អន្តរជាតិ
ប្រមុខការទូតចិន នឹងធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ាលើកដំបូង ចាប់តាំងពីរដ្ឋប្រហារ
29, Jun 2022 , 4:23 pm        
រូបភាព
លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ជាមួយលោក មីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា នៅក្នុងខែមករា ឆ្នាំ២០២១។ រូបភាព៖ Xinhua
លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ជាមួយលោក មីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា នៅក្នុងខែមករា ឆ្នាំ២០២១។ រូបភាព៖ Xinhua
រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នឹងធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ាចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកក្កដា។ អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP បែបនេះ នៅថ្ងៃទី២៨ ខែមេសា។ ក្នុងទស្សនកិច្ចលើកដំបូងនៅមីយ៉ាន់ម៉ាចាប់តាំងពីរដ្ឋប្រហារយោធា លោក វ៉ាង នឹងចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិមេគង្គ-ឡានឆាង។



 
មុនរដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងប្រេសិតពិសេសអាស៊ាន លោក ប្រាក់ សុខុន បញ្ចប់ទស្សនកិច្ចមួយថ្ងៃ លោកវ៉ាង យី ប្រមុខការទូតចិន នឹងធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា​ ដើម្បីចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃកិច្ចសហប្រតិបត្តិមេគង្គ-ឡានឆាង ដែលមានសមាជិកចំនួន ៦ប្រទេសដូចជា ចិន ថៃ ឡាវ មីយ៉ាន់ម៉ា វៀតណាម និងចិន។ នេះបើតាមការបញ្ជាក់របស់លោក Zaw Min Tun អ្នកនាំពាក្យរបបសឹកមីយ៉ាន់ម៉ា។ 
 
មីយ៉ាន់ម៉ា និងចិន នឹងធ្វើជាសហប្រធានកិច្ចប្រជុំ ដែលរៀបចំឡើងនៅក្រុងBagan ដែលជាសម្បត្តិបេតិកភណ្ឌរបស់អង្គការយូណេស្កូចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែមិថុនា។ 
 
យ៉ាងណាមិញ ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន AFP​ លោក  Zaw Min Tun បានអះអាងថា លោក មិនប្រាកដឡើយលោកវ៉ាង នឹងជួបជាមួយឧត្តមសេនីយ៍ មីន អ៊ុងឡាំង ​ឬយ៉ាងណា។ នេះជាដំណើរទស្សនកិច្ចរបស់ប្រមុខការទូតចិនលើកដំបូងចាប់តាំងពីរដ្ឋប្រហារយោធា នៅខែកុម្ភៈ​ ឆ្នាំ២០២១។ 
 
កន្លងមក ចិន មិនធ្លាប់រិះគន់រដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ាឡើយ ហើយថែមទាំងមិនបានដាក់ទណ្ឌកម្ម លើយោធា ដូចប្រទេសលោកខាងលិចថែមទៀត។ រដ្ឋាភិបាលក្រុងប៉េកាំង បានត្រឹមតែអំពាវនាវឱ្យភាគីនៅមីយ៉ាន់ម៉ា ចូលតុចរចា និងដោះស្រាយជម្លោះប្រកបដោយសន្តិភាពប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ ចិនក៏ធ្លាប់លើកឡើងពីការការពារអធិបតេយ្យ ឯករាជ្យភាព និងបូរណភាពដែនដីរបស់មីយ៉ាន់ម៉ាផង។ 
 
តាមទិន្នន័យរបស់អ្នកជំនាញអង្គការសហប្រជាជាតិ យោធាមីយ៉ាន់ម៉ា បានសម្លាប់ប្រជាជនស៊ីវិលច្រើនជាង​ ២ពាន់នាក់ ខណៈប្រជាជនប្រមាណ ៧០ម៉ឺននាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែង ដើម្បីរកកន្លែងសុវត្ថិភាព៕  
 

Tag:
 ចិន
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com