ជាតិ
ភ្លៀង នឹងបន្តធ្លាក់លាយឡំខ្យល់កន្ត្រាក់ មួយសប្ដាហ៍ទៀត ភ្លៀងធ្លាក់កម្រិតខ្សោយ នៅស្រុកបន្ទាយអំបិល ខេត្តឧត្ដរមានជ័យ។ រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម។
× ភ្នំពេញ៖ ភ្លៀងនឹងបន្តធ្លាក់ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា លាយឡំនឹងខ្យល់កន្ត្រាក់។ ការណ៍នេះបណ្ដាលមកពី ជ្រលងប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយលើភាគខាងជើង ប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់ទៅនឹងសម្ពាធទាបមួយទៅសមុទ្រចិនខាងត្បូង។
យោងតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយនៅព្រឹកថ្ងៃទី២៨ មិថុនានេះ ជ្រលងប្រព័ន្ធសម្ពាធទាប នឹងវិវត្តខ្លួនជាបន្តបន្ទាប់ទៅជាព្យុះទី៣ ដោយមានដំណើរឆ្ពោះទៅកាន់កោះហៃណាំ ប្រទេសចិន។ ស្ថានភាពខាងលើនេះ ធ្វើឱ្យតំបន់ទំនាបកណ្ដាល ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ហើយក៏អាចមានភ្លៀងធ្លាក់ដោយអន្លើលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅវាលទំនាបកណ្ដាល និងភាគពាយ័ព្យ។
ដោយឡែក តំបន់ខ្ពង់រាបវិញ អាចនឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំណែកតំបន់សមុទ្រវិញ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយខ្យល់កន្ត្រាក់។ ឯលើផ្ទៃសមុទ្រ នឹងអាចមានខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់។
ក្រសួងធនធានទឹក អំពាវនាវដល់ពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចមានជាយថាហេតុនេះ។ នាពេលថ្មីៗនេះ គ្រោះខ្យល់កន្ត្រាក់នេះ បានធ្វើឱ្យផ្ទះពលរដ្ឋ៦២ខ្នង នៅក្នុងក្រុងសិរីសោភណ័ ខេត្តបន្ទាយមានជ័យ រងការខូចខាតផងដែរ៕
Tag:
ThmeyThmey25
អាកាសធាតុ
ក្រសួងធនធានទឹក និងឧតុនិយម
© រក្សាសិទ្ធិដោយ thmeythmey.com