អន្តរជាតិ
អាម៉េរិក ចោទក្រុមហ៊ុន៥នៅចិនថាបានផ្តល់ជំនួយដល់យោធារុស្ស៊ី
29, Jun 2022 , 7:29 pm        
រូបភាព
ដោយ:
រដ្ឋបាលប្រធានាធិបតីអាម៉េរិក ចូ បៃដិន នៅថ្ងៃទី២៨ ខែមិថុនា បានដាក់បញ្ចូលក្រុមហ៊ុនដែលមានមូលដ្ឋាននៅចិនចំនួន៥ទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម។ ក្រុងវ៉ាស៊ីនតោនចោទក្រុមហ៊ុនទាំងនោះថា បានបំពានទណ្ឌកម្មរបស់អាម៉េរិកដាក់លើរុស្ស៊ី ដោយបានផ្តល់ការផ្គត់ផ្គង់ទៅកាន់ក្រុមហ៊ុនយោធា និងការពារជាតិរុស្ស៊ីទាំងមុន និងក្រោយរុស្ស៊ីឈ្លានពានអ៊ុយក្រែន។

 
ក្រសួងពាណិជ្ជកម្មអាម៉េរិកនៅថ្ងៃទី២៨ ខែមិថុនាបានបន្ថែមអង្គភាព ឬក្រុមហ៊ុនចំនួន ៣៦ ទៀតក្រោមបញ្ជីខ្មៅពាណិជ្ជកម្មដែលមានប្រសិទ្ធភាពរឹតបន្តឹងក្រុមហ៊ុនអាម៉េរិកពីការនាំចេញទៅអង្គភាពទាំងនោះ។ ក្រុមហ៊ុនទាំង ៣៦ នេះត្រូវបានរដ្ឋាភិបាលអាម៉េរិកកំណត់ថា បានធ្វើប្រតិបត្តិការផ្ទុយទៅនឹងសន្តិសុខជាតិ ឬផលប្រយោជន៍គោលនយោបាយរបស់អាម៉េរិក។ 
 
ក្នុងចំណោមអង្គភាពទាំងនេះ គេក៏ឃើញមានក្រុមហ៊ុនចិនចំនួន៥ដែរ។ ក្រសួងពាណិជ្ជកម្មអាម៉េរិកបញ្ជាក់ថា ក្រុមហ៊ុនទាំងនេះផ្តល់ការផ្គត់ផ្គង់ក្រុមហ៊ុនការពារជាតិ និងយោធារុស្ស៊ីដែលស្ថិតក្រោមទណ្ឌកម្មអាម៉េរិក។
 
«ចំណាត់ការថ្ងៃនេះផ្ញើសារដ៏មានឥទ្ធិពលទៅកាន់អង្គភាព និងបុគ្គលនានាជុំវិញពិភពលោកថា ប្រសិនបើពួកគេស្វះស្វែងគាំទ្ររុស្ស៊ី អាម៉េរិកនឹងកាត់ផ្តាច់ពួកគេទាំងនោះដូចគ្នា»។ លោក Alan Estevez អនុរដ្ឋមន្រ្តីពាណិជ្ជកម្មទទួលបន្ទុកឧស្សាហកម្ម និងសន្តិសុខអាម៉េរិកបញ្ជាក់បែបនេះនៅក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី២៨ ខែមិថុនា។
 
បើតាមសេចក្តីថ្លែងការណ៍ដដែល លោកស្រី Thea Rozman Kendler ឧបការីរដ្ឋមន្រ្តីពាណិជ្ជកម្មទទួលបន្ទុកកិច្ចការរដ្ឋបាលនាំចេញ ​អះអាងថា អាម៉េរិកនឹងមិនស្ទាក់ស្ទើចាត់វិធានការដោយមិនខ្វល់ភាគីនោះស្ថិតនៅទីណាទេ​ ប្រសិនបើបុគ្គល ឬអង្គភាពនោះបំពានច្បាប់អាម៉េរិក។ 
 
បើតាមទីភ្នាក់ងារព័ត៌មាន Reuters ស្ថានទូតចិនក្នុងទីក្រុងវ៉ាស៊ីនតោន អះអាងថា ទីក្រុងប៉េកាំងមិនបានផ្តល់ជំនួយផ្នែកយោធាដល់រុស្ស៊ី ឬអ៊ុយក្រែននោះទេ។ បន្ថែមពីនេះ ស្ថានទូតចិនប្រកាសថា ខ្លួននឹងចាត់វិធានការជាចាំបាច់ដើម្បីការពារសិទ្ធិរបស់ក្រុមហ៊ុនខ្លួន ក្រោមហេតុផលថា ទង្វើរបស់អាម៉េរិកគឺបំពានច្បាប់អន្តរជាតិ៕
 
 
 

Tag:
 អាម៉េរិក
  ចិន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com