អន្តរជាតិ
ប្រទះឃើញសពជនអន្តោប្រវេសន៍ជិត៥០នាក់ក្នុងកុងតឺន័រដែលប្លុងចោលមួយនៅតិចសាស់
28, Jun 2022 , 10:28 am        
រូបភាព
អាជ្ញាធរមូលដ្ឋានចុះដល់ទីតាំងកុងតឺន័រដែលប្លុងចោលនៅ San Antonio រដ្ឋ Texas។ រូបថត Matteo Cina
អាជ្ញាធរមូលដ្ឋានចុះដល់ទីតាំងកុងតឺន័រដែលប្លុងចោលនៅ San Antonio រដ្ឋ Texas។ រូបថត Matteo Cina
ដោយ: ថ្មីៗ
មនុស្សយ៉ាងហោចណាស់៤៦នាក់ ត្រូវបានប្រទះឃើញស្លាប់នៅក្នុងកុងតឺន័រ ដែលប្លុងចោលមួយនៅជាយក្រុង San Antonio សហរដ្ឋអាម៉េរិក។ នេះបើតាមការអះអាងរបស់មន្ត្រីមូលដ្ឋានកាលពីថ្ងៃចន្ទ ដោយអ្នកទាំងនោះ គឺជាជនអន្តោប្រវេសន៍។

 
យោងតាម BBC ក្រៅពីមនុស្សចំនួន៤៦នាក់ មនុស្សចំនួន១៦នាក់ទៀត ក្នុងនោះក្មេង៤នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ មន្ត្រីផ្នែកសង្គ្រោះបន្ទាន់មួយរូបបានអះអាងថា អ្នកដែលនៅរស់រៀនមានជីវិត សុទ្ធតែមានកំដៅខ្លាំង អស់កម្លាំងល្ហិតល្ហៃ និងប្រឈមដាច់សរសៃឈាមខួរក្បាល។
 
ក្រុង San Antonio មានចម្ងាយប្រមាណ២៥០គីឡូម៉ែត្រពីព្រំដែនសហរដ្ឋអាម៉េរិក-ម៉ិកស៊ិក ដែលជាទីតាំងដ៏ធំនៃការជួញដូរមនុស្ស។ លោក Charles Hood ប្រធានផ្នែកគ្រប់គ្រងអគ្គិភ័យប្រចាំក្រុង បានបញ្ជាក់ថា មន្ត្រីជំនាញបានទៅដល់កន្លែងកើតហេតុ ក្រោយទទួលបានរបាយការណ៍ពីការស្លាប់មនុស្សម្នាក់ ប៉ុន្តែពេលចូលទៅក្នុងតុងតឺន័រ ក៏ប្រទះឃើញសាកសពជាបន្តបន្ទាប់។
 
លោកបានអះអាងថា ក្នុងកុងតឺន័រនោះ ម៉ាស៊ីនត្រជាក់មិនដំណើរការហើយ ហើយក៏គ្មានទឹកថែមទៀត។ រថយន្តត្រូវបានប្លុងចោលនៅជាប់ផ្លូវដែកមួយកន្លែងនាភាគនិរតីនៃក្រុង San Antonio តែម្តង។
 
លោក William McManus មេប៉ូលិសប្រចាំក្រុង San Antonio បានអះអាងពីប្រតិបត្តិការនៃការស៊ើបអង្កេត ដែលធ្លាក់ដល់ដៃភ្នាក់ងារសហព័ន្ធ។ បច្ចុប្បន្ន មនុស្ស៣នាក់ហើយ ដែលត្រូវបានហៅទៅសាកសួរ។
 
រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក លោក Marcelo Ebrard បានបញ្ជូនកុងស៊ុលរបស់ខ្លួន ទៅកាន់កន្លែងកើតហេតុដើម្បីតាមដាន និងស្វែងរកអត្តសញ្ញាណជនរងគ្រោះ ខណៈអភិបាលរដ្ឋតិចសាស់ពីគណបក្សសាធារណរដ្ឋ លោក Greg Abbott បន្ទោសលោកប្រធានាធិបតី ចូ បៃឌិន ពីគោលនយោបាយបើកចំហព្រំដែន ដែលនាំឲ្យមានការជួញដូរមនុស្សយ៉ាងអនាធិបតេយ្យ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com