ជាតិ
សុខភាព
រដ្ឋមន្រ្តីសុខាភិបាលឱ្យប្រយ័ត្នជំងឺគ្រុនឈាម និងស្វាយ ដែលកំពុងផ្ទុះច្រើនករណី
28, Jun 2022 , 8:59 pm        
រូបភាព
 រដ្ឋមន្រ្តីសុខាភិបាល ចុះដាក់ថ្នាំសម្លាប់មូសខ្លានៅតាមខ្នងផ្ទះពលរដ្ឋក្នុងក្រុងសៀមរាប។ រូបភាព៖ សាខាកាកបាទករហមកម្ពុជាខេត្តសៀមរាប
រដ្ឋមន្រ្តីសុខាភិបាល ចុះដាក់ថ្នាំសម្លាប់មូសខ្លានៅតាមខ្នងផ្ទះពលរដ្ឋក្នុងក្រុងសៀមរាប។ រូបភាព៖ សាខាកាកបាទករហមកម្ពុជាខេត្តសៀមរាប
សៀមរាប៖ ជំងឺគ្រុនឈាមហាក់ងើបឡើងវិញបន្ដិច ពិសេសអំឡុងខែវស្សានេះ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល សុំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ ការពារ និងប្រុងប្រយ័ត្ន ពិសេសកុមារតូចៗ។ ក្រៅពីជំងឺគ្រុនឈាម ជំងឺស្វាយដែលជាប្រភេទជំងឺឆ្លង ក៏រកឃើញផ្ទុះឡើងវិញគួរសមដែរនៅមន្ទីរពេទ្យខេត្តសៀមរាប។

 
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានអំពាវនាវឱ្យពលរដ្ឋយកចិត្តទុកដាក់ ការពារឱ្យបានត្រឹមត្រូវចំពោះជំងឺគ្រុនឈាម ដែលកំពុងផ្ទុះឡើងច្រើនករណី ក្នុងនោះក៏មាននៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាបដែរ។ ក្នុងអំឡុងពេលចុះពិនិត្យការព្យាបាល ថែទាំកុមារនៅក្នុងមន្ទីរពេទ្យនាព្រឹកថ្ងៃទី២៧ ខែមិថុនា លោក ម៉ម ​ប៊ុនហេង គូសបញ្ជាក់ថា ឆ្នាំនេះជាឆ្នាំទី៣ នៃវដ្ដគ្រុនឈាមដែលមានការផ្ទុះឡើងជាថ្មីនៃជំងឺមួយនេះ។ 
 
តាមរបាយការណ៍របស់ក្រសួងសុខាភិបាល រយពេល៥ខែ ដើមឆ្នាំ២០២២នេះ ជំងឺគ្រុនឈាមកើតជាង ១ ២០០ករណី កើនឡើងប្រមាណ៣០០ករណី ធៀបនឹងរយៈពេលដូចគ្នាកាលពី ២០២១។ យ៉ាងណា លោក​ ម៉ម ប៊ុនហេង បញ្ជាក់ថា វាមិនធ្ងន់ធ្ងរដូចឆ្នាំ ២០១៩ឡើយ។
 
ដ្បិតជាមន្ទីរពេទ្យថ្នាក់តំបន់ និងមានប្រជាពលរដ្ឋច្រើនមកព្យាបាលជំងឺ លោក ម៉ម ប៊ុនហេង សុំឱ្យថ្នាក់ដឹកនាំមន្ទីរពេទ្យជ័យវរ្ម័នទី៧ យកចិត្តទុកដាក់ខ្ពស់ចំពោះជំងឺគ្រុនឈាមនេះ។ តាមការបញ្ជាក់ពីរដ្ឋមន្រ្តីសុខាភិបាល ជំងឺគ្រុនឈាមរកឃើញច្រើនករណីនៅអំឡុងខែមិថុនានេះ ហើយបច្ចុប្បន្នមាន ៣០ករណី កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧។ 
 
បន្ទាប់ពីចុះពិនិត្យនៅក្នុងមន្ទីរពេទ្យហើយ លោក ម៉ម ប៊ុនហេង រួមនិងសហការី ក៏បានចុះទៅសហគមន៍ក្នុងសង្កាត់គោកចក ដើម្បីមើលពីស្ថានភាពផ្ទាល់ និងណែនាំពីការបង្ការជំងឺគ្រុនឈាមដល់ពលរដ្ឋនៅទីនោះផង។  
 
ក្រៅពីជំងឺគ្រុនឈាម ក្នុងនោះតាមការបញ្ជាក់ពីរដ្ឋមន្រ្តី ម៉ម ប៊ុនហេង ក៏មានការរកឃើញជាថ្មីនូវជំងឺស្វាយ ដែលឆ្លងតាមការរួមភេទផងដែរ។ លោករដ្ឋមន្រ្តីប្រាប់ថា ក្នុងឆ្នាំនេះ មាន៣៣ករណី ត្រូវបានរកឃើញលើស្រ្តីមានផ្ទៃពោះដែលមកទទួលសេវាពិនិត្យក្នុងមន្ទីរពេទ្យជ័យវរ្ម័នទី៧ និង១១ករណីទៀត រកឃើញលើកុមារតូច។ លោក ម៉ម ប៊ុនហេង សុំឱ្យពលរដ្ឋប្រយ័ត្នចំពោះជំងឺនេះ ពិសេសស្រ្តីមានផ្ទៃពោះត្រូវពិនិត្យឱ្យបានត្រឹមត្រូវ ដើម្បីបង្ការកុំឱ្យឆ្លងដល់កូនក្នុងផ្ទៃ៕
 
 

Tag:
 ជំងឺស្វាយ
  គ្រុនឈាម
© រក្សាសិទ្ធិដោយ thmeythmey.com