រថយន្ត
អន្តរជាតិ
ក្រុមហ៊ុនហូឡង់ Lightyear សាកល្បងជោគជ័យលើដំណើរការរថយន្តប្រើថាមពលព្រះអាទិត្យ
× ក្រុមហ៊ុន Startup ហូឡង់ Lightyear បានទទួលជោគជ័យលើការអភិវឌ្ឍន៍រថយន្តអគ្គិសនីដំបូងដែលដើរដោយថាមពលព្រះអាទិត្យ ដោយបន្ទះស្រូបពន្លឺព្រះអាទិត្យទំហំ៥ម៉ែត្រការ៉េ ត្រូវបានដាក់លើដំបូល និងគម្របរថយន្ត។ នេះបើតាមការផ្សាយរបស់ Euronews។
រថយន្តដែលដើរដោយពន្លឺព្រះអាទិត្យនេះ អាចធ្វើដំណើរបាន៧០គីឡូម៉ែត្រ ប៉ុន្តែត្រូវមានការកែលំអច្រើនផ្នែកទៀត ព្រោះនេះទើបតែជាជំហានដំបូងប៉ុណ្ណោះ។ លោក Lex Hoefsloot អគ្គនាយកក្រុមហ៊ុន Lightyear បានអះអាងយ៉ាងដូច្នេះ។
លោកបានបញ្ជាក់ថា៖ «រថយន្តដែលមានតម្លៃប្រមាណ២៥ម៉ឺនអឺរ៉ូ ពិតជាអាចទៅរួច ដោយវាបង្ហាញពីការប្រឹងប្រែងផ្នែកបច្ចេកវិទ្យា ហើយគោលដៅរបស់យើង គឺក្នុងរយៈពេល៣ឆ្នាំ រថយន្តប្រើថាមពលព្រះអាទិត្យនេះ អាចមានដាក់លើទីផ្សារត្រឹមតម្លៃ៣ម៉ឺនអឺរ៉ូ»។
Lightyear បានសាកល្បងរថយន្តប្រើថាមពលព្រះអាទិត្យរបស់ខ្លួននៅភាគខាងជើងប្រទេសអេស្ប៉ាញ ដែលជាទីទាំងមានពន្លឺព្រះអាទិត្យពេញលេញ។ «ចុះក្នុងករណីមានពពក ឬព្យុះភ្លៀង? »។ អ្នកជំនាញពន្យល់ថា រថយន្តប្រើថាមពលពន្លឺព្រះអាទិត្យ មានគុណសម្បត្តិដ៏ពិសេសមួយ គឺដោយសារវាមានថ្មក្នុងរថយន្ត ដោយពន្លឺអាទិត្យក៏ប្រើប្រាស់ដើម្បីសាកថ្ម ហើយក្នុងករណីថាមពលពន្លឺមិនគ្រប់គ្រាន់ វាអាចដើរដោយចរន្តអគ្គិសនីវិញ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Lightyear មិនទាន់អាចកំណត់ការបង្ហាញផលិតផលនៅលើទីផ្សារនោះឡើយ ហើយចាប់ពីឆ្នាំ២០៣៥ រាល់ការលក់រថយន្តកំដៅទាំងអស់នឹងត្រូវហាមឃាត់នៅក្នុងសហគមន៍អឺរ៉ុប ប្រសិនបើក្រុមហ៊ុនយានយន្តមិនមានភស្ថុតាងវិជ្ជមានទាក់ទាញនឹងរបកគំហើញរបស់ខ្លួនទេនោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com