ជាតិ
សិល្បះ
រក​ឃើញ​ជើង​ឯកពាន​រង្វាន់​​កីឡាប្រពៃណី​វាយ​ប្រដំ​លើក​ដំបូង​​នៅ​ខេត្ត​ស្វាយ​រៀង​
29, Jun 2022 , 6:59 pm        
រូបភាព
ដោយ:
ស្វាយ​រៀង​៖ ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ បាន​រៀប​ចំ​​ការ​ប្រកួត​ល្បែង​​ប្រពៃណី​វាយ​ប្រដំ ពាន​រង្វាន់​ព្រៃ​តាអី ស្រុក​ស្វាយ​ទាប ខេត្ត​ស្វាយ​រៀង​ជា​លើក​ដំបូង​។ ក្រុម​ដែល​ទទួល​បាន​ជ័យ​លាភី​លេខ​១ ឈ្មោះក្រុម​​ភូមិតាប៉ោញ មាន​លោក ធី សំណាង ជា​ប្រធាន​ក្រុម​ និង​ជ័យ​លាភី​លេខ​២ ឈ្មោះក្រុម​​ត្រពាំងចក​ មាន​លោក នាង ធារិទ្ធិ ជា​ប្រធាន​ក្រុម​។


ការ​ប្រកួត​ល្បែង​ប្រពៃណី​វាយ​ប្រដំ​ ពាន​រង្វាន់​ព្រៃតាអី ស្រុក​ស្វាយ​ទាប ខេត្ត​ស្វាយ​រៀង​ បានប្រព្រឹត្តិទៅ ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២២ ដោយ​មាន​ក្រុម​ប្រកួត​ចូល​រួម​១០​ក្រុម​ ហើយ​ក្នុង​នោះ​មាន​៤​ក្រុម​​ គឺ​ជា​សិស្ស​មក​ពី​អនុវិទ្យា​ល័យ​ព្រៃ​តាអី​។
 
ឈរ​នៅ​ក្បែរ​សមាជិក​ក្រុម​ពីរ​នាក់​ផ្សេង​ទៀត​ លោក ធី សំណាង ជា​ប្រធាន​ក្រុម​នៃ​ក្រុម​ភូមិ​តា​ប៉ោញ​ ដែល​ទទួល​បាន​ជ័យ​លាភី​លេខ​១​ បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​ថា លោក​ធ្លាប់​បាន​លេង​ល្បែងវាយ​ប្រដំនេះ​ បាន​ម្ដង​កាល​ពី​ប្រមាណ​២០​ឆ្នាំ​មុន​។ ប៉ុន្តែក្រោយ​មក​ទៀត​ លោក​មិនដែល​​បាន​លេងទៀត​ឡើយ ព្រោះ​អ្នក​ភូមិ​គេ​មិន​បន្ត​លេង​។
  

លោក ធី សំណាង ប្រធានក្រុម នៃក្រុមភូមិតាប៉ោញ(បុរសកាន់ប័ណ្ណជយលាភី)

វិល​មក​ការ​ប្រកួត​ល្បែង​​ប្រពៃណី​វាយ​ប្រដំ ពាន​រង្វាន់ព្រៃ​តាអី​​នេះ​វិញ បុរស​ដែល​រស់​ក្នុង​ភូមិ​តាប៉ោញ ឃុំ​ព្រៃ​តាអី ស្រុក​ស្វាយ​ទាប ខេត្ត​ស្វាយ​រៀងរូប​នេះ​ ថា​សមាជិក​ទាំង​អស់​ក្នុង​ក្រុម​របស់​លោក មិន​ធ្លាប់​បាន​លេង​ល្បែង​នេះ​ពី​មុន​មក​ឡើយ​។ បន្ថែម​ពី​នោះ សូម្បី​តែ​មុន​ពេល​ប្រកួត​ ក៏​ក្រុម​របស់​លោក​ ពុំ​បាន​ហាត់​សម​ដែរ​​។
 
​«ខ្ញុំ​ធ្លាប់​លេង​ប្រហែល​ជាង​២០​ឆ្នាំ​មុន តែ​លេងពេល​យប់។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​មែន​ទែន​ ដែល​ក្រសួង​រៀប​ចំ​ឱ្យ​មាន​ការ​ប្រកួត​​នេះ ព្រោះ​ធ្វើ​ឱ្យ​ក្មេង​ៗ​ជំនាន់​ក្រោយ​បាន​ដឹង បាន​ស្គាល់​។ ​ឆ្នាំ​ក្រោយ​ៗបើ​មាន​កម្ម​វិធី​នេះ​ទៀត ខ្ញុំ​នឹង​មក​​​លេង​ទៀត។ ហើយខ្ញុំ​ក៏​​នឹង​នាំ​ក្មេង​ៗ​លេង ​នៅ​រដូវ​ជិត​ចូល​ឆ្នាំដែរ​»។ នេះ​ជា​ការ​ពន្យល់​បន្ថែម​របស់លោក ធី សំណាង​​។
 
ចំណែក​លោក​ នាង ធារិទ្ធិ​ ជា​ប្រធាន​ក្រុមនៃ​ក្រុម​​ត្រពាំង​ចក ដែល​ទទួល​បាន​ជ័យ​លាភីលេខ​​២​ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​វាយ​ប្រដំ​ ក្នុង​ឃុំ​ព្រៃ​តាអី​​ ក៏​បាន​អះ​អាង​ដែរ​ថា លោក​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ ដែល​ក្រសួង​បាន​រៀប​ចំ​ការ​ប្រកួត​នេះ​ឡើង​ ខណៈលោកមានវ័យ​ជាង​៣០​ឆ្នាំ​ហើយ ទើបតែ​បាន​ឃើញ​និងបាន​​​លេង​ល្បែង​នេះ​ជា​លើក​ដំបូង​។ 
 


លោកនាង ធារិទ្ធិ ប្រធានក្រុមនៃក្រុមត្រពាំងចក ដែលទទួលបានជយលាភីលេខ២ (ឆ្វេង)

លោក​ ធារិទ្ធិ​ ដែល​រស់​ក្នុង​ភូមិ​ត្រពាំង​ចក ឃុំ​ព្រៃ​តាអី ស្រុក​ស្វាយ​ទាប ខេត្ត​ស្វាយ​រៀង ថា​ ក្រុម​របស់​លោក​បាន​ហាត់​សម​តែ​២ល្ងាច​​ប៉ុណ្ណោះ​ មុន​មក​ចូល​រួម​ប្រកួតពាន​រង្វាន់​នេះ​​។ មិន​ខុស​គ្នា​ពី​ក្រុម​ជ័យ​លាភី​លេខ​១​ប៉ុន្មាន​ឡើយ​ សមាជិក​​ក្រុម​ត្រពាំង​ចកទាំង​អស់​ មិន​ធ្លាប់លេង​​ល្បែង​នេះ ​​ទាល់​តែ​សោះ​​ពី​មុន​មក​ ហើយ​សមាជិក​ក្រុម​ខ្លះ​ សូម្បី​តែ​ឈ្មោះ​ល្បែង​នេះ ​ក៏​ពួក​គេ​មិន​ដែល​ឮ​ផង​​។
 
លោក ធារិទ្ធិ​ ពន្យល់​បន្ថែម​៖«ខ្ញុំ​មិន​​សង្ឃឹមឈ្នះ​ទេ ​ព្រោះខ្ញុំ​និង​សមាជិក​ទាំង​អស់​​មិន​ធ្លាប់​បាន​លេងពី​មុន​។ លើក​ទី​មួយ​ដែលខ្ញុំ​​បាន​ឃើញ​គេ​វាយ​កូន​ប្រដំ ហើយ​ក៏​ជា​លើ​ក​ទី​មួយ​ដែល​ខ្ញុំ​​បាន​ចូល​រួម​ប្រកួត​​។ ខ្ញុំ​ចង់ឱ្យ​មាន​ការ​ប្រកួត​បែប​នេះ​ទៀត។ បើ​មិន​មាន​ក្រសួង​ផ្ដួច​ផ្ដើម​ ក៏​ខ្ញុំ​នាំ​​​អ្នក​ភូមិ​និង​ក្មេង​ៗ​លេង​ដែរ​»។ 
 
លោក ហង្ស ដាវី នាយកអនុវិទ្យាល័យ​ព្រៃ​​តាអី បាន​ជំរុញ​​និង​បញ្ជូន​សិស្ស​​ថ្នាក់​អនុវិទ្យា​ល័យ​របស់​លោក ចំនួន​៤​ក្រុម​ ដែល​មាន​៤០​នាក់​ទាំង​ស្រី​និង​ប្រុស​​ មក​ចូល​រួម​​ប្រកួត​ល្បែង​​ប្រពៃណី​វាយ​ប្រដំ ពាន​រង្វាន់​ព្រៃ​តាអី​នេះ​។ ឈរ​នៅ​ទីលាន​ប្រកួត​ ក្រោយ​ពេល​ការ​ប្រកួត​ត្រូវ​បាន​បញ្ចប់​ទាំង​ស្រុង​ លោក​ ហង្ស ដាវី បាន​បញ្ជាក់​ថា ដំបូង​ឡើយ​សិស្សទាំង​៤០​រូប​ ដែល​លោក​បាន​ជ្រើស​រើស​ ពួក​គេ​មិន​ចង់​មក​ចូល​រួម​ប្រកួត​ឡើយ​ ដ្បិត​អី​ពួក​គេ​មិន​ធ្លាប់​លេង មិន​ធ្លាប់​ឮ​ ហើយ​ថែម​ទាំង​ខ្លាច​គ្រោះ​ថ្នាក់​ក្នុង​ពេល​ប្រកួត​ថែម​ទៀត​ផង​។ 
 


លោក ហង្ស ដាវី នាយកអនុវិទ្យាល័យព្រៃតាអី(ឆ្វេង)

«ក្មេង​ៗ​មិន​ដែល​ឮ ​ព្រោះ​មិន​មាន​អ្នក​ណា​និយាយ​ប្រាប់​។ ពួក​គាត់​មិន​ចង់​លេង​ទេ គាត់​ខ្លាច​គ្រោះ​ថ្នាក់​ ខ្លាច​វាយ​ត្រូវ​គ្នា និង​ត្រូវ​ភ្នែក​ជា​ដើម​ ប៉ុន្តែ​នៅ​ពេល​ដែល​ខ្ញុំ​ពន្យល់​គាត់​ពី​របៀប​លេង​ ទើប​គាត់​ព្រម​លេង​»។ នេះ​ជា​ការ​ពន្យល់​របស់​លោក ហង្ស ដាវី​​។
 
នាយក​អនុវិទ្យា​ល័យ​ព្រៃ​តា​អី លោក ហង្ស ដាវី ថា​ ពី​ដើម​​អ្នក​ភូមិ​នៅ​ទី​នេះ ចូល​ចិត្ត​លេង​ល្បែង​វាយ​ប្រដំ​ នៅ​ពេ​ល​យប់​ ជាងលេង​​នៅ​ពេល​ថ្ងៃ​ ព្រោះ​អ្នក​ភូមិ​មាន​ពេល​ទំនេរ ​​ក្រោយ​សម្រាក​ពី​ការ​ងារ​ស្រែ​ចម្ការ​។ បន្ថែម​ពី​នោះ​ ការ​លេង​ល្បែង​វាយ​ប្រដំ​នៅ​ពេល​យប់​ ក៏​ជាប់​នឹង​ជំនឿ​ដេញ​ឧបទ្រពចង្រៃ​​ ឬ​ជំងឺ​តម្កាត់​​ផ្សេង​ៗ​ដែរ​។ 
 
«ការ​លេង​មានទាំង​​ថ្ងៃ​និង​យប់​ ប៉ុន្តែ​ពី​ដើម​គេ​ចូល​ចិត្ត​លេង​នៅ​ពេល​យប់​ ព្រោះគេ​​សម្រាក​ពី​ការ​ងារ​ ហើយ​ត្រជាក់​ផង​។ នៅ​ពេល​យប់​ គេ​ដុត​កូន​​ប្រដំ​​​ដើម្បី​ឱ្យ​អ្នក​លេង អាច​​មើល​ឃើញកូន​​ប្រដំ​រត់​ទៅ​ដល់​ទី​ណា​​។ កូន​ប្រដំ​គេ​ធ្វើ​ពី​ដើម​គរ​។​ ការ​​លេង​ប្រដំ​នៅ​ពេល​យប់​ ក៏​អាច​និយាយ​ថាអ្នក​ភូមិ​ភ្ជាប់​ជា​មួយ​នឹង​ជំនឿ​ដែរ​។ ​
 
នៅ​ពេល​មាន​ជំងឹ​ដូច​ជារំបល់​កាច់​មាន់ឬ​គោជា​ដើម​​ គេ​គោះ​ស្គរ វាយ​ត្រដោក និង​វាយ​ធុង ហើយ​គេចេះ​តែ​​លេង​វាយ​ប្រដំ​នោះ​​ ដោយ​​​អ្នក​គោះ​ត្រដោក ចេះ​តែ​ស្រែក​ លិចកើត​ជើង​ត្បូង​ ដើម្បី​ឱ្យ​រំបល់​កាច់​នោះ​ចេញ​ទៅ​បាត់​អស់ពី​ភូមិ​ស្រុក​។ គេ​លេង​ទាំង​ខែ​ងងឹត​ និង​ខែ​ភ្លឺ​។ កាល​ដំបូង​ឡើយ​ មាន​អ្នក​លេង​ច្រើន​ណាស់ មាន​ទាំង​ក្មេង​និង​ចាស់​​»។
  

សកម្មភាពកំពុងប្រកួត

យ៉ាង​ណា​ក៏​ដោយ​ លោក ហង្ស ដាវី ពិត​ជា​អរគុណ​ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ ដែល​បាន​ផ្ដួច​ផ្ដើម​​បង្កើត​កម្ម​វិធី ​​ប្រកួត​ល្បែង​​ប្រពៃណី​វាយ​ប្រដំ ពាន​រង្វាន់​ព្រៃ​តាអី ស្រុក​ស្វាយ​ទាប ខេត្ត​ស្វាយ​រៀងនេះ​ឡើង​។ បើតាមលោក ដាវី ការប្រកួតនេះ គឺ​ជាការ​ជួយ​ជ្រោម​ជ្រែង​​ និង​គាស់​កកាយប្រពៃណី​តាម​តំបន់​ ដើម្បី​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​ បាន​ស្គាល់​និង​បាន​ដឹង​។ ​ក្នុង​នាម​ជា​នាយក​សាលាលោក ហង្ស ដាវី ចង់​ឱ្យ​មាន​ការ​ប្រកួត​វាយ​ប្រដំ​ជា​រៀង​រាល់​ឆ្នាំ។ លោក​ក៏​ចង់​​​ឱ្យ​មាន​ការ​ប្រកួត​ល្បែងវាយ​ប្រដំ​​នេះ​ នៅ​​ថ្នាក់​ខេត្ត​ផង​ដែរ​។​ 
 
ឆ្លើយ​តប​​នឹង​បំណង​របស់​លោក ដាវី លោក ​ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋានបច្ចេកទេស​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​បញ្ជាក់​ថា  ​លោក​បាន​ធ្វើ​លិខិត​ជូន​ទៅ​រដ្ឋ​មន្ត្រី​វប្បធម៌​លោក​​ស្រី ភឿង សកុណា រួច​ហើយ​ ដើម្បី​ឱ្យ​ក្រសួង ​​បន្ត​គាំ​ទ្រ​រៀប​ចំ​កម្ម​វិធី​ប្រកួត​វាយ​ប្រដំ​​នៅ​ឆ្នាំ​ក្រោយ​ៗ​។ 
 


កុមារមកទស្សនាការប្រកួតវាយប្រដំ

លោក សុភារិទ្ធ បន្ថែម​៖«លោក​ជំទាវ​រដ្ឋ​មន្ត្រី​លោក​ណែនាំ​ឱ្យ​ខ្ញុំ​ និង​ក្រុម​ការ​ងារ​ទាំង​អស់​ ​ធ្វើ​ការ​ងារ​ទាំង​អស់​នេះ។ ធ្វើ​ម៉េច​លើក​កម្ពស់ និង​លើក​មរតក​អរូបី​របស់​ខ្មែរ​យើង​​​ឱ្យ​គេ​ដឹង។ លោក​ជំទាវ​រដ្ឋ​មន្ត្រី ក៏​បាន​ណែនាំដែរ​​​ថា បើ​ធ្វើ(ប្រកួត)ថ្នាក់​​ឃុំ​កើត ទៅ​ដល់​ថ្នាក់​ស្រុក និង​បន្តទៅ​ដល់​ថ្នាក់​ខេត្ត​​ទៀត​។ ខ្ញុំ​ក៏​បាន​ស្នើ​ទៅប្រធាន​មន្ទីរ​ទាំង​អស់ ឱ្យ​ជួយ​បំផុស​បំផុល​ឱ្យមាន​ការ​​លេង​ល្បែង​នេះ​ ឱ្យ​កាន់​តែ​ច្រើន​ឡើង​​នៅ​គ្រប់​ស្រុក​»។
 
លោក ស៊ីយ៉ុន សុភារិទ្ធ បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​ថា ល្បែង​វាយ​ប្រដំ​ត្រូវ​បាន​គេ​ហៅ​ឈ្មោះ​ផ្សេង​ៗ​គ្នា​ទៅ​តាម​តំបន់​ ដោយនៅ​ឃុំ​ព្រៃ​តាអី ក្នុង​ខេត្ត​ស្វាយ​រៀង​ គេ​ហៅ​ល្បែង​នេះ​ថា វាយ​ប្រដំ​ ឬ​វាយ​កូន​ប្រដំ ។ ឯ​​អ្នក​ស្រុក​ផ្សេង​ទៀត គេ​ហៅ​​វាយ​កូនកែ តំបន់​ខ្លះ​ទៀត​ គេ​ហៅ​ថា​លេង​ប៊ែក និង​នៅ​តំបន់​ខ្លះ​ទៀត​ គេ​ហៅ​ថា​វាយ​កូន​គោល​​។
 
តាម​ការ​សង្កេត​របស់​លោក ល្បែង​ប្រពៃណី​នេះ​ បច្ចុប្បន្ន​ភាគ​ច្រើន​បាន​បាត់​បង់​ស្ទើរទាំងស្រុង ប៉ុន្តែ​ចាស់​ៗ​នៅ​មាន​ចំណេះដឹង​​ តួយ៉ាង​ដូ​ច​ជា​នៅ​ក្នុង​ឃុំ​ព្រៃ​តា​អី​​នេះ​ជា​ដើម​។ 
 


«ប្រពៃណី​ប្រភេទអរូបី កាល​ណា​តែ​បាត់​ ស្ដារ​មិន​បាន​ទេ​។ យូៗម្ដង​ស្ដារបាន ព្រោះ​នៅ​សល់​អ្នក​ចេះ​ដឹង​។ តែបើ​យើង​បណ្ដោយ ឬ​ព្រងើយ​​កន្ដើយ ពេល​គាត់​ឈប់​លេង​​គាត់​នឹង​ភ្លេច​ ដល់​ពេល​នោះ​​មិន​មាន​អ្នក​ចេះ​ទៀត​ទេ​។ សិល្បៈ វប្បធម៌ ប្រពៃណី​ជាតិ​ នៅ​គង់​វង់​បាន​ដោយ​សារ​តែ​ការ​ខិត​ខំ​ប្រឹង​ប្រែងទាំង​អស់​គ្នា​។ ក្រសួង​មិន​អាច​ធ្វើ​អ្វី​កើត​ទេ ប្រសិន​បើ​ក្រសួង​ប្រាប់​អ្នក​ភូមិ​ថាលេង​ទៅ ប៉ុន្តែ​បើ​អ្នក​ភូមិ​មិន​លេង​​តើ​ធ្វើ​ម៉េច​?​ អរូបីកើត​ពី​អ្នក​ភូមិ មិន​មែន​កើត​ពី​ក្រសួង​ទេ​ ដូច្នេះ​ក្រសួង​បាន​តែ​ជួយ​ផ្សព្វ​ផ្សាយ​ទេ»។ នេះ​ជា​ការ​ពន្យល់​របស់​លោក ស៊ីយ៉ុន សុភារិទ្ធ។ 
ទោះ​ជាយ៉ាង​ណា​ លោក​ ស៊ីយ៉ុន​ សុភារិទ្ធ ពុំ​អាច​សន្និដ្ឋាន​បាន​ឡើយ​ ថាល្បែង​វាយ​ប្រដំ​កើត​ឡើង​តាំង​ពី​សម័យ​ណា​។ ប៉ុន្តែ​ល្បែង​នេះ​លោក​បាន​ប្រទះ​ឃើញ​មាន​ការ​ឆ្លាក់​នៅ​លើ​ជញ្ជាំង​ប្រាសា​ទ ដោយ​ការ​ឆ្លាក់​នោះ​មាន​២​ទម្រង់​។ 
 


សិស្សអនុវិទ្យាល័យព្រៃតាអី កំពុង​ប្រកួតវាយ​ប្រដំ

លោក​ សុភារិទ្ធ ពន្យល់​ដូច្នេះ​៖«ជា​​​សិលាចារឹក ខ្ញុំ​​មិន​បាន​ឃើញ​មាន​ទេ។ ប៉ុន្តែមាន​ជា​ចម្លាក់​​នៅ​ជញ្ជាំង​ប្រាសាទ។ ទី​១ឃើញ​ឆ្លាក់​ពី​អ្នក​​ជិះ​សេះ​វាយ នៅ​ប្រាសាទ​អង្គរ​ធំ។ ឯនៅ​អង្គរវត្ត គេ​ឆ្លាក់ពី​​ក្មេង​ឃ្វាល​គោ ដែល​មាន​កាន់​ដង​មួយ​មាន​តម្ពក់ ដូច​ដង​ប្រដំ​អ៊ីចឹង​។ រូប​នោះ​គេ​ឆ្លាក់​នៅ​ជាប់​នឹង​​រឿង​ព្រះ​គ្រឹស្នា​។ ខ្ញុំ​​សន្និដ្ឋាន​ថា នោះ​គឺ​ជា​ដើម​ហេតុ​ នៃ​ការ​លេង​ល្បែង​​វាយ​ប្រដំ​​។ ខ្ញុំ​ក៏​បាន​​ស្រាវ​ជ្រាវ​ពី​ក្មេងឃ្វាល​គោ​ដែរ​ អត់​មាន​ក្មេង​ណា​ កាន់​តម្ពក់​ក្ងក់​បែប​នោះ​ទៅ​មើល​គោ​ឡើយ»​។​​
 
អាន​ឯកសារស្រាវ​ជ្រាវបន្ថែម​ ពីល្បែង”​វាយ​ប្រដំ ឬ​វាយ​កូន​ប្រដំ​” ឬ​ហៅម្យ៉ាង​ទៀត​ថា”​វាយ​កូនគោល”ដោយ “យសោធរ”​៖ 

-វាយ​កូន​គោល ដោយ អ៊ឹម សុខរិទ្ធី https://www.yosothor.org/publications/khmer-renaissance/chapter-four/vai-kon-korl-2.html
-វាយកូនគោល ដោយ ស៊ីយ៉ុន សុភារិទ្ធ https://www.yosothor.org/publications/khmer-renaissance/chapter-two/vai-kon-korl.html
 
​ 
 

Tag:
 ស្វាយ​រៀង​
  វប្បធម៌
  សិល្បៈ​
  កីឡា​
  ប្រពៃណី​
  វាយ​ប្រដំ​
© រក្សាសិទ្ធិដោយ thmeythmey.com