ជាតិ
សេដ្ឋកិច្ច
ថ្លៃសាំងធម្មតានៅកម្ពុជា កើនជាង៣៧ភាគរយ ខណៈម៉ាស៊ូតកើនដល់៤៤ភាគរយ ក្នុងត្រីមាសទីមួយ 
រូបតំណាង។ ស្ថានីយឥន្ធនៈមួយកន្លែងនៅរាជធានីភ្នំពេញ ដែលបង្ហាញពីតម្លៃលក់រាយនៃប្រភេទប្រេងនីមួយៗ ដែលកំណត់ដោយក្រសួងពាណិជ្ជកម្ម
×![]()
ភ្នំពេញ៖ នៅត្រឹមត្រីទីមួយ ឆ្នាំ២០២២ អតិផរណានៅកម្ពុជាបានកើនក្នុងអត្រា ៥,៩ភាគរយ ក្នុងនោះ តម្លៃប្រេងសាំងធម្មតា បានកើនដល់រង្វង់៣៧ភាគរយ និងម៉ាស៊ូតកើនដល់ជាង៤៤ភាគរយ ធៀបនឹងពេលដូចគ្នា កាលឆ្នាំ២០២១។ នេះយោងតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលចេញផ្សាយនៅថ្ងៃទី២៧ មិថុនា។
ព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់អគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា អតិផរណាមធ្យមប្រចាំត្រីមាសទីមួយ ឆ្នាំ២០២២ មានអត្រា៥,៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ បើតាមក្រសួងសេដ្ឋកិច្ច នៅក្នុងនោះសន្ទស្សន៍ថ្លៃសាច់ជ្រូក បានកើនឡើង៤,៦ភាគរយ, ត្រី៥,២ភាគរយ ខណៈឧស្ម័ន(Gas) កើន២៨ភាគរយ។
ជាមួយគ្នានេះ សន្ទស្សន៍ថ្លៃប្រេងសាំងធម្មតានៅកម្ពុជា ក៏បានកើនដល់៣៧,៣ភាគរយ និងប្រេងម៉ាស៊ូត កើនដលល់ ៤៤,៤ភាគរយ ផងដែរ។ កំណើនអតិផរណានៅកម្ពុជា ដែលប៉ះពាល់ដល់វិស័យប្រេងឥន្ធនៈនេះ គឺបណ្តាលមកការរងសម្ពាធនៃ សង្រ្គាមនៅប្រទេសអ៊ុយក្រែន។
លោក បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា ធា្លប់ប្រាប់សារព័ត៌មានថ្មី ៗ (ThmeyThmey) ថា កំណើននៃអតិផរណាក្នុងប្រទេសនេះ វាមិនស្របតាមចំណូលរបស់ពលរដ្ឋ ជាពិសេសអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺមានចំណូលធា្លក់ចុះ ដោយសារបញ្ហាប្រេងឥន្ធនៈឡើងថ្លៃ។
លោក បាននិយាយដូច្នេះ៖ «អតិផរណានេះ ធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋប្រចាំថ្ងៃ ប្រចាំខែ។ [បញ្ហានេះ]ផ្សំគ្នាពីមួយខែ ទៅមួយខែ ធ្វើឱ្យប៉ះពាល់ជីវភាពពិតប្រាកដរបស់ពលរដ្ឋ»។ ដើម្បីកាត់បន្ថយនូវបញ្ហាអតិផរណា ដែលបណ្តាលមកការឡើងថៃ្លនៃប្រេងឥន្ធនៈ និងកង្វះស្បៀងអាហារនាពេលខាងមុខ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ ណែនាំដល់ពលរដ្ឋត្រូវមានផែនការចំណាយឱ្យបានត្រឹមត្រូវ ពិសេសត្រូវកាត់បន្ថយការចំណាយលើទំនិញ-សេវាណា ដែលមិនចាំបាច់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
បច្ចុប្បន្ន សាំងធម្មតានៅកម្ពុជាមានតម្លៃ ៥ ៨០០រៀល ក្នុងមួយលីត្រ។ រីឯ ប្រេងម៉ាស៊ូត ឡើងដល់ ៦ ៣០០រៀល ក្នុងមួយលីត្រ។ នេះជាការកំណត់តម្លៃថ្មី ដោយក្រសួងពាណិជ្ជកម្ម ដែលម្ចាស់ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ នៅទូទាំងប្រទេសត្រូវអនុវត្តដល់ដំណាច់ខែមិថុនា ឆ្នាំ២០២២៕
© រក្សាសិទ្ធិដោយ thmeythmey.com