កីឡាអន្តរជាតិ
អន្តរជាតិ
Wimbledon៖ កីឡាការិនីបារាំងដើមកំណើតខ្មែរ-វៀតណាម Harmony Tan ត្រូវប៉ះ Serena Williams
28, Jun 2022 , 5:33 pm        
រូបភាព
កីឡាការិនីវាយកូនបាល់បារាំង Harmony Tan នឹងត្រូវប៉ះជើងខ្លាំងរបស់អាម៉េរិក Serena Williams ក្នុងការប្រកួត Wimbledon ឆ្នាំ២០២២ ជុំទីមួយ។ យោងតាមកំណត់ត្រា WTA កីឡាការិនី​រូបនេះ មាន​ឪពុក​ជាវិស្វករដើមកំណើត​ខ្មែរ និង​ម្តាយ​ជាអ្នកកាសែតសេដ្ឋកិច្ច ដើមកំណើ​តវៀតណាម ហើយ​សារព័ត៌មាន​មួយចំនួន​បានបញ្ជាក់ថា នាងមានឈាមជ័រកាត់ចិនផងដែរ។

 
វ័យ២៤ឆ្នាំ Harmony  ត្រូវចាប់ឆ្នោតប៉ះម្ចាស់ជើងឯក Grand Slam ២៣សម័យ Williams នៅជុំទីមួយតែម្តង។ លោក Sam Sumyk គ្រូបង្វឹក Harmony សោកស្តាយដែលកូនសិស្សខ្លួនបង្ហាញខ្លួនលើកដំបូងនៅ Wimbledon តែបែរជាត្រូវជួបជើងខ្លាំដូច្នេះសោះ។ 
 
មុនពេលឈានជើងចូលការប្រកួតពានរង្វាន់លំដាប់ Grand Slam នេះជាលើកដំបូង កីឡាការិនីបារាំង Harmony ដែលមានកំណើតចេញពីសែស្រឡាយខ្មែរ វៀតណាម បានតំណាងឱ្យប្រទេសបារាំងនៅក្នុងការប្រកួតជាតិ និងអន្តរជាតិជាច្រើន។ នាងទទួលបានចំណាត់ថ្នាក់ WTA អាជីពនៅឆ្នាំ២០២០នៅលេខរៀងទី៣០២ និងធ្លាក់មកលេខ១៣០នៅឆ្នាំ២០២១ និងអភិវឌ្ឍន៍ខ្លួនរហូតឈរនៅចំណាត់ថ្នាក់ទី១១៣ពិភពលោកនៅឆ្នាំ២០២២នេះ។
 


Harmony ដែលមានឪពុកខ្មែរ និងម្តាយវៀតណាម នឹងត្រូវតតាំងជាមួយកីឡាការិនីអាម៉េរិក Williams និងជាម្ចាស់ Wimbledon ៧សម័យនៅយប់ថ្ងៃទី២៨ ខែមិថុនានេះនៅទីលាន Center Court។
 
សម្រាប់លោក Sam Sumyk បើតែជាសោកស្តាយដែលសិស្សត្រូវជួបកីឡាការិនីជងចាស់ក្តី ប៉ុន្តែលោកក៏រំភើបចិត្តដែរ ព្រោះវានឹងក្លាយជារឿងមួយដ៏អស្ចារ្យ ប្រសិនបើកីឡាការិនីវ័យ២៤ឆ្នាំ អាចដណ្តើមបានជ័យជម្នះលើ Williams ដែលមានវ័យ៤០៕
 
 
 
 

Tag:
 Harmony Tan
  Serena Williams
© រក្សាសិទ្ធិដោយ thmeythmey.com