កីឡាអន្តរជាតិ
អន្តរជាតិ
PSG ខិតជិតតែងតាំងលោក Galtier ជាអ្នកចាត់ការថ្មី
28, Jun 2022 , 4:08 pm        
រូបភាព
ក្លិប Paris Saint Germain ខិតជិតក្នុងការតែងតាំងលោក Christophe Galtier ជាគ្រូបង្វឹក ក្រោយលោកចាកចេញពីក្រុម OGC Nice ។ ក្លិប OGC Nice ក៏នឹងតែងតាំងលោក Lucien Favre អតីតអ្នកចាត់ការ Borussia Dortmund មកដឹកនាំក្រុមជាលើកទីពីរដែរ។

 
លោក Galtier ក្លាយជាគោលដៅទីមួយសម្រាប់គ្រប់គ្រងការងារនៅ PSG ក្រោយពេលដឹកនាំក្រុម OGC Nice បញ្ចប់ចំណាត់ថ្នាក់លេខ៥ នៅ Ligue 1 និងជួយ Nice ឡើងដល់ការប្រកួត Coupe de France វគ្គផ្តាច់ព្រ័ត្ររដូវកាលមុន។ Galtier ក៏ធ្លាក់បំបាក់ PSG កាលពីរដូវកាល ២០២០-២១ ដោយកាលនោះលោកបានដឹកនាំក្រុម LOSC Lille ឈ្នះពាន Ligue 1។
 
និយាយប្រាប់កាសែត Le Parisien កាលពីសប្តាហ៍មុនប្រធានក្លិប PSG លោក Nassar Al-Khelaifi បានប្រកាសថា ក្លិបបានដាក់ការចាប់អារម្មណ៍លើលោក Galtier ហើយកំពុងតែពិភាក្សាជាមួយក្រុម Nice ផងដែរ។
 
ចំណែកក្លិប Nice ក៏បានប្រកាសពីការចែកផ្លូវជាមួយលោក Galtier រួចហើយដែរ ហើយបានបង្ហើបអំពីគ្រូបង្វឹកថ្មីគឺលោក Lucien Favre ដែលធ្លាប់ដឹកនាំ Nice ចាប់ពីឆ្នាំ ២០១៦​ដល់ឆ្នាំ ២០១៨។
 
«លោក Christophe Galtier ពេលនេះលែងក្លាយជាអ្នកគ្រប់គ្រងក្រុម OGC Nice ទៀតហើយ។ ហើយក្លិបក៏នឹងប្រកាសពីការមកដឹកនាំក្រុមជាថ្មីម្តងទៀតពីសំណាក់លោក Lucien Favre យើងពិតជាមានមោទនភាពខ្លាំងណាស់អំពីសេចក្តីប្រកាសមួយនេះ។» នេះបើតាមក្លិប Nice ថ្ងៃទី២៧ ខែមិថុនា។
 
លោក Galtier វ័យ៥៥ឆ្នាំ​ ធ្លាប់ដឹកនាំក្រុម Saint-Etienne រដូវកាល២០១២-១៣ ហើយឈ្នះពានរង្វាន់ Coupe de La Ligue។ លោកក៏បានឈ្នះពានរង្វាន់ជាអ្នកចាត់ការល្អប្រចាំឆ្នាំ ៣លើក ដោយក្នុងឆ្នាំ ២០១២-១៣ , ២០១៨-១៩ និង ២០២០-២១៕
 

Tag:
 Paris Saint Germain
  Christophe Galtier
© រក្សាសិទ្ធិដោយ thmeythmey.com