អន្តរជាតិ
ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក៖ លោក បៃឌិន នឹងជួបលោក ស៊ី ពីរឬបីសប្ដាហ៍ទៀត
28, Jun 2022 , 3:10 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន ជួបជាមួយសមភាគីចិន លោក ស៊ី ជិនភីង តាមប្រព័ន្ធវីដេអូ នៅខែមីនា ឆ្នាំ២០២២។ រូបភាព៖ Xinhua
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន ជួបជាមួយសមភាគីចិន លោក ស៊ី ជិនភីង តាមប្រព័ន្ធវីដេអូ នៅខែមីនា ឆ្នាំ២០២២។ រូបភាព៖ Xinhua
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន និងសមភាគីចិន លោក ស៊ី ជិនភីង អាចនឹងជួបគ្នាក្នុងរយៈពេល ២ ឬ៣សប្តាហ៍ខាងមុខ។ លោក ជែក ស៊ូលីវែន ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក បានលើកឡើងបែបនេះ នៅថ្ងៃទី២៧ ខែមិថុនា។

 
ក្នុងសន្និសីទសារព័ត៌មានមួយពីអាល្លឺម៉ង់នៅថ្ងៃទី២៧ ខែមិថុនា លោក ជែក ស៊ូលីវែន ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក បានអះអាងថា មេដឹកនាំ ចិន និងអាម៉េរិក អាចនឹងមានជំនួបក្នុងពេលឆាប់ៗ ប៉ុន្តែមិនមែនភ្លាមៗ ក្រោយកិច្ចប្រជុំក្រុមប្រទេស G7 ឡើយ។ កិច្ចប្រជុំ G7 កំពុងរៀបចំនៅអាល្លឺម៉ង់។
 
មន្រ្តីអាម៉េរិករូបនេះ ក៏មិនបានបញ្ជាក់ពីពេលវេលាច្បាស់លាស់នៃជំនួបប្រធានាធិបតី មហាអំណាចទាំងពីរឡើយ។ 
 
ស្របពេលកិច្ចប្រជុំកំពុងប្រព្រឹត្តឡើងនៅអាល្លឺម៉ង់ លោក ស៊ូលីវែន ក៏បានសាទរពីការរួមគ្នារបស់ក្រុមប្រទេសអ្នកមានទាំង៧ ទាក់ទិននឹងបញ្ហាប្រឈមបង្កដោយចិន ដែលអាម៉េរិកបានចោទ មិនអនុវត្តគោលនយោបាយសេដ្ឋកិច្ចដោយសេរី ហើយបំពានសិទ្ធិមនុស្សផងដែរ។
 
បើទោះទីប្រឹក្សាសន្តិសុខជាតិអាម៉េរិករូបនេះ មិនបានបញ្ជាក់ពីរបៀបវារៈនៃជំនួបរវាងលោកស៊ី ជិនភីង ប្រធានាធិបតីចិន ជាមួយសមភាគីអាម៉េរិក លោកចូ បៃឌិន ក៏ដោយ បញ្ហាតៃវ៉ាន់ ការតម្លើងពន្ធលើទំនិញទៅវិញទៅមក ការគោរពសិទ្ធិមនុស្ស ពាណិជ្ជកម្ម រួមទាំងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន សុទ្ធតែជាប្រធានបទ ដែលអាចលើកយកមកជជែក។ 
 
ក្នុងជំនួបតាមប្រព័ន្ធវីដេអូនៅខែមីនាកន្លងទៅ បញ្ហាតៃវ៉ាន់ សិទ្ធិមនុស្ស និងពាណិជ្ជកម្ម ត្រូវបានប្រមុខរដ្ឋនៃប្រទេសទាំងពីរបានយកមកពិភាក្សា។ 
 
មួយរយៈចុងក្រោយ ក្រុងប៉េកាំង បានព្រមានក្រុងតៃប៉ិជាថ្មី ជុំវិញការប្រើប្រាស់កម្លាំងយោធា ប្រសិនបើហ៊ានប្រកាសឯករាជ្យ។ ចំណែកប្រធានាធិបតីអាម៉េរិកវិញ បានធ្លោយមាត់បញ្ជូនទ័ពជួយតៃវ៉ាន់ បើសិនចិនហ៊ានវាយប្រហារ។ ប៉ុន្តែក្រោយមក មន្រ្តីអាម៉េរិក បានបកស្រាយវិញថា ក្រុងវ៉ាស៊ីនតោន មិនបានផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់ខ្លួនចំពោះក្រុងតៃប៉ិឡើយ។ 
 
ស្របគ្នានេះ ក្នុងកិច្ចប្រជុំនៅថ្ងៃទី២៦ ខែមិថុនា ក្រុមប្រទេសអ្នកមានទាំង៧ បានសន្យាកៀរគរលុយ៦០០ពាន់លានដុល្លារក្នុងរយៈពេល ៥ឆ្នាំ ដើម្បីជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ គម្រោងមួយនេះ ត្រូវបានដាក់ឈ្មោះជាថ្មីថា «ភាពជាដៃគូហេដ្ឋារចនាសម្ព័ន្ធ និងវិនិយោគសកល» និងមានបំណងទប់នឹងគម្រោងផ្លូវ និងខ្សែរក្រវាត់របស់ចិន៕
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com