កីឡាអន្តរជាតិ
អន្តរជាតិ
Man United ខិតទិញបាន De Jong ហើយសម្លឹងឃើញ Malacia របស់ Feyenoord
29, Jun 2022 , 5:30 pm        
រូបភាព
Manchester United កំពុងឈានដល់កិច្ចព្រមព្រៀងក្នុងការផ្ទេរយកខ្សែបម្រើ Frankie De Jong សញ្ជាតិហូឡង់ពីក្លិប Barcelona ក្នុងតម្លៃ៦៥លានអឺរ៉ូ (៦៨.៤លានដុល្លារ) ជាមួយប្រាក់បូកបន្ថែម Add-Ons ប្រមាណ ២០លានអឺរ៉ូ (២១លានដុល្លារ) ។ សារព័ត៌មាន BBC Sports រាយការណ៍បែបនេះថ្ងៃទី២៨ ខែមិថុនា។

 
ខ្សែបម្រើ Frankie De Jong បានក្លាយជាគោលដៅទីមួយក្នុងទីផ្សារដោះដូរសម្រាប់លោក Erik ten Hag ដែលជាអ្នកចាត់ការថ្មី។ ទោះមានព័ត៌មានវិជ្ជមានពីការតាមទិញក្ដី កិច្ចព្រមព្រៀងនៅមិនទាន់រួចនៅឡើយទេ ហើយក៏នៅមានបញ្ហាមួយចំនួនត្រូវដំណោះស្រាយ។
 
បើតាមអ្នកកាសែតដ៏ល្បីឈ្មោះ Fabrizio Romano  ក្លិបបិសាចក្រហម Man United រំពឹងថានឹងអាចយកបាន De Jong ខណៈខ្លួនកំពុងតែចាប់អារម្មណ៍លើកីឡាករ Tyrell Malacia ដែលមានភ្នាក់ងារជាមួយខ្សែបម្រើរបស់ De Jong ដែរ។ 
 
ខ្សែការពារស្លាបឆ្វេងសញ្ជាតិហូឡង់វ័យ២២ឆ្នាំ Tyrell Malacia របស់ក្លិប Feyenoord បានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិហូឡង់ក្នុងពានរង្វាន់ UEFA Nations League ហើយក្លាយជាគោលដៅរបស់ Man United។ Malacia ធ្លាប់ជួយក្រុម Feyenoord ឈ្នះពានរង្វាន់ Dutch Cup ឆ្នាំ ២០១៧-១៨ និង Dutch Super Cup ឆ្នាំ ២០១៩។
 
ចំពោះខ្សែការពារវ័យ២២ឆ្នាំ ក្រុមបិសាចក្រហមកំពុងតែប្រជែងជាមួយក្រុម Olympique Lyonnais ក្នុងតម្លៃ១៥លានអឺរ៉ូ (១៥,៨លានដុល្លារ)។
 
កាលពីថ្ងៃទី២៧ ខែមិថុនា កន្លងទៅ លោក Ten Hag បានចាប់ផ្តើមការហ្វឹកហាត់លើកដំបូងរបស់ក្រុមនាជំរំហ្វឹកហាត់ Carrington ជាមួយក្រុមកីឡាករឈុតធំមួយចំនួន និងកីឡាឈុតយុវជន មុនធ្វើដំណើរទៅថៃ និងអូស្ត្រាលីសម្រាប់ការប្រកួតមិត្តភាព៕ 
 

Tag:
 Manchester United
  Frankie De Jong
© រក្សាសិទ្ធិដោយ thmeythmey.com