កីឡាជាតិ
ជាតិ
លោក នេត សាវឿន សង្ឃឹមថា ក្រុមបាល់ទះ នឹងជោគជ័យនៅស៊ីហ្គេម ២០២៣
28, Jun 2022 , 10:59 pm        
រូបភាព
(អាវស) លោក នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ប្រគល់ពានរង្វាន់សម្តេច ស ខេង ២០២២ ដល់សមាគមបាល់ទះវិសាខា B នាកីឡដ្ឋានព្រីនស៍ កាលពីថ្ងៃទី២៦ មិថុនា ២០២២។ (រូបពីក្លិបបាល់ទះវិសាខា)
(អាវស) លោក នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ប្រគល់ពានរង្វាន់សម្តេច ស ខេង ២០២២ ដល់សមាគមបាល់ទះវិសាខា B នាកីឡដ្ឋានព្រីនស៍ កាលពីថ្ងៃទី២៦ មិថុនា ២០២២។ (រូបពីក្លិបបាល់ទះវិសាខា)
ដោយ៖ហៀក ឆក
លោក នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ជឿជាក់ថា ក្រុមបាល់ទះ នឹងសម្រេចបានលទ្ធផលជោគជ័យ នៅស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើតាមលោក នេត សាវឿន នៅក្នុងពិធីបិទព្រឹត្តការណ៍កីឡាបាល់ទះពានរង្វាន់សម្តេច ស ខេង ២០២២ នាកីឡដ្ឋានព្រីនស៍ នាថ្ងៃទី២៦ ខែមិថុនា។



សមាគមបាល់ទះវិសាខា B គ្រងជើងឯកពានសម្តេច ស ខេង ២០២២ ក្រោយយកឈ្នះ ក្លិបបាល់ទះរដ្ឋបាលភ្នំពេញ B ដោយលទ្ធផល ៣សិត ទល់នឹង២សិត នាទីលានកីឡដ្ឋានព្រីនស៍។ សិតទី១ វិសាខា B ឈ្នះ២៩-២៧ ខណៈសិតទី២ និង៣ ក្លិបបាល់ទះរដ្ឋបាលភ្នំពេញ B​ ឈ្នះ ២៥-២៣,២៦-២៤ និងសិតទី៤ និង៥ វិសាខា B វាយបកយកឈ្នះ ២សិតជាប់គ្នាដោលពិន្ទុ ២៥-១៧ និង១៧-១១។
 
លោក នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានថ្លែងថា គោលបំណងនៃការរៀបចំព្រឹត្តការណ៍ពានរង្វាន់សម្តេច ស ខេង ឡើង ដើម្បីអភិវឌ្ឍន៍វិស័យកីឡាបាល់ទះឲ្យកាន់តែរីកចម្រើនជាជំហាន ។ ជាពិសេសជំរុញក្លិបអាជីពបាល់ទះ ឲ្យមានអជ្ញាប័ណ្ណកាន់តែច្រើន ដើម្បីឈានទៅរកស្តង់ដារអន្តរជាតិ និងមានសក្តានុពល ដូចជាប្រទេសជិតខាង។
  

សមាគមបាល់ទះ វិសាខាB (អាវស) ប្រកួតជាមួយ ក្លិបបាល់ទះរដ្ឋបាលក្រុងភ្នំពេញ(អាវខៀវ) ប្រភព ក្លិបបាល់ទះវិសាខា

សម្រាប់ការត្រៀមប្រកួតអន្តរជាតិ និងស៊ីហ្គេម២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះវិញ លោក នេត សាវឿន ជំរុញឲ្យកីឡាករ កីឡាការិនី យកចិត្តទុកដាក់បង្កើនកម្រិតសមត្ថភាពឲ្យកាន់តែប្រសើរ និងពង្រឹងក្រុមជម្រើសជាតិឆ្ពោះ ទៅឈ្នះមេដាយនៅស៊ីហ្គេម និងការប្រកួតអន្តរជាតិនានា។
 
«ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាគណៈកម្មការជំនាញទាំង៧ នឹងបន្តជួយជ្រោមជ្រែងឲ្យសហព័ន្ធកីឡាបាល់ទះរបស់យើង ឲ្យខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិ ពិសេសទទួលជោគជ័យនៅស៊ីហ្គេមលើកទី៣២នៅកម្ពុជាពាក់កណ្តាលឆ្នាំក្រោយ និងដណ្តើមមេដាយបន្ថែមទៀត បន្ទាប់ពីឈ្នះមេដាយសំរឹទ្ធជាប្រវត្តិសាស្រ្តនៅស៊ីហ្គេមនាប្រទេសវៀតណាម»។ សម្តីប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ថ្លែងក្នុងពិធីបិទព្រឹត្តការណ៍កីឡាបាល់ទះពានរង្វាន់សម្តេច ស ខេង។
 
កីឡាបាល់ទះកម្ពុជា ទទួលបានមេដាយសំរឹទ្ធក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣១ នាទីក្រុងហាណូយប្រទេសវៀតណាម ក្រោយយកឈ្នះ ក្រុមបាល់ទះប្រទេសថៃ  ៣-២ សិត នាជំនួបដណ្តើមលេខ៣៕
 

Tag:
 បាល់ទះ
 វិសាខា
 ផ្តាច់ព្រ័ត្រ
© រក្សាសិទ្ធិដោយ thmeythmey.com