ជាតិ
សេដ្ឋកិច្ច
គម្រោងសាងសង់ ធ្លាក់ចុះ ៦,១ភាគរយ នៅត្រីមាសទី១
29, Jun 2022 , 8:59 am        
រូបភាព
រូបភាពតំណាង ។ រូបថត ៖ ផាត​ ហ៊ាប ។
រូបភាពតំណាង ។ រូបថត ៖ ផាត​ ហ៊ាប ។
ដោយ ៖ ធន់ សេងហុង 
 
ក្នុងរយៈពេល ៣ខែដើមឆ្នាំ ២០២២នេះ សំណើគម្រោងសាងសង់មានត្រឹមតែ ១០០១គម្រោងប៉ុណ្ណោះ ។ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ គឺមានអត្រាធ្លាក់ចុះ៦៥គម្រោង ដែលស្មើ ៦,១ ភាគរយ។

 
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអនុម័តលើសំណើសាងសង់សរុប ១០០១ គម្រោង។ ចំពោះគម្រោងសាងសង់ ដែលមានការធ្លាក់ចុះ រួមមាន ៖ ប្រភេទសំណង់សាធារណៈ ,សំណង់លំនៅឋាន-ភូមិគ្រឹះ ,សំណង់ពាណិជ្ជកម្ម ,សំណង់ឧស្សាហកម្ម និងសំណង់ទេសចរណ៍ ។ នេះបើតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រចាំត្រីមាសទី១ ឆ្នាំ២០២២ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលចេញផ្សាយកន្លងទៅថ្មីៗនេះ ។
 
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា យល់ថា គម្រោងសាងសង់ធ្លាក់ចុះ នៅត្រីមាសទី១នេះ អាចមកពីការអនុម័តយឺត និងការរៀបចំឯកសារ រួមទាំងពេលវេលាសិក្សាទៅលើគម្រោង។ 
 


លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនទ្រព្យកម្ពុជា

អ្នកជំនាញរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗថា ៖ «ចំពោះសំណើគម្រោងសាងសង់ធ្លាក់ចុះនេះ មិនមែនជាសញ្ញាណអ្វីដែលគួរឱ្យព្រួយបារម្ភនោះទេ  វាគ្រាន់តែជាតួលេខសម្រាប់បង្ហាញពីគម្រោងថ្មីៗតែប៉ុណ្ណោះ »។ 
 
តែយ៉ាងណាលោក សុខនីម រំពឹងថា ឆ្នាំ២០២២ នឹងមានគម្រោងសាងសង់កើនឡើងជាងមុន ដោយសារស្ថានភាពកូវីដ-១៩ នៅកម្ពុជា ធូរស្រាលខ្លាំង។ «កាលណាចំនួនតួលេខនៃការសុំអនុញ្ញាតច្បាប់ទៅលើគម្រោងសាងសង់កាន់ច្រើន វាជាសញ្ញាណមួយកាន់តែល្អ នៅការអភិវឌ្ឍនៅកម្ពុជា »។ នេះបើតាមអ្នកជំនាញអចលនទ្រព្យ។
 
រដ្ឋាភិបាលរំពឹងថា វិស័យសំណង់នឹងងើបឡើងវិញក្នុងអត្រា ៣ ភាគរយក្នុងឆ្នាំ២០២២នេះ ដោយសារកំណើនផ្តល់ឥណទានលើវិស័យសំណង់ បានបន្តកើនឡើង ស្របពេលដែលរដ្ឋាភិបាល កំពុងតាមដាន និងដាក់ចេញនូវគោលនយោបាយ អន្តរាគមន៍ឱ្យបានទាន់ពេលវេលា សំដៅបញ្ចៀសហានិភ័យដែលអាចនឹងកើតឡើង ៕
 

Tag:
 គម្រោងសាងសង់ ច្រឹក សុខនីម
© រក្សាសិទ្ធិដោយ thmeythmey.com