កីឡាជាតិ
ជាតិ
គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង ៖ ក្លិបទើបសម្រេចបាន៣០ភាគរយ នៃការប្រកួត CPL រដូវកាលនេះ
28, Jun 2022 , 5:59 pm        
រូបភាព
ការប្រកួតរវាងព្រះខ័នរាជ ស្វាយរៀង និង គិរីវង់សុខសែនជ័យ រូបពី Cambodian Premier League
ការប្រកួតរវាងព្រះខ័នរាជ ស្វាយរៀង និង គិរីវង់សុខសែនជ័យ រូបពី Cambodian Premier League
ព្រះខ័នរាជស្វាយរៀង នៅតែឈរលេខ១ ក្នុងតារាងបណ្ដោះអាសន្ន បន្ទាប់ពីឈ្នះ គិរីវង់សុខសែនជ័យ ក្នុងលទ្ធផល ៤-១ នៅកីឡដ្ឋានគិរីវង់សុខសែនជ័យ កាលពីថ្ងៃទី២៥ ខែមិថុនា។ លោក Conor Nestor គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង ចាត់ទុកការប្រកួតនាដើមរដូវកាលនេះ ក្លិបទើបសម្រេចបាន៣០ភាគរយទេ។



នារដូវកាល២០២២ នៃពានរង្វាន់ Cambodian Premier League មាន១៦៨ប្រកួត ដោយក្រុមនីមួយៗត្រូវ ជួបគ្នា៣ជើង មានការប្រកួតក្នុងដី ក្រៅដី នឹងនៅទឹកដីកណ្ដាល។ ដោយឡែក ៨ប្រកួតកន្លងមកនេះ ព្រះខ័នរាជស្វាយរៀង ឈ្នះ៧ និងស្មើ១។ 
 
លោក Conor Nestor គ្រូបង្វឹករបស់ព្រះខ័នរាជស្វាយរៀង មិនទាន់ចាត់ទុកជ័យជំម្នះទាំងនេះ ថាជាសមិទ្ធផផលធំនៅឡើយទេ ។ គ្រូបង្វឹករូបនេះ ជំរុញឲ្យកូនក្រុមខ្លួនបន្ដការប្រឹងប្រែង និងសាងសមិទ្ធផលល្អថែមទៀត ខណៈការប្រកួតនៅវែងឆ្ងាយ។
 
«យើង បានចាប់ផ្ដើមយ៉ាងល្អ។ យើង គ្រាន់តែសម្រេចបាន៣០ភាគរយ នៃដំណើរការឆ្ពោះទៅរដូវកាល។ ដូចនេះ នៅមានការប្រកួតជាច្រើនទៀត ដែលត្រូវប្រឹងប្រែងបន្ដ។»។ គ្រូបង្វឹកវ័យ៣៨ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ តាមតេឡេក្រាមបែបនេះ។
  

ក្រុមព្រះខ័នរាជស្វាយរៀង មុនពេលត្រៀមប្រកួតជាមួយគិរីវង់សុខសែនជ័យ រូបពី Cambodian Premier League

គ្រូបង្វឹករូបនេះ បន្ថែមថា កីឡាករទាំងអស់ ប្រឹងប្រែងហ្វឹកហាត់យ៉ាងសកម្ម ខណៈក្លិប ក៏សិក្សាពីយុទ្ធសាស្ដ្រប្រកួត និងទម្រង់លេងរបស់ក្រុម ដែលចូលរួមប្រកួតក្នុងលីគ ផងដែរ។ លោក Conor ក៏ដាក់គោលដៅប្រកួត AFC Cup ដែរ ប្រសិនជាក្រុមមានឱកាសទៅប្រកួតពានរង្វាន់ក្នុងតំបន់មួយនេះ។ 
 
ព្រះខ័នរាជ ស្វាយរៀង មិនទទួលបានពានរង្វាន់អ្វីទាំងអស់ នារដូវកាល២០២០ និង២០២១។ តែសម្រាប់រដូវកាលនេះ ក្លិបមានទីតាំងនៅស្វាយរៀង ធ្វើបានល្អ បូករួមជាមួយការប្រឹងប្រែងរបស់កីឡាករ។ បើទោះជាមិនប្រាកដក្នុងការយកជើងឯកពានរង្វាន់ CPL 2022 តែ ក្លិប បានដាក់គោលដៅធ្វើឲ្យបានល្អគ្រប់ការប្រកួតក្នុងលីគ។
 
កាលពីថ្ងៃទី២៥ ខែមិថុនា ក្នុងសប្ដាហ៍ទី៨ នៃការប្រកួត CPL ព្រះខ័នរាជ ស្វាយរៀង ឈ្នះ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋានគិរីវង់សុខសែនជ័យ ក្នុងលទ្ធ៤-១ ខណៈ ណាហ្គាវើលដ៍ យកឈ្នះ បឹងកេត ១-០ នៅកីឡដ្ឋាន Cambodian Airway ៕
 

Tag:
 បាល់ទាត់
  Cambodian Premier League
  CPL
© រក្សាសិទ្ធិដោយ thmeythmey.com