អន្តរជាតិ
ប្រមុខUN ៖ មហាសមុទ្រជុំវិញពិភពលោកកំពុងធ្លាក់ក្នុងស្ថានភាពអាសន្ន
28, Jun 2022 , 9:29 pm        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស ថ្លែងក្នុងសន្និសីទស្ដីពីសមុទ្រ។ រូបថត AFP
អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស ថ្លែងក្នុងសន្និសីទស្ដីពីសមុទ្រ។ រូបថត AFP
សន្និសីទអង្គការសហប្រជាជាតិស្ដីពីមហាសមុទ្រដែលត្រូវបានពន្យាពេលយ៉ាងយូរ បានចាប់ផ្តើមនៅទីក្រុងលីសបោន ព័រទុយហ្កាល់។ ប្រមុខអង្គការសហប្រជាជាតិ (UN) អាន់តូនីញ៉ូ ហ្គូតេរ៉េស បានលើកឡើងថា សមុទ្រពិភពលោកកំពុងស្ថិតក្នុងវិបត្តិធ្ងន់ធ្ងរ។


«ថ្ងៃនេះយើងកំពុងប្រឈមមុខនឹងអ្វីដែលខ្ញុំហៅថាជាគ្រោះអាសន្ននៃមហាសមុទ្រ»។ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) អាន់តូនីញ៉ូ ហ្គូតេរ៉េស ​ថ្លែងទៅកាន់អ្នកចូលរួមដែលជាអ្នកបង្កើតគោលនយោបាយ អ្នកជំនាញ និងអ្នកតស៊ូមតិជាច្រើនពាន់នាក់នៅក្នុងកិច្ចប្រជុំនៅព័រទុយហ្កាល់​។ លោក ក៏បានបន្ថែមថា មនុស្សជាតិពឹងផ្អែកលើមហាសមុទ្រដែលមានសុខភាពល្អ។
 
បើតាមលោក ហ្គូតេរ៉េស មហាសមុទ្របានបង្កើតអុកស៊ីសែនជាង៥០ភាគរយឱ្យមនុស្ស ក៏ដូចជាបានផ្តល់ប្រូតេអ៊ីន និងសារធាតុចិញ្ចឹមសំខាន់ៗដល់មនុស្សរាប់ពាន់លាននាក់ជារៀងរាល់ថ្ងៃ។ ទន្ទឹមនឹងនេះ មហាសមុទ្រដែលមានទំហំជាង៧០ភាគរយនៃផ្ទៃផែនដី ក៏បានជួយទប់ទល់នឹងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុដល់ជីវិតដែលរស់នៅលើដីផងដែរ។
 
យ៉ាងណាមិញ ជាមួយនឹងការបំភាយការបំភាយឧស្ម័នពុលផ្សេងៗក្នុងរយៈពេលជាង៦០ឆ្នាំមកនេះ ទឹកសមុទ្របានប្រែក្លាយទៅជាអាស៊ីតដែលគំរាមខ្សែច្រវាក់អាហារ និងសមត្ថភាពស្រូបយកកាបូនរបស់មហាសមុទ្រ។ ម្យ៉ាងវិញទៀត ការស្រូបយកកំដៅជាង៩០ភាគរយពីការឡើងកំដៅផែនដីបានបង្កជារលកកំដៅដ៏ធំក្នុងសមុទ្រដែលកំពុងបំផ្លាញផ្កាថ្មដ៏មានតម្លៃ។ 
 
«យើងទើបតែចាប់ផ្តើមយល់ពីវិសាលភាពដែលការប្រែប្រួលអាកាសធាតុនឹងធ្វើឱ្យខូចខាតដល់សុខភាពសមុទ្រ»។ លោកស្រី Charlotte de Fontaubert មន្រ្តីធនាគារពិភពលោកក្នុងគម្រោងសេដ្ឋកិច្ចពណ៌ខៀវបានលើកឡើងបែបនេះក្នុងកិច្ចប្រជុំដដែល។ 
 
បើតាមកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UNEP) ការបំពុលយ៉ាងសន្ធឹកសន្ធាប់ដូចជាការចាក់សំរាមដែលមានប្លាស្ទិកជារៀងរាល់នាទីចូលក្នុងមហាសមុទ្រ នឹងធ្វើឱ្យសុខភាពសមុទ្រប្រែកាន់តែអាក្រក់ទៅៗ។ ក្នុងរបាយការណ៍ថ្មីៗរបស់អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) កាកសំណល់ប្លាស្ទិកប្រចាំឆ្នាំនឹងកើនឡើងជិតបីដងដល់មួយពាន់លានតោននៅឆ្នាំ២០៦០។ 
 
សំណល់បាស្ទិកក្នុងសមុទ្រ កំពុងក្លាយជាបញ្ហាគំរាមខ្សែច្រវាក់អាហាររបស់មុនស្ស។ មីក្រូប្លាស្ទិក ដែលត្រូវបានរកឃើញសូម្បីនៅក្នុងទឹកកកនៅតំបន់អាក់ទិក និងក្នុងពោះត្រីដែលរស់នៅជ្រៅបំផុតនៃមហាសមុទ្រ ត្រូវប៉ាន់ស្មានថា អាចសម្លាប់សត្វស្លាបសមុទ្រជាងមួយលានក្បាល និងថនិកសត្វសមុទ្រជាង១០ម៉ឺនក្បាលក្នុងមួយឆ្នាំ៕
 

Tag:
 UN
  សមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com