អន្តរជាតិ
G7 ជំរុញឱ្យមានការសម្របសម្រួលកាន់តែខ្លាំងរវាងប្រេសិតអាស៊ាន និង UN លើវិបត្តិមីយ៉ាន់ម៉ា
29, Jun 2022 , 11:58 am        
រូបភាព
លោកស្រី Noeleen Heyzer ប្រេសិតអង្គការសហប្រជាជាតិសម្រាប់កិច្ចការមីយ៉ាន់ម៉ា ជួបលោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា និងជាប្រេសិតប្រធានអាស៊ាន។ រូបថត Facebook លោក ប្រាក់ សុខុន
លោកស្រី Noeleen Heyzer ប្រេសិតអង្គការសហប្រជាជាតិសម្រាប់កិច្ចការមីយ៉ាន់ម៉ា ជួបលោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា និងជាប្រេសិតប្រធានអាស៊ាន។ រូបថត Facebook លោក ប្រាក់ សុខុន
ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ (G7) នៅថ្ងៃទី២៨ ខែមិថុនា បានបញ្ជាក់ពីការគាំទ្ររបស់ខ្លួនលើកិច្ចខិតខំរបស់អង្គការសហប្រជាជាតិ និងលើកទឹកចិត្តឱ្យមានការសម្របសម្រួលកាន់តែខ្លាំងពីសំណាក់ប្រេសិតពិសេសអាស៊ាន និងប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលើវិបត្តិនៅមីយ៉ាន់ម៉ា។

 
ជាងរយៈពេល ១ឆ្នាំហើយ វិបត្តិមីយ៉ាន់ម៉ាបន្តអូសបន្លាយ ខណៈដំណោះស្រាយនយោបាយ នៅតែមិនមានច្បាស់លាស់។ កន្លងមក មេដឹកនាំយោធា លោក មីន អ៊ុងឡាំង បានអះអាងថា ការបោះឆ្នោតនឹងរៀបចំនៅខែសីហា ឆ្នាំ២០២៣ខាងមុខ។ ជុំវិញបញ្ហានេះ ក្រុមប្រទេសអ្នកមានទាំង៧ បានថ្កោលទោសយ៉ាងខ្លាំងចំពោះរដ្ឋប្រហារយោធា និងបង្ហាញពីក្តីបារម្ភជុំវិញស្ថានភាពសិទ្ធិមនុស្ស មនុស្សធម៌ និងនយោបាយនៅមីយ៉ាន់ម៉ា។ 
 
មិនតែប៉ុណ្ណោះ ក្រុមប្រទេស G7 បានលើកឡើងថា ខ្លួននឹងបន្តគាំទ្ររាល់កិច្ចខិតខំទាំងអស់របស់អាស៊ាន និងការអនុវត្តការឯកភាព ៥ចំណុច ដែលបានដាក់ចេញកាលពីខែមេសា ឆ្នាំ២០២១ កន្លងមក។ លើសពីនេះ ក្រុមប្រទេសអ្នកមានទាំង៧ ចង់បានការចូលរួមពីប្រេសិតពិសេសអាស៊ានបន្ថែមទៀត មុនទស្សនកិច្ចរបស់ប្រេសិតពិសេសអាស៊ាន និងជារដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន នៅមីយ៉ាន់ម៉ាជាលើកទីពីរ។ 
 
«យើង...លើកទឹកចិត្តឱ្យមានការសម្របសម្រួលកាន់តែខ្លាំងរវាងប្រេសិតពិសេសអាស៊ាន និងប្រេសិតពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិលើមីយ៉ាន់ម៉ា»។ ក្រុមប្រទេស G7 បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍រួមចេញនៅថ្ងៃទី២៨ ខែមិថុនា ដែលជាថ្ងៃកិច្ចប្រជុំ G7 បានបិទបញ្ចប់។ 
 
ទន្ទឹមនេះ ក្រុមប្រទេសអ្នកមានខាងលើ ក៏បានជំរុញរបបសឹកបញ្ចប់អំពើហិង្សាភ្លាមៗ ដោះលែងអ្នកទោសនយោបាយ អ្នកឃុំខ្លួនដោយបង្ខំ និងវិលត្រលប់ទៅអនុវត្តប្រជាធិបតេយ្យវិញ។ 
 
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ត្រូវធ្វើទស្សនកិច្ចផ្លូវការ ជាលើកទី២ នៅមីយ៉ាន់ម៉ាចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ដើម្បីតាមដានការអនុវត្តកិច្ចព្រមព្រៀង៥ ចំណុច។ កន្លងមក ប្រេសិតពិសេសអាស៊ាន បានស្នើឱ្យអាជ្ញាធរមីយ៉ាន់ម៉ាបញ្ជូនលោកស្រី អ៊ុងសាន ស៊ូជី ត្រឡប់ទៅឃុំខ្លួន នៅផ្ទះវិញ បន្ទាប់ពីត្រូវឃុំខ្លួនដាច់ពីគេ ក្នុងពន្ធនាគារនៅក្នុងទីក្រុងណៃពិដោ។ 
 
មិនតែប៉ុណ្ណោះ យោធាមីយ៉ាន់ម៉ា នៅតែបន្តប៉ះទង្គិចជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលបង្កឱ្យប្រជាជនស៊ីវិលជាច្រើននាក់ ត្រូវភៀសខ្លួន និងបាត់បង់ជីវិត៕ 
 

Tag:
 G7
  អាស៊ាន
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com