កីឡាជាតិ
ជាតិ
ប្រដាល់គុនខ្មែរ៖ឡុង សុភី អាចនឹងបញ្ចប់អាជីព ក្រោយអន់ចិត្តអាជ្ញាកណ្តាលបណ្តេញចេញពីការប្រកួត
28, Jun 2022 , 4:41 pm        
រូបភាព
កីឡាករ ឡុង សុភី បង្ហាញអារម្មណ៍មិនអស់ចិត្តក្រោយបញ្ចប់ការប្រកួតនៅសង្វៀន ភី អិន អិន(ប្រភព ឡុង សុភី)
កីឡាករ ឡុង សុភី បង្ហាញអារម្មណ៍មិនអស់ចិត្តក្រោយបញ្ចប់ការប្រកួតនៅសង្វៀន ភី អិន អិន(ប្រភព ឡុង សុភី)
ដោយ៖ហៀក ឆក

កីឡាករប្រដាល់គុនខ្មែរ នី សុភី ហៅ ឡុង សុភី អាចនឹងបញ្ចប់អាជីពក្រោយអន់ចិត្ត ចំពោះអាជ្ញាកណ្តាលបណ្តេញរូបគេចេញពីសង្វៀនប្រកួត «Ganzberg One Strike» ត្រឹមទឹកទី៤ កាលពីថ្ងៃទី២៦ មិថុនា។ ឡុង សុភី បង្ហោះអារម្មណ៍អន់ចិត្តលើហ្វេសប៊ុកខ្លួន កាលពីថ្ងៃទី២៧ មិថុនា។

 
អ្នកប្រដាល់ចាស់វស្សា ឡុង សុភី ត្រូវបានអាជ្ញាកណ្តាលលោក អ៊ិន ខេមរិន្ទ ព្រមាន៣លើក និងសម្រេចបញ្ឈប់ការប្រកួតនៅលើសង្វៀន ភី អិន អិន ក្រោមហេតុផលរូបគេ មិនវាយគូប្រកួតឆ្លងដែនមកពីប្រទេសថៃ ភិតឈិតឆ័យ ឲ្យអស់ពីសមត្ថភាព។

ក្រោយអាជ្ញាកណ្ដាលកាត់សេចក្តីនេះ ឡុង សុភី បានប្រាប់មកកាន់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ខ្លួនខំវាយអស់៤ទឹកហើយ តែបែរជាគេនិយាយថា វាយមិនអស់ពីសមត្ថភាព និងឲ្យប្រាក់តម្លៃខ្លួន តែ៥០ ភាគរយ។ 
 
កីឡាកររហស្សនាម «កណ្តូបចឹកស្រូវ»រូបនេះ បានរៀបរាប់ដូច្នេះ ៖«កន្លែងណា ដែលថាខ្ញុំមិនវាយឲ្យអស់ពីសមត្ថភាព លុះត្រាតែខ្ញុំហ្នឹង ប្រសិនថាខ្ញុំដាក់ឈ្មោះឡើងវាយ តែខ្ញុំទៅដល់(សង្វៀន)ខ្ញុំថយ។ ខ្ញុំទប់ឲ្យទឹក។ អាហ្នឹងខ្ញុំទទួលស្គាល់ថា លទ្ធផលហ្នឹងដេញចោលចុះ»។ 
 
ជុំវិញបញ្ហាតម្លៃខ្លួននេះ ឡុង សុភី បានបញ្ជាក់ថា ភាគីគណៈកម្មការប្រកួត និងស្ថានីយទូរទស្សន៍ ភី អិន អិន បានដោះស្រាយផ្ដល់ទឹកប្រាក់តម្លៃខ្លួន តាមការកំណត់មុនពេលឡើងប្រកួតហើយ តែរូបគេពុំទាន់ទទួលបាននៅឡើយទេ។ 
 
ជុំវិញបញ្ហានេះ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក តែម ម៉ឺន ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា សហព័ន្ធបានប្រជុំ និងដោះស្រាយបញ្ហាតម្លៃខ្លួន ឡុង សុភី ហើយ ដោយខាងស្ថានីយ៍ទូទស្សន៍ ភី អិន អិន បានផ្ដល់ឲ្យកីឡាករចាស់វស្សារូបនេះ តាមតម្លៃពេញ។ ដោយសារការសម្រេចចិត្តរបស់អាជ្ញាកណ្ដាលនោះ ត្រូវបានលោក តែម ម៉ឺន អះអាងថា អាជ្ញាកណ្តាលគ្រាន់តែចង់ជំរុញឲ្យ ឡុង សុភី និងកីឡាករថៃ វាយគ្នាឲ្យជក់ចិត្តប៉ុណ្ណោះ ។ 
 
«វាមិនមានការភាន់ច្រលំអ្វីទេ គ្រាន់តែថាមួយៗ ចង់បានកម្រិតខ្ពស់ពេក វាមិនអាចទទួលបាន កីឡាករយើងក៏ចាស់ហើយ ដែលយើងទទួលបានប៉ុណ្ណឹង ក៏វាសមរម្យហើយដែរ។ អ៊ីចឹង យើងមិនមែនវាយដូចគេក្មេងៗទេ»។ សម្តីលោកប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។
  

កីឡាករ ឡុង សុភី(ចងអំបោះក្រហាមនៅដៃស្តាំ) ថ្លឹងគីឡូមុនពេលប្រកួតជាមួយ កីឡាករថៃ ភិតឈិតឆ័យ(ប្រភព PNN Sport)

តែយ៉ាងណាការបណ្ដេញចេញពីលើសង្វៀននោះ បានធ្វើឲ្យ ឡុង សុភី មិនអស់ចិត្តឡើយ ដោយរូបគេហាក់គិតថា វាជាការធ្វើឲ្យប៉ះពាល់កិត្តិយសខ្លួន។ ដោយសារតែបញ្ហានេះ ឡុង សុភី បានបង្ហើបពីបំណងបញ្ចប់អាជីពប្រដាល់របស់ខ្លួនប្រាប់សារព័ត៌មានថ្មីៗថា៖ «និយាយទៅប្រហែលជា ៨០ ទៅ ៩០ភាគរយ ខ្ញុំឈប់ហើយ »។ សម្តីកីឡាករ ឡុង សុភី។
 
គួរម្លឹកថា កីឡាករ ឡុង សុភី ប្រកួតមិត្តភាពអន្តរជាតិ ជាមួយកីឡាករថៃ ភិតឈិតឆ័យ លើប្រភេទទម្ងន់ ៧២ គ.ក្រ ក្នុងកម្មវិធី«Ganzberg One Strike»  នាសង្វៀន ភី អិន អិន កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២៕
 
 

Tag:
 ប្រដាល់គុនខ្មែរ
 ឡុង សុភី
© រក្សាសិទ្ធិដោយ thmeythmey.com