អន្តរជាតិ
ក្រុមប្រទេសអ្នកមានទាំង៧ ប្តេជ្ញាឈរជាមួយអ៊ុយក្រែនរហូត
28, Jun 2022 , 11:59 am        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន ថ្លែងតាមប្រព័ន្ធវីដេអូទៅកាន់មេដឹកនាំប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) ។ រូបថត AFP
ប្រធានាធិបតីអ៊ុយក្រែន ថ្លែងតាមប្រព័ន្ធវីដេអូទៅកាន់មេដឹកនាំប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) ។ រូបថត AFP
មេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ៧​ (G7) នៅថ្ងៃទី២៧ ខែមិថុនា បានប្តេជ្ញាជួយអ៊ុយក្រែនមិនថា ផ្នែកហិរញ្ញវត្ថុ យោធា មនុស្សធម៌ និងការគាំទ្រផ្នែកការទូតឡើយ ហើយនឹងឈរជាមួយអ៊ុយក្រែន ទោះសង្រ្គាមប្រើពេលយូរយ៉ាងណាក្ដី។ ក្រុមប្រទេសអ្នកមានទាំង ៧ ក៏បានរិះគន់រុស្ស៊ីជាថ្មីជុំវិញការឈ្លានពានលើអ៊ុយក្រែន និងចាត់ទុកសកម្មភាពរុស្ស៊ីជាការបំពានច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ។

 
កិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ នៅតែបន្តដំណើរការរបស់ខ្លួន នាតំបន់ភ្នំ Alp ដែលស្ថិតនៅភាគខាងត្បូងអាល្លឺម៉ង់។ ក្នុងជំនួបថ្ងៃទី២នេះ បញ្ហាអ៊ុយក្រែន គឺជារបៀបវារៈដ៏សំខាន់ ដោយលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏បានចូលរួមដែរ តាមប្រព័ន្ធវីដេអូ។ ដោយសង្រ្គាមនៅតែបន្ត ហើយរុស្ស៊ីថែមទាំងបាញ់មីស៊ីលដាក់ក្រុងកៀវជាថ្មី  ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ បានប្តេជ្ញាបន្តជួយអ៊ុយក្រែន មិនថាប្រើពេលយូរយ៉ាងណា។ 
 
«យើងនឹងបន្តផ្តល់ការគាំទ្រផ្នែកការទូត យោធា មនុស្សធម៌ និងហិរញ្ញវត្ថុ និងឈរជាមួយអ៊ុយក្រែន មិនថាប្រើពេលយូរប៉ុណ្ណាក៏ដោយ»។ ក្រុមប្រទេស G7 បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី២៧ ខែមិថុនា ដោយបន្តរិះគន់រុស្ស៊ី ដែលបន្តឈ្លានពានអ៊ុយក្រែន ជាពិសេសប្រតិបត្តិការនៅក្នុងតំបន់ដុនបាស។ មិនតែប៉ុណ្ណោះ មេដឹកនាំក្រុមប្រទេសទាំង ៧ បានចាត់ទុកសកម្មភាពប្រតិបត្តិការយោធារុស្ស៊ី ជាការបំពានច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ 
 
ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើន បានទទូចជាថ្មីឱ្យក្រុងមូស្គូបញ្ឈប់សង្រ្គាម ដែលបានធ្វើឱ្យប្រជាជនស៊ីវិលស្លាប់ ខណៈមនុស្សជាច្រើនលាននាក់ ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ខ្លួន។ ក្រុមប្រទេសទាំង៧ បានប្តេជ្ញាបន្តដាក់សម្ពាធលើរុស្ស៊ី រួមទាំងរឹតត្បិតប្រព័ន្ធហិរញ្ញវត្ថុ និងចំណូលពីប្រភពប្រេងផង។ 
 
មុនចេញសេចក្តីថ្លែងការណ៍រួមនេះ ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងតាមប្រព័ន្ធវីដេអូប្រាប់មេដឹកនាំក្រុមប្រទេសអ្នកទាំង៧ ឱ្យជួយខ្លួនក្នុងការបញ្ចប់សង្រ្គាមមុនរដូវរងាចូលមកដល់ និងពង្រឹងកម្លាំងយោធាអ៊ុយក្រែនឱ្យខ្លាំងជាងមុន។ មិនតែប៉ុណ្ណោះ លោក ហ្សេលេនស្គី ក៏បានឱ្យក្រុមប្រទេស​ G7 ដាក់សម្ពាធលើរុស្ស៊ី តាមរយៈទណ្ឌកម្មបន្ថែមផង។ 
 
ជាការឆ្លើយតប អធិការបតីអាល្លឺម៉ង់ និងជាប្រធានផ្លាស់វេននៃកិច្ចប្រជុំ លោក អូឡាហ្វ ស្ហូល បានបញ្ជាក់ថា ក្រុមប្រទេសG7 នឹងបន្តដាក់ចេញចំណាត់ការបន្ថែមទៀត ដើម្បីដាក់សម្ពាធលើលោក វ្ល៉ាឌីមៀ ពូទីន ហើយសង្រ្គាមមួយនេះ ត្រូវតែបញ្ចប់។ 
 
សូមបញ្ជាក់ថា ក្នុងអំឡុងកិច្ចប្រជុំនៅអាល្លឺម៉ង់ ក្រុងមូស្គូ បានបាញ់មីស៊ីលដាក់ក្រុងកៀវជាថ្មី។ មិនតែប៉ុណ្ណោះ រុស្ស៊ីបានបង្កើនការវាយប្រហារនៅតំបន់ផ្សេងទៀតផងដែរ ដែលស្ថិតនៅភាគខាងកើតអ៊ុយក្រែន៕ 
 

Tag:
 អ៊ុយក្រែន
  G7
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com