អន្តរជាតិ
ប៉ាឡាវ ហ្វីជី និងសាម័របង្កើតសម្ព័ន្ធភាពប្រឆាំងនឹងការជីករ៉ែនៅបាតសមុទ្រ
28, Jun 2022 , 7:29 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ:
កោះប៉ាស៊ីហ្វិកមានប៉ាឡាវ ហ្វីជី​ និងសាម័រ នៅថ្ងៃទី២៧ ខែមិថុនា ប្រកាសជំហរប្រឆាំងចំពោះការជីករ៉ែនៅបាតសមុទ្រ ខណៈស្ថាប័នចំណុះអង្គការសហប្រជាជាតិមួយត្រៀមចេញបញ្ញតិ្តគ្រប់គ្រងអាជីវកម្មក្រោមសមុទ្រ។ បើតាមការប្រកាសរបស់ប្រធានាធិបតីប៉ាឡាវអំឡុងសន្និសីទសមុទ្ររបស់ UN ការបង្កើតសម្ព័ន្ធភាពថ្មី មានគោលដៅប្រឆាំងឧស្សាហកម្មរុករករ៉ែនៅបាតសមុទ្រ។

 
អាជ្ញាធរបាតសមុទ្រអន្តរជាតិ (ISA) ដែលត្រូវបានបង្កើតឡើងក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ(UNCLOS) ឆ្នាំ១៩៨២ កំពុងរៀបចំច្បាប់ ឬបទប្បញ្ញត្តិស្តីពីការធ្វើអាជីវកម្មរុករកធនធានរ៉ែនៅបាតសមុទ្រ ដែលតំបន់ក្រៅយុត្តាធិការរបស់ប្រទេសណាមួយ)។ ISA ដែលទទួលបន្ទុកការពារបាតសមុទ្រនឹងជួបប្រជុំនៅខែកក្កដា និងខែសីហាដើម្បីបន្តអភិវឌ្ឍ និងអនុម័តបទប្បញ្ញត្តិដែលបើកផ្លូវដល់ឧស្សាហកម្មរុករករ៉ែ។ ប្រសិនបើត្រូវបានអនុម័ត អាជ្ញាប័ណ្ណដែលផ្តល់សិទ្ធិបូមរករ៉ែនៅបាតសមុទ្រអាចនឹងចាប់ផ្តើមពីខែកក្កដា ឆ្នាំ២០២៣។
 
ពាក់ព័ន្ធនឹងបញ្ហានេះ អំឡុងសន្និសីទសមុទ្ររបស់ UN នៅព័រទុយហ្គាល់ ប្រធានាធិបតីប៉ាឡាវ Surangel Whipps បានព្រមានពីហានិភ័យ និងក្តីបារម្ភចំពោះសហគមន៍ដែលងាយរងគ្រោះដោយសារការរុករុករ៉ែក្រោមសមុទ្រ។ លោកព្រមទាំងសង្ឃឹមថា ប្រទេសផ្សេងទៀតនឹងចូលរួមក្នុងសម្ព័ន្ធភាពជាមួយប៉ាឡាវ ហ្វីជី និងសាម័រដើម្បីអំពាវនាវឱ្យ ISA ផ្អាករៀបចំច្បាប់ដែលអនុញ្ញាតឱ្យឧស្សាហកម្មបំផ្លិចបំផ្លាញដល់ប្រព័ន្ធអេកូឡូស៊ី។
 
«យើងស្នើឱ្យអ្នកទាំងអស់គ្នាប្រកាន់ការគាំទ្រថា…ការរុករករ៉ែនៅបាតសមុទ្របណ្តាលឱ្យជីវិតសមុទ្រ និងបាតសមុទ្រកាន់តែងាយរងគ្រោះ»។ លោក Whipps លើកឡើងបែបនេះនៅថ្ងៃទី២៧ ខែមិថុនា។ បើតាមមេដឹកនាំប្រទេសកោះប៉ាស៊ីហ្វិកមួយនេះ ផលប្រយោជន៍សេដ្ឋកិច្ចដែលបានមកពីឧស្សាហកម្មប្រភេទនោះ មិនសមនឹងហានិភ័យដែលនឹងអាចកើតមានឡើងនោះទេ។
 
កាលពីដើមខែមិថុនា ស៊ីលីឯណោះ ក៏បានអំពាវនាវឱ្យ ISA ផ្អាកការអនុម័តច្បាប់ខាងលើចំនួន១៥ឆ្នាំ ដោយលើកឡើងពីបញ្ហាកង្វះទិន្នន័យវិទ្យាសាស្រ្តជាក់លាក់ និងបញ្ហាបរិស្ថាន។ 
 
ប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ៧ (G7) កាលពីខែមុនប្រកាសថា ប្រទេសទាំងនេះយល់ព្រមលើគម្រោងរុករករ៉ែនៅបាតសមុទ្រ លុះត្រាតែមិនប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរ ហើយគួរតែមានច្បាប់តឹងរ៉ឹងក្នុងការគ្រប់គ្រងឧស្សាហកម្មបែបនោះ។ ប៉ុន្តែ ចិន ក៏ដូចជា កោះប៉ាស៊ីហ្វិកណូរូគាំទ្រ ISA ដោយកាលពីឆ្នាំមុនបានស្នើឱ្យពន្លឿនការអនុម័តច្បាប់រុករករ៉ែនៅបាតសមុទ្រថែមទៀត។
 
ការរុករករ៉ែនៅបាតសមុទ្រ ត្រូវប្រើគ្រឿងចក្រធុនធ្ងន់ដើម្បីបូមយកដុំថ្មទំហំប៉ុនដុំដំឡូង ដែលមានផ្ទុកលោហធាតុដូចជា កូប័ល ទង់ដែង នីកែល និងលោហធាតុកម្រផ្សេងទៀតដែលភាគច្រើនត្រូវបានយកមកប្រើប្រាស់នៅក្នុងថ្ម ឬឧបករណ៍ដែលផ្ទុកថាមពលដទៃទៀត។ 
 
ប៉ុន្តែដំណើរការនេះនឹងផ្តល់ផលប៉ះពាល់ដល់បរិស្ថានយ៉ាងខ្លាំង។ បើតាមរបាយកាណ៍របស់ Greenpeace ការបូមយករ៉ែនៅបាតសមុទ្រនឹងនាំឱ្យបាត់បង់ជីវចម្រុះដែលមិនអាចស្តារឡើងវិញបាន បំផ្លិចបំផ្លាញប្រព័ន្ធអេកូឡូស៊ី ក៏ដូចជាគំរាមកំហែងដល់អត្ថប្រយោជន៍របស់មនុស្សជាតិផ្សេងទៀតរួមមានថ្នាំពេទ្យ និងជលផលនាពេលអនាគត៕
 
 
 
 
 

Tag:
 ប៉ាឡាវ
  ហ្វីជី
© រក្សាសិទ្ធិដោយ thmeythmey.com