន់អាចរកក្លិបថ្មីបាន។


កីឡាករវ័យ៣៤ឆ្នាំ នៅមិនទាន់អាចរកក្លិបថ្មីបាននៅឡើយ ក្រោយចាកចេញពី Paris Saint Germain បន្ទាប់ពីផុតកិច្ចសន្យា។ Di Maria បច្ចុប្បន្នជាកីឡាករគ្មានតម្លៃខ្លួន ក្រោយរួមរស់ជាមួយក្លិបយក្សរបស់បារាំង នាទីក្រុងប៉ារីស រយៈពេល៧រដូវកាលរួចមក។ ក្នុងពេលថ្មីៗនេះ Di Maria ត្រូវបានកាសែតកីឡាជាច្រើនបានរាយការណ៍ថារូបគេត្រូវបានក្លិបសេះបង្កង់ Juventus ចាប់អារម្មណ៍ ហើយក៏ខិតជិតចុះកិច្ចសន្យារយៈពេល ១ឆ្នាំជាមួយក្លិបថែមទៀត។ 
 
កាលពីសប្តាហ៍មុនក្ លិប Atlético Rosario Central ដែលបានតែងតាំងអតីតកីឡាករជម្រើសជាតិអាហ្សង់ទីនលោក Carlos Tevez ជាអ្នកចាត់ការទូទៅ ក៏បង្ហាញចំណាប់អារម្មណ៍នាំយក Di Maria ទៅកាន់ក្លិបនៅប្រទេសកំណើតវិញ។ 
 
ទោះបីជាទទួលបានងារជាកីឡាករដ៏សំខាន់មួយរូបសម្រាប់អាហ្សង់ទីនក្តី ប៉ុន្តែក្រោយមិនទាន់អាចរកក្លិបថ្មីបាន ខ្សែបម្រើវ័យ៣៤ឆ្នាំរូបនេះ បារម្ភពីការគ្មានឈ្មោះសម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីនទាំង២៦រូប។
 
«មានតែកីឡាករម្នាក់គត់ដែលធានាថាបានចូលរួមមុននរណាទាំងអស់គឺ Lionel Messi។ រយៈពេល៤ខែរាប់ចាប់ពីពេលនេះទៅ អ្នកមិនអាចដឹងឡើយថាខ្ញុំនឹងមានឈ្មោះឬយ៉ាងណា ខ្ញុំបានផ្លាស់ប្តូរក្លិបរួចហើយពេលនេះ ខ្ញុំក៏ត្រូវស្វែងរកក្លិបថ្មីដើម្បីលេងនិងបង្កើតអារម្មណ៍ឱ្យល្អឡើងវិញ ប៉ុន្តែវាអាចមានការប្រែប្រួលបន្តទៀត។»។ ​​Di Maria និយាយប្រាប់កាសែត TNT Sports បែបនេះ។
 
Di Maria គឺជាកីឡាករសញ្ជាតិអាហ្សង់ទីនទី៤ ដែលបានបង្ហាញខ្លួនបាន ១២២ប្រកួតឱ្យក្រុមជម្រើសជាតិ បន្ទាប់ពីកីឡាករ Javier Zanetti ១៤៥ប្រកួត, Javier Mascherano ១៤៧ប្រកួត និង Lionel Messi ១៦២ប្រកួត។ នារដូវកាលចុងក្រោយជាមួយ PSG ខ្សែបម្រើរូបនេះបានបង្ហាញខ្លួន ចំនួន៣១ប្រកួត និងរកបាន១៣គ្រាប់៕
 
 

Tag:
 Angel Di Maria
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com