កសិករដែលរស់នៅជុំវិញបឹងទន្លេសាប កំពុងប្រឈមមុខកាន់តែខ្លាំងឡើងនឹងខ្វះខាតទឹក និងការសឹករេចរឹលដី ដែលធ្វើឱ្យប៉ះពាល់ដល់ការប្រកបរបររបស់ពួកគេ។ ការថយចុះគុណភាពដីកសិកម្ម មានន័យថា កសិករត្រូវពឹងផ្អែកកាន់តែខ្លាំងលើជីគីមីដើម្បីបង្កើនទិន្នផល ដែលតម្រូវឱ្យចំណាយលុយច្រើន ស្របពេលពួកគាត់ជួបការលំបាកជាច្រើនស្រាប់ហើយនោះ។
ជីកំប៉ុស និងជីសរីរាង្គ ជាជម្រើសល្អជំនួសជីគីមី
ជីកំប៉ុស ជាជម្រើសមួយជំនួសឱ្យជីគីមីដើម្បីដីមានជីជាតិប្រសើរឡើង ប៉ុន្តែមិនត្រូវបានប្រើប្រាស់ទូលំទូលាយនៅកម្ពុជាទេ។
អង្គការអប់រំបរិស្ថាន និងការកែច្នៃឡើងវិញ (COMPOSTED) មានទីតាំងនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាអង្គការក្នុងស្រុកមួយដែលផលិតជីកំប៉ុស។ លោក សម ផល្លា នាយកអង្គការ COMPOSTED និយាយថា អង្គការរបស់លោកយកកាកសំណល់ពីទីផ្សារ និងបំបែកកាកសំណល់សរីរាង្គចេញពីប្លាស្ទិក។ កិច្ចការនេះ បានចាប់ផ្តើមក្នុងខេត្តបាត់ដំបងក្នុងឆ្នាំ២០០៩ បន្ទាប់ពីអង្គការរបស់លោកមើលឃើញថា កាកសំណល់សរីរាង្គទាំងនោះ ជាឱកាសមួយ។
លោកផល្លាបន្តថា៖ «កាកសំណល់ចម្រុះនេះ ត្រូវប្រមូលតាមទីផ្សារដោយក្រុមហ៊ុនប្រមូលសំរាម។ ប៉ុន្តែកម្មកររបស់យើង ត្រូវញែកកាកសំណល់សរីរាង្គចេញពីសំណល់ប្លាស្ទិក មុននឹងអាចប្រែក្លាយទៅជាជីកំប៉ុសបាន»។
ដោយទទួលបានជំនួយពីអាល្លឺម៉ង់ អង្គការរបស់លោក ផល្លា អាចលក់ជីកំប៉ុសទៅឱ្យកសិករក្នុងតម្លៃថោកជាងមុន ជាមួយនឹងគោលដៅចម្បងក្នុងការជួយកសិករផ្លាស់ប្តូរទៅរកកសិកម្មសរីរាង្គវិញ។
«ជីកំប៉ុសនេះអាចប្រើបានលើដំណាំគ្រប់ប្រភេទ ហើយមានតម្លៃត្រឹមតែ១២០ដុល្លារក្នុងមួយតោន ដែលថោកជាងថ្លៃដើមផលិតរបស់យើង ដូច្នេះយើងចង់ធ្វើឱ្យកសិករអាចប្រើវាកាន់តែច្រើន»។ ប្រធានអង្គការដដែលលើកបែបនេះ រួចបន្ថែមថា អង្គការរបស់លោកអាចផលិតជីកំប៉ុសពី៦០ទៅ៨០តោនក្នុងមួយឆ្នាំ។ នៅពេលសួរថាអាចបង្កើនបរិមាណការផលិតកម្មជីកំប៉ុសឬទេ លោក ផល្លា យល់ស្របថា វាអាចទៅរួចតាមរយៈការកំណត់តំបន់ដែលមានបរិមាណសំរាមច្រើន ដោយលោកមើលឃើញទីក្រុងភ្នំពេញជាទីតាំងល្អបំផុតមួយ ព្រោះមានកាកសំណល់ច្រើនជាង៣០០០តោនក្នុងមួយថ្ងៃ។
ប៉ុន្តែការកើនឡើងការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា បានធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់លោក ផល្លា ក្នុងការដោះស្រាយបញ្ហាសំរាមនេះ។ លោកថ្លែងថា៖ «កាលពីមុន ពេលយើងទើបចាប់ផ្តើមគម្រោង កាកសំណល់សរីរាង្គមានរហូតដល់៧៥ភាគរយនៃកាកសំណល់ដែលយើងទទួលបានពីផ្សារ។ ប៉ុន្តែអ្វីៗបានផ្លាស់ប្តូរពេលនេះ ដោយកាកសំណល់សរីរាង្គបានធ្លាក់ចុះមកនៅត្រឹម៥០ ភាគរយ ខណៈប្លាស្ទិកមានកាន់ច្រើន។ ដូចនេះ ការញែកកាកសំណល់ ជាចំណុចគន្លឹះនៅពេលឥឡូវនេះ»។
ទិតាំងដុតសំរាមនៅបាត់ដំបង។ រូបថត AFP
ក្រៅពីគម្រោងខាងលើ គំនិតផ្តួចផ្តើមមួយទៀតគឺជន្លេន ដែលជាអាជីវកម្មមានគោលបំណងផលិតកាកសំណល់ជន្លេន ដើម្បីជាជម្រើសមួយផ្សេងទៀតជំនួសជីគីមី។ ដំណើរការដោយសហគ្រិនវ័យ២៨ ឆ្នាំឈ្មោះ សុខ សុធារ័ត្ន គម្រោងជន្លេន បានចាប់ផ្តើមនៅចុងឆ្នាំ២០១៨ ជាមួយនឹងការផលិតជីនៅសហគមន៍ជនបទក្នុងខេត្តកំពង់ឆ្នាំង។
បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកក្សេត្រសាស្រ្ត សុធារ័ត្ន និយាយថា គោលដៅចម្បងរបស់ខ្លួន គឺណែនាំកសិករឱ្យស្គាល់ពីមធ្យោបាយច្នៃប្រឌិតបន្ថែមទៀតក្នុងការលើកកម្ពស់គុណភាពដីស្រែរបស់ពួកគេ។
«ជន្លេន ផ្តល់ឱ្យកសិករក្នុងស្រុកនូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ឧបករណ៍ និងការបណ្តុះបណ្តាលបច្ចេកទេសមួយចំនួន។ តាមរយៈគម្រោងនេះ កសិករយល់ព្រមចិញ្ចឹមជន្លេន និងផលិតអាចន៍ជន្លេន ហើយខ្ញុំជួយពួកគេស្វែងរកទីផ្សារ»។ សុធារ័ត្ន និយាយបែបនេះ ដោយបន្ថែមទៀតថា អាជីវកម្មរបស់ខ្លួនអនុវត្តលើសហគមន៍ដែលមាន៥គ្រួសារក្នុងខេត្តកំពង់ឆ្នាំង ដែលប្រមូលអាចន៍ជន្លេនបានប្រហែល១០តោនរៀងរាល់ខែ។
«ខ្ញុំក៏បានព្យាយាមអនុវត្តគម្រោងនេះនៅក្នុងតំបន់ផ្សេងទៀតដែរ ប៉ុន្តែមិនទាន់បានប្រែទៅជាគម្រោងដបែបសហគមន៍នៅឡើយទេ។ នៅពេលដែលវាក្លាយជាគម្រោងបែបសហគមន៍ កសិករអាចប្រើប្រាស់ធនធានរួមគ្នាដោយស្រួល ប្រមូលសំរាមសរីរាង្គរួមគ្នា និងចែករំលែកគំនិតគ្នាទៅវិញទៅមកក្នុងសហគមន៍ពួកគាត់»។ យុវតីខាងលើអះអាងបែបនេះ។
«នេះជាអ្វីដែលខ្ញុំចង់បាន ព្រោះវាជាគំនិតស្នូលនៃអាជីវកម្មប្រកបដោយនិរន្តរភាព ដែលកាត់បន្ថយការចំណាយ និងថ្លៃដើមផលិតកម្ម»។ យុវតីវ័យ២៨ឆ្នាំ បន្តបែបនេះ ដោយទទួលស្គាល់ដែរថា កសិករតិចតួចប៉ុណ្ណោះដែលចាប់អារម្មណ៍អាជីវកម្មរបស់ខ្លួន ហើយភាគច្រើនបន្តប្រើប្រាស់វិធីសាស្រ្តចាស់ និងមិនចង់សម្របខ្លួនទៅនឹងបរិយាកាសថ្មីឡើយ។
«នៅពេលខ្ញុំជួបជាមួយកសិករដែលចូលចិត្តគំនិតរបស់ខ្ញុំ វាធ្វើឱ្យខ្ញុំក្លាហានដើម្បីបន្ត។ នោះហើយជាមូលហេតុដែលខ្ញុំបានព្យាយាមផ្តល់ចំណេះដឹងដល់ពួកគាត់ ក៏ដូចជាជួយពួកគាត់បង្កើនប្រាក់ចំណូល»។ សុធារ័ត្នបន្តពន្យល់ដូច្នេះ។
សម្រាប់កសិករដែលមិនតែចង់ផ្លាស់ប្តូរ ទំនងជាត្រូវទុកចោល នៅពេលដែលពិភពលោកជុំវិញពួកគេ បានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហើយជួនកាលជាការផ្លាស់ប្ដូរទាំងបង្ខំ។ បម្រែបម្រួលអាកាសធាតុដែលកាន់តែមិនអាចទាយទុកជាមុនបាន បូករួមគម្រោងអភិវឌ្ឍន៍ដែលមិនបានគិតគូរឱ្យត្រឹមត្រូវ ហើយជះឥទ្ធិពលដល់ប្រព័ន្ធធារាសាស្ត្រ និងចុងក្រោយជះផលមិនល្អដល់កសិករទៀតនោះ ជាសញ្ញាបង្ហាញថា ការធ្វើកសិកម្ម លែងដូចពីមុនទៀតហើយ។ ការសម្របខ្លួន និងភាពធន់ ជាអ្វីដែលអ្នកពាក់ព័ន្ធកំពុងជំរុញ។
ការគិតឡើងវិញពីច្រវាក់ផលិតកម្មជាមួយនឹងដំណោះស្រាយរយៈពេលវែង
ការឡើងថ្លៃរបស់ជីគីមី អាចជាកម្លាំងចលករថ្មីមួយសម្រាប់ការផ្លាស់ប្តូរទៅការធ្វើកសិកម្មប្រកបដោយចីរភាពជាងមុន ខណៈដែលការកើនឡើងផលិតកម្មជីដែលអាចប្រើជំនួសជីគីមីកសិកម្មត្រូវមើលឃើញថាល្អប្រសើរដែរ។ ប៉ុន្តែអ្នកជំនាញបានព្រមានថា ការពឹងផ្អែកខ្លាំងលើជីគីមី នឹងមិនចប់ឡើយ ប្រសិនបើបញ្ហាជាប្រព័ន្ធនៅក្នុងច្រវាក់ផលិតកម្មកសិកម្មរបស់កម្ពុជា មិនត្រូវបានដោះស្រាយទេនោះ។
«កសិករយើងចូលចិត្តអ្វីស្រួលៗ។ ពួកគាត់នឹងវិលទៅរកទម្លាប់ចាស់ដោយប្រើប្រាស់ជីគីមីវិញនៅពេលដែលតម្លៃជីធ្លាក់ដល់កម្រិតមុនការផ្ទុះជំងឺកូវីដ-១៩នោះ»។ លោក វីរ៉ា អះអាងបែបនេះ។
ជាដំណោះស្រាយលើបញ្ហានេះ បន្ថែមលើការជួយកសិករធ្វើជីសរីរាង្គដោយខ្លួនឯង លោក វីរា លើកឡើងថា ការស្ដារប្រព័ន្ធអេកូឡូស៊ីកសិកម្ម គួរជារឿងដែលត្រូវផ្ដោតលើ។
«ដំបូងគឺការផ្តោតលើការស្ដារទេសភាពតំបន់ទាំងនោះឡើងវិញ។ កសិករគួរដាំដើមឈើ ព្រោះវាអាចការពារពីខ្យល់ និងភ្លៀង ព្រមទាំងផ្តល់ជម្រកដល់សត្វស្លាបទៀតផង។ ជាងនេះទៅទៀត ពួកគាត់អាចដាំដំណាំតាមរដូវ ដើម្បីរក្សាទេសភាព»។ នេះជាការបញ្ជាក់របស់លោក វីរា ដោយបន្ថែមថា កសិករ ក៏ត្រូវដាំដំណាំក្នុងរដូវប្រាំងដែរដើម្បីជាគម្របដីអាចផលិតជីវម៉ាស និងផ្តល់ជីវជាតិដល់ដី។
«ហើយពួកគេត្រូវរក្សាជីវម៉ាស ដោយមិនត្រូវដុតដំណាំទាំងនោះក្រោយប្រមូលផលនៅរាល់ឆ្នាំឡើយ។ កសិកររបស់យើងចូលចិត្តដុតអ្វីដែលនៅសេសសល់លើដីស្រែរបស់ពួកគាតបន្ទាប់ពីច្រូតកាត់ ប៉ុន្តែវាដូចជាដុតលុយខ្លួនឯងអ៊ីចឹង»។ មន្រ្តីបច្ចេកទេសដដែលបន្តបែបនេះ។
ដោយសារមានការផ្លាស់ប្តូរកម្លាំងពលកម្មក្នុងវិស័យកសិកម្ម កសិករលែងស្ទូងស្រូវដែលជាវិធីសាស្ត្រមានចីរភាព ហើយជ្រើសរើសការព្រោះវិញ ដោយសារវាលឿនជាងមុន និងត្រូវការកម្លាំងពលកម្មតិច។
ត្រង់នេះ លោក វីរ៉ា ចង្អុលបង្ហាញថា៖ «ការធ្វើបែបនេះធ្វើឱ្យស្មៅដុះជាមួយ ឬប្រជែងរស់ជាមួយដំណាំរបស់ពួកគាត់។ នេះជាហេតុផលដែលបង្ខំឱ្យកសិករបន្តប្រើថ្នាំសម្លាប់ស្មៅ»។
បច្ចុប្បន្ន កសិករកម្ពុជាមួយចំនួនធំពឹងផ្អែកលើគ្រឿងចក្រ ដូចជាត្រាក់ទ័រ ដោយសារវាជួយកាត់បន្ថយថ្លៃដើម។ ប៉ុន្តែការណ៍នេះក៏បង្កើតបាតុភូតដែលគេស្គាល់ថាដីហាប់ផងដែរ។
គំនរសំរាមនៅឯកភ្នំ ត្រូវបានប្រមូលដើម្បីធ្វើជី។ រូបថតដោយ សៅ ផលនិស្ស័យ
«ដូច្នេះ ការបន្ថយចំនួនដងនៃការភ្ជួររាស់ ត្រូវការជាចាំបាច់។ ជំនួសមកវិញ ពួកគាត់គ្រាន់តែជ្រោយដីវិញ។ ការធ្វើបែបនេះអាចឱ្យដីអាចស្រូបយកសារធាតុចិញ្ចឹមបានច្រើនមិនថាប្រើជីណាឡើយ»។ លោក វីរ៉ា ពន្យល់បែបនេះ។ បើតាមអ្នកជំនាញដដែល កសិករដែលប្រកបរបរចិញ្ចឹមជីវិតដោយពឹងអាស្រ័យលើស្រែចម្ការមួយចំនួនតូចប៉ុណ្ណោះ បានដឹងពីបញ្ហាទាំងនេះ ឬដំណោះស្រាយតែម្ដង។
«ហេតុនេះហើយ បានជាយើងចាំបាច់ពន្យល់ពួកគាត់ឱ្យយល់ ឬរកច្រកចេញ»។ លោក វីរ៉ា បន្ថែម។
បើមើលតាមជ្រុងសេដ្ឋកិច្ច មន្រ្តីអគ្គនាយកដ្ឋានកសិកម្មរូបនេះ យល់ស្របដែរថា កសិករត្រូវតែមានការលើកទឹកចិត្តបន្ថែមទៀត បើចង់ឱ្យពួកគាត់បោះបង់ការអនុវត្តដែលមិនមាននិរន្តរភាពនោះ។ លោកសង្កត់ធ្ងន់ថា៖ «ប្រសិនបើពួកគាត់បោះបង់ជីគីមី តែបានចំណេញប្រហាក់ប្រហែលនឹងអ្នកដែលប្រើជីគីមីដែរ ហេតុអ្វីពួកគាត់ត្រូវខ្វល់ខ្វាយ ហើយផ្លាស់ប្ដូរនោះ?»
អ្វីដែលសំខាន់ មិនមែនជាដំណោះស្រាយទេ ប៉ុន្តែការរួមបញ្ចូលដំណោះស្រាយដែលត្រូវលើកឡើងដើម្បីប្តូរច្រវាក់ផលិតកម្មទាំងមូល ដែលរួមមានកសិករ អ្នកផលិត អ្នកលក់ អ្នកប្រើប្រាស់ និងអ្នកបង្កើតគោលនយោបាយជាដើម។
«ការផ្លាស់ប្តូរ ត្រូវតែមានចាប់ពីនៅស្រែចម្ការ រហូតដល់គោលនយោបាយ។ វិធីសាស្រ្តប្រកបដោយការច្នៃប្រឌិត ជាជំហានសំខាន់ដើម្បីឱ្យរឿងនេះកើតឡើងបាន។ ប្រសិនបើការផ្លាស់ប្តូរមិនមានលើអ្នករាល់គ្នាទេ វាក៏មិនមាន [ការកាត់បន្ថយការប្រើជីគីមី] នោះដែរ»។ លោក វីរ៉ា អះអាងដូច្នេះ។
ការផ្លាស់ប្តូរផ្នត់គំនិតនេះ ត្រូវបានគាំទ្រដោយប្រធានគម្រោងជន្លេនដែរ។ សុធារ័ត្ន បានបន្ថែមថាវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត និងយូរអ្វែងក្នុងការធ្វើកសិកម្ម ជារឿយៗត្រូវបានកសិករបដិសេធ។ សុធារ័ត្ន កត់សម្គាល់ដែរថា កសិករដែលខ្លួនធ្វើការជាមួយ ប្រើតែអាចន៍ជន្លេនសម្រាប់ដាំបន្លែប៉ុណ្ណោះ ដោយមិនប្រើលើដំណាំទាំងអស់ឡើយ។
សុធារ័ត្នបកស្រាយថា៖ «ពួកគាត់ធ្វើបែបនេះ ព្រោះគិតតែចង់បានទិន្នផលខ្ពស់តែមួយមុខ។ ដូចដឹងស្រាប់ហើយ ពួកគាត់អាចធ្វើស្រែបានតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ។ ដូច្នេះ បញ្ហាដែលខ្ញុំឃើញ គឺការមិនពេញចិត្តរបស់ពួកគាត់ក្នុងការទទួលយកវិធីសាស្រ្តធ្វើកសិកម្មថ្មី និងសម្របខ្លួនទៅនឹងការប្រើប្រាស់ជីសរីរាង្គឱ្យកាន់តែទូលំទូលាយ»។
មិនខុសគ្នាពីអ្នកជំនាញទាំងពីរខាងលើ លោក ថាណូ បានយល់ស្របថា ការផ្លាស់ប្តូរការយល់ឃើញ ជាដំណោះស្រាយយូរអង្វែងតែមួយគត់ ប៉ុន្តែលោកទទួលស្គាល់ថា វាត្រូវការពេលវេលាដែរ។
«ចំណេះដឹងរបស់អ្នកប្រើប្រាស់លើបន្លែសុវត្ថិភាពមានសារសំខាន់ណាស់។ នៅពេលដែលពួកគាត់ចាប់ផ្តើមប្រើប្រាស់បន្លែសុវត្ថិភាពកាន់តែច្រើន វាក៏បង្កើតទីផ្សារធំជាងមុនសម្រាប់កសិកម្មសុវត្ថិភាព ហើយទីបំផុតទៅ នឹងក្លាយជាការលើកទឹកចិត្តកសិករឱ្យផ្លាស់ប្តូររបៀបធ្វើស្រែចម្ការរបស់ពួកគាត់មិនខាន»។ នាយកកម្មវិធីរបស់អង្គការទស្សនៈពិភពលោកដដែលបញ្ជាក់បែបនេះ។ វាជាមូលហេតុចម្បងដែលគម្រោងរបស់លោក ថាណូ ផ្តោតខ្លាំងលើការជួយកសិករឱ្យទទួលបានទីផ្សារ ហើយមានប្រាក់ចំណូលសមរម្យ។
ទោះបីជាតម្លៃជីគីមីកើនឡើងដែលនឹងក្លាយជាបន្ទុកដល់កសិករក៏ដោយ វាក៏មិនបានផ្លាស់ប្តូរអ្វីដែរក្នុងការអនុវត្តកិច្ចការងារកសិកម្មជាទូទៅរបស់កសិករ។ ប៉ុន្តែវាបង្ហាញថា វាមានតែវិធីសាស្រ្តរួម និងការផ្លាស់ប្តូរជាប្រព័ន្ធដែលធ្វើឡើងដោយភាគីពាក់ព័ន្ធទាំងអស់នៅកម្ពុជាប៉ុណ្ណោះដែលជួយទប់ស្កាត់កសិករមិនឱ្យជួបប្រឈមបញ្ហាច្រើននៅពេលអនាគត៕
លោក តន ចាន់រិទ្ធារ៉ា រួមចំណែកក្នុងអត្ថបទនេះ។