អន្តរជាតិ
ក្រុមប្រទេសG7 និងដៃគូ ប្តេជ្ញាការពារប្រជាធិបតេយ្យ និងសិទ្ធិបញ្ចេញមតិ មេដឹកនាំក្រុមប្រទេសអ្នកមានទាំង៧ និងសហភាពអឺរ៉ុប ថតរូបជាមួយមេដឹកនាំនៃប្រទេសជាដៃគូ រួមជាមួយមេដឹកនាំអង្គការអន្តរជាតិផ្សេងៗ ។រូបភាពយកពី Twitter របស់លោក Olaf Scholz
× ក្រុមប្រទេសអ្នកមានទាំង៧ (G7) សហភាពអឺរ៉ុប រួមជាមួយប្រទេស៥ទៀត បានចេញសេចក្តីថ្លែងការណ៍រួមមួយ នៅថ្ងៃទី២៧ ខែមិថុនា ជុំវិញការការពារប្រជាធិបតេយ្យ សិទ្ធិបញ្ចេញមតិ និងសមភាពយេនឌ័រ។ បើតាមមេដឹកនាំប្រទេសទាំងនោះ ប្រជាធិបតេយ្យនៅជុំវិញពិភពលោក បានរងការគំរាមកំហែងយ៉ាងខ្លាំង។
ក្នុងថ្ងៃទី២៧ ខែមិថុនា មេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ និងសហភាពអឺរ៉ុប និងមេដឹកនាំ៥ ឥណ្ឌា ឥណ្ឌូណេស៊ី អាហ្សង់ទីន សេណេហ្កាល់ អាហ្វ្រិកខាងត្បូង ដែលជាប្រទេសដៃគូរបស់ G7 បានជួបប្រជុំនៅវិមាន Schloss Elmau ស្ថិតនៅភាគខាងត្បូងអាល្លឺម៉ង់។ មេដឹកនាំប្រទេសទាំងនោះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយអះអាងថា ការការពារប្រជាធិតេយ្យ សិទ្ធិសេរីភាពបញ្ចេញមតិ បានធ្លាក់ចុះនៅជុំវិញពិភពលោក។
«យើង...បញ្ជាក់ពីការប្តេជ្ញាដើម្បីពង្រឹងការស្តារប្រជាធិបតេយ្យ»។ ក្រុមប្រទេស G7 សហភាពអឺរ៉ុប និងដៃគូទាំង៥ បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ខ្លួននឹងបន្តធ្វើការជាមួយគ្នាដើម្បីសមធម៌, បរិយាបន្ន និងការស្វែងរកដំណោះស្រាយប្រកបដោយចីរភាព លើបញ្ហាប្រឈមសកល រួមទាំងបម្រែបម្រួលអាកាសធាតុ និងជំងឺកូវីដ-១៩។
ក្នុងសេចក្តីថ្លែងការណ៍ដដែល ក្រុមប្រទេស ដែលប្រកាន់ប្រជាធិបតេយ្យទាំងអស់នេះ បានសន្យាការពារសន្តិភាព សិទ្ធិមនុស្ស នីតិរដ្ឋ សន្តិសុខសម្រាប់ប្រជាជន សមភាពយេនឌ័រ និងទទួលស្គាល់ច្បាប់អន្តរជាតិ ដែលមានចែងក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ យ៉ាងណាមិញ ប្រទេសខាងលើ មិនបង្ហាញប្រទេសមួយណា ដែលបានធ្វើឱ្យប៉ះពាល់លទ្ធិប្រជាធិបតេយ្យ និងសណ្តាប់ធ្នាប់សកល។
បើតាមក្រុមប្រទេសអនុវត្តប្រជាធិបតេយ្យខាងលើ ខ្លួននឹងស្វះស្វែងរកការការពារសណ្តាប់ធ្នាប់អន្តរជាតិ គោរពអធិបតេយ្យ និងបូរណភាពរបស់ប្រទេសដទៃ, គាំទ្រការដោះស្រាយប្រកបដោយសន្តិភាព និងជំទាស់រាល់ការប្រើប្រាស់កម្លាំងយោធា ដែលខុសនឹងច្បាប់អន្តរជាតិ។
បន្ថែមពីនេះ ប្រទេសទាំងនោះ បានត្រៀមខ្លួនជាស្រេចក្នុងការការពារសេរីភាពក្នុងការបញ្ចេញមតិ តាមប្រព័ន្ធអនឡាញ និងតាមការបោះពុម្ភ រួមទាំងធានាចំពោះប្រព័ន្ធផ្សព្វផ្សាយ ដែលប្រកាន់ឯកភាព និងសេរីភាពផង៕
Tag:
G7
ឥណ្ឌា
ឥណ្ឌូណេស៊ី
អាម៉េរិក
អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com