អន្តរជាតិ
ស៊ុយអែត និងហ្វាំងឡង់ ទទួលភ្លើងបៃតងពីតួកគីដើម្បីចូលជាសមាជិកណាតូបានហើយ
29, Jun 2022 , 9:59 am        
រូបភាព
នាយករដ្ឋមន្រ្តីស៊ុយអែត ប្រធានាធិបតីហ្វាំងឡង់ ប្រធានាធិបតីតួកគី និងអគ្គលេខាធិការណាតូក្នុងជំនួបថ្ងៃទី២៨ ខែមិថុនា។ រូបថតពី Twitter លោក Jens Stoltenberg
នាយករដ្ឋមន្រ្តីស៊ុយអែត ប្រធានាធិបតីហ្វាំងឡង់ ប្រធានាធិបតីតួកគី និងអគ្គលេខាធិការណាតូក្នុងជំនួបថ្ងៃទី២៨ ខែមិថុនា។ រូបថតពី Twitter លោក Jens Stoltenberg
ដោយ:
តួកគី នៅថ្ងៃទី២៨ ខែមិថុនា ព្រមដកសិទ្ធិវេតូរបស់ខ្លួនទៅលើការសុំចូលជាសមាជិកណាតូរបស់ហ្វាំងឡង់ និងស៊ុយអែត។ ប្រទេសទាំងបី បានចុះហត្ថលេខាលើអនុស្សរណៈមួយដោយសន្យាការពារសន្តិសុខគ្នាទៅវិញទៅមក ហើយស៊ុយអែត និងហ្វាំងឡង់ ក៏ព្រមដោះស្រាយក្តីបារម្ភរបស់តួកគីជុំវិញភេរវកម្ម និងដកបម្រាមលក់អាវុធ។

 
បន្ទាប់ពីចរចាបួនម៉ោងនៅទីក្រុងម៉ាឌ្រីដក្រោមការរៀបចំរបស់ប្រមុខណាតូ ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ បានឈានដល់ការ​ព្រមព្រៀងមួយជាមួយនាយករដ្ឋមន្រ្តីស៊ុយអែត Magdalena Andersson និងប្រធានាធិបតីហ្វាំងឡង់ Sauli Niinisto ដោយតួកគីលែងជំទាស់បេក្ខភាពរបស់ប្រទេសទាំងពីរនេះនៅណាតូ។ ជំនួបរបស់មេដឹកនាំទាំងបី ធ្វើមុនកិច្ចប្រជុំកំពូលណាតូនៅអេស្ប៉ាញនៅថ្ងៃទី២៨-៣០ ខែមិថុនា។
 
បើតាមអគ្គលេខាធិការសម្ព័ន្ធយោធានាតូលោក Jen Stoltenberg ប្រទេសទាំងបី យល់ព្រមលើកិច្ចព្រមព្រៀងត្រីភាគីដែលបើកផ្លូវឱ្យហ្វាំងឡង់ និងស៊ុយអែតចូលជាសមាជិកណាតូ។ នេះមានន័យថា មេដឹកនាំហ្វាំងឡង់ និងស៊ុយអែតនឹងអាចចូលរួមក្នុងកិច្ចប្រជុំកំពូលណាតូនៅថ្ងៃទី២៩ និង៣០ ខែមិថុនាក្នុងនាមជា​ភ្ញៀវ។
 
«តួកគី ហ្វាំងឡង់ និងស៊ុយអែតបានចុះហត្ថលេខាលើអនុស្សរណៈដែលដោះស្រាយកង្វល់របស់តួកគីជុំវិញការនាំចេញអាវុធ និងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម»។ លោក Stoltenberg ប្រកាសបែបនេះនៅល្ងាចថ្ងៃទី២៨ ខែមិថុនា។​ បើតាមលោក Stoltenberg ស៊ុយអែត និងហ្វាំងឡង់ នឹងធ្វើវិសោធនកម្មច្បាប់ក្នុងការរឹតបន្តឹងពួកសកម្មប្រយុទ្ធ និងបក្សពលករឃើដដែលតួកគីចាត់ទុកជាភេរវករ ក៏ដូចជាដកបម្រាមលក់អាវុធទៅកាន់តួកគី។
 
កន្លងមក តួកគីប្រកាសថានឹងរារាំងសមាជិកភាពរបស់ហ្វាំងឡង់​ និងស៊ុយអែតរហូត លុះត្រាតែខ្លួនទទួលបានការធានាថា រដ្ឋអឺរ៉ុបខាងជើងទាំងពីរមានឆន្ទៈដោះស្រាយក្តីបារម្ភរបស់ខ្លួនខាងលើ។ ដើម្បីអាចក្លាយជាសមាជិកណាតូ ហ្វាំងឡង់ និងស៊ុយអែតត្រូវការការយល់ព្រមជាឯកច្ឆន្ទពីរដ្ឋសមាជិកទាំង៣០។ 
 
ជុំវិញរឿងនេះ បើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យលោក អ៊ែរដូហ្កាន់ ក្រុងអង់ការ៉ាពិតជាពេញចិត្តនឹងលទ្ធផលនេះណាស់ ដោយសារតួកគីទទួលបានអ្វីដែលខ្លួនចង់បាន។ ចំណែក ស៊ុយអែត និងហ្វាំងឡង់ប្រកាសថា នេះជាកិច្ចព្រមព្រៀងដ៏ល្អដើម្បីឈានទៅរកសមាជិកភាពពេញលេញរបស់ណាតូ ហើយប្រទេសទាំងបីនឹងធ្វើការជាមួយគ្នាដើម្បីការពារសន្តិសុខគ្នាទៅវិញទៅមក៕


Tag:
 ស៊ុយអែត
  ហ្វាំងឡង់
  តួកគី
© រក្សាសិទ្ធិដោយ thmeythmey.com