កីឡាអន្តរជាតិ
អន្តរជាតិ
Barca នឹងចាត់វិធានការផ្លូវច្បាប់លើ Roma ចំពោះការដកខ្លួនពីពានរង្វាន់ Joan Gamper Trophy
28, Jun 2022 , 10:29 pm        
រូបភាព
Barcelona ថ្ងៃទី២៧ ខែមិថុនា និយាយថា ខ្លួនកំពុងសិក្សាពីលទ្ធភាពក្នុងការចាត់វិធានការផ្លូវច្បាប់លើក្រុម AS Roma ក្រោយពេលក្រុមអ៊ីតាលីមួយនេះប្រកាសមិនចូលរួមប្រកួតក្នុងពានរង្វាន់ Joan Gamper Trophy ដែលជាពានត្រៀមមុខបើករដូវកាល។

 
ក្លិបទាំងពីរបានចុះកិច្ចព្រមព្រៀងគ្នាសម្រាប់ជំនួបពាន Joan Gamper Trophy នៅកីឡដ្ឋាន Camp Nou នាថ្ងៃទី៦ ខែសីហា។ ប៉ុន្តែក្លិប Roma ដែលដឹកនាំដោយលោក Jose Mourinho ថ្ងៃទី២៧ ខែមិថុនា បានប្រកាសដកខ្លួនមិនចូលរួមប្រកួត។
 
បើតាមសេចក្តីថ្លែងការណ៍របស់ ​Roma ក្លិបបានសម្រេចចិត្តកែប្រែផែនការ នៃការប្រកួតត្រៀមបើករដូវកាលថ្មី ហើយក្លិបនឹងរៀបចំគម្រោងការប្រកួតដ៏ល្អបំផុតសម្រាប់ទាំងក្រុមបុរស និងក្រុមនារីរបស់ខ្លួនវិញ។ 
 
យ៉ាងណាមិញ ក្រោយការប្រកាសនេះ Barcelona ក៏បានឆ្លើយតបថា នឹងចាត់វិធានការតាមផ្លូវច្បាប់លើបញ្ហាដែលកើតមាននេះ។
 
«Roma បានសម្រេចមិនចូលរួមការប្រកួត ដោយគ្មានមូលហេតុ ហើយដកខ្លួនចេញពីកិច្ចសន្យាដែលបានព្រមព្រៀងរួចសម្រាប់ជំនួបមិត្តភាពពានរង្វាន់ Joan Gamper Trophy។  ក្លិបនឹងព្យាយាមធ្វើការងារក្នុងការស្វែងរកគូប្រកួតថ្មីសម្រាប់ឆ្នាំនេះ។ […] ក្លិបនឹងសិក្សាពីលទ្ធភាពចាត់វិធានការផ្លូវច្បាប់លើក្លិបរបស់អ៊ីតាលីមួយនេះ សម្រាប់ផលប៉ះពាល់ដល់អ្នកគាំទ្ររបស់ Barcelona នៃការដកខ្លួនរបស់ពួកគេ។» នេះបើតាមសេចក្តីថ្លែងការណ៍របស់ Barca។
 
ក្នុងជំនួបមិត្តភាពត្រៀមមុនបើករដូវកាលថ្មី La Liga របស់ Barcelona នឹងត្រូវជួបប្រកួតជាមួយក្រុម UE Olot, Inter Miami, Real Madrid, Juventus, New York RedBulls និង Manchester City នៅអាម៉េរិកនាខែកក្កដាខាងមុខ៕
 

Tag:
 Barcelona
  AS Roma
© រក្សាសិទ្ធិដោយ thmeythmey.com