អន្តរជាតិ
ឆ្លើយ​តបរបាយការណ៍ក្យូដូ ទូតរុស្ស៊ីនៅកម្ពុជា ចោទជប៉ុនថាមាន​ចេតនា​ដក​រុស្ស៊ីពី​វេទិកាអន្តរជាតិ
29, Jun 2022 , 3:07 pm        
រូបភាព
លោក Rafael Iangareev មន្រ្តីព័ត៌មានប្រចាំនៅស្ថានទូតរុស្ស៊ីក្នុងក្រុងភ្នំពេញ(ខាងស្តាំ) និងវរសេនីយ៍ឯក Sergei Shumilin អនុព័ន្ធយោធារងប្រចាំនៅស្ថានទូតរុស្ស៊ី នៅថ្ងៃទី២៩ ខែមិថុនា។ រូបភាពយកពីសន្និសីទសារព័ត៌មាន។
លោក Rafael Iangareev មន្រ្តីព័ត៌មានប្រចាំនៅស្ថានទូតរុស្ស៊ីក្នុងក្រុងភ្នំពេញ(ខាងស្តាំ) និងវរសេនីយ៍ឯក Sergei Shumilin អនុព័ន្ធយោធារងប្រចាំនៅស្ថានទូតរុស្ស៊ី នៅថ្ងៃទី២៩ ខែមិថុនា។ រូបភាពយកពីសន្និសីទសារព័ត៌មាន។
 ស្ថានទូតរុស្ស៊ីប្រចាំនៅក្រុងភ្នំពេញ ក្នុងថ្ងៃទី២៩ ខែមិថុនា អះអាងថា ការពិចារណាឡើងវិញរបស់ជប៉ុនក្នុងការចូលរួមជំនួបប្រមុខការពារជាតិអាស៊ានបូក ៨ប្រទេសដែលគ្រោងធ្វើនៅកម្ពុជា ជាចេតនាដករុស្ស៊ីចេញពីវេទិកាអន្តរជាតិ ដែលដូចដែលធ្វើឡើងដោយលោកខាងលិច។ ទន្ទឹមនេះ ស្ថានទូតរុស្ស៊ី បានបន្ថែមផងដែរថា​ វត្តមានរបស់លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី និងលោក ស៊ែហ្គេយ៍ ឡាវរ៉ូវ ក្នុងកិច្ចប្រជុំអាស៊ីបូព៌ា កំពុងស្ថិតក្រោមការពិចារណា។

 
ទីភ្នាក់ងារព័ត៌មានKyodo នាពេលកន្លងមក បានចុះផ្សាយថា លោក គីស៊ី ណូប៊ូ រដ្ឋមន្រ្តីការពារជាតិជប៉ុន បានថ្លែងប្រាប់សម្តេច ទៀ បាញ់ ប្រមុខការពារជាតិម្ពុជាថា ជប៉ុននឹងពិចារណាឡើងវិញក្នុងការចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការពារជាតិអាស៊ានបូក ៨ប្រទេស ដែលនឹងរៀបចំឡើងនៅខែវិច្ឆិកាខាងមុខ ប្រសិនបើកម្ពុជាអញ្ជើញភាគីរុស្ស៊ីចូលរួម។
 
ជំនួបថ្នាក់រដ្ឋមន្រ្តីការពារជាតិអាស៊ានបូក ៨ប្រទេស មានដូចជា ប្រទេសអាស៊ានទាំង១០ អូស្រ្តាលី ចិន ឥណ្ឌា ជប៉ុន នូវែលសេឡង់ កូរ៉េខាងត្បូង រុស្ស៊ី និងអាម៉េរិក។ ទាក់ទិននឹងបញ្ហានេះ ស្ថានទូតរុស្ស៊ីប្រចាំនៅក្រុងភ្នំពេញបានឆ្លើយតបថា រដ្ឋាភិបាលតូក្យូមានបំណងដកក្រុងមូស្គូចេញពីវេទិកា និងអង្កការអន្តរជាតិ ដូចអ្វីដែលប្រទេសលោកខាងលិចបានធ្វើ។
 
«ការលើកឡើងរបស់ភាគីជប៉ុន ជាការប៉ុនប៉ងដូចប្រទេសលោកខាងលិច ដែលចង់មិនរួមបញ្ចូលរុស្ស៊ីទៅក្នុងវេទិកា និងអង្គការអន្តរជាតិ»។ លោក Rafael Iangareev មន្រ្តីព័ត៌មានប្រចាំនៅស្ថានទូតរុស្ស៊ីក្នុងក្រុងភ្នំពេញ បានផ្តល់ចម្លើយដលសារព័ត៌មានថ្មីៗបែបនេះ ដែលបានសួរសំណួរជុំវិញការលើកឡើងរបស់លោក គីស៊ី ណូប៊ូ ។
 
បើតាមមន្រ្តីព័ត៌មានរូបនេះ រដ្ឋាភិបាលក្រុងតូក្យូបន្តស្វះស្វែងរកចំណាត់ការបែបបំផ្លិចបំផ្លាញ ដែលជាផ្នែកមួយនៃគោលនយោបាយដាក់ទណ្ឌកម្ម ឬរឹតត្បិត មកលើរដ្ឋាភិបាលក្រុងមូស្គូ។​ ត្រង់ចំណុចនេះ លោក Iangareev បានសង្កត់ធ្ងន់ថា ដោយសារមូលហេតុខាងលើ ទើបធ្វើឱ្យរុស្ស៊ីដាក់ជប៉ុន ក្នុងបញ្ជីជារដ្ឋអមិត្ត។
 
ទន្ទឹមនេះ មន្រ្តីស្ថានទូតរុស្ស៊ីប្រចាំនៅក្រុងភ្នំពេញ ក៏ឆ្លើយសំណួរជុំវិញវត្តមានរបស់លោកវ្ ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ីបូព៌ា ដែលនឹងរៀបចំឡើងនៅខែវិច្ឆិកាខាងមុខ និងលោក លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ ប្រមុខការទូតរុស្ស៊ីក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ីបូព៌ា ដែលនឹងប្រារព្ធឡើងនៅខែសីហាផងដែរ។
 
ក្នុងសន្និសីទសារព័ត៌មានប្រមាណ១ម៉ោងនេះ លោក Iangareev បានអះអាងថា វត្តមានរបស់លោកពូទីន និងលោកឡាវរ៉ូវ ក្នុងកិច្ចប្រជុំទាងពីរខាងមុខ កំពុងស្ថិតក្រោមការសម្រេចចិត្ត ប៉ុន្តែលោកបញ្ជាក់ថា រុស្ស៊ី នឹងប្រាប់ភាគីកម្ពុជានៅពេលក្រោយទៀត។
 
កន្លងមក អាម៉េរិក និងសម្ព័ន្ធមិត្ត ក៏ធ្លាប់បានជំរុញឱ្យឥណ្ឌូណេស៊ី ប្រធានផ្លាស់វេននៃកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G20) ដករុស្ស៊ីចេញដែរ។
 
អស់រយៈពេលជាច្រើនខែហើយ ដែលរុស្ស៊ីបានបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ក្រោមហេតុផលការពារប្រជាជនខ្លួនពីការសម្លាប់របស់របបណាហ្ស៊ី និងរំដោះតំបន់ដុនបាល។ មកទល់ពេលនេះ ប្រជាជនស៊ីវិលអ៊ុយក្រែនជាច្រើនលាននាក់ បានភៀសខ្លួនចេញពីប្រទេស និងមនុស្សជាច្រើនពាន់នាក់ បានរងរបួស និងបាត់បង់ជីវិត៕
 

Tag:
 រុស្ស៊ី
  ជប៉ុន
  អ៊ុយក្រែន
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com