កីឡាអន្តរជាតិ
អន្តរជាតិ
រដ្ឋមន្ត្រីកីឡាអង់គ្លេស មិនចង់ឱ្យអត្តពលិកកែភេទ ចូលរួមប្រកួតកីឡារបស់ស្ត្រីឡើ់យ
29, Jun 2022 , 8:29 pm        
រូបភាព
លោកស្រី Nadine Dorries រដ្ឋមន្ត្រីវប្បធម៌ និងកីឡាអង់គ្លេស។ រូបភាព៖ Gettyimages
លោកស្រី Nadine Dorries រដ្ឋមន្ត្រីវប្បធម៌ និងកីឡាអង់គ្លេស។ រូបភាព៖ Gettyimages
លោកស្រី Nadine Dorries រដ្ឋលេខាធិការវប្បធម៌ និងជារដ្ឋមន្ត្រីកីឡាអង់គ្លេស ថ្ងៃទី២៨ ខែមិថុនា បានរំពឹងថា ស្ថាប័នកីឡានឹងត្រួតពិនិត្យគោលការណ៍ ការប្រកួតប្រជែងកីឡារបស់ស្ត្រី សម្រាប់តែមនុស្សកើតមកជាភេទស្រី ពោលគឺមិនចង់ឱ្យអត្តពលិកបុរសកែភេទ ឬភេទទី៣ ចូលរួមប្រជែងលើប្រភេទកីឡា សម្រាប់វិញ្ញាសារនារីឡើយ។ លោកស្រីរដ្ឋមន្ត្រីរូបនេះ បានលើកឡើងក្នុងកិច្ចប្រជុំជាមួយស្ថាប័នកីឡាធំៗចំនួន១៥ ក្នុងប្រទេស។


ការលើកឡើងរបស់លោកស្រី Dorries ធ្វើឡើងប៉ុន្មានថ្ងៃបណ្ណោះ ក្រោយពេលសហព័ន្ធកីឡាហែលទឹក (FINA)បានបោះឆ្នោតដាក់កំហិតហាមមិនឱ្យកីឡាករកែភេទ ចូលរួមប្រកួតកីឡាហែលទឹកវិញ្ញាសាររបស់ស្រ្តី។ FINA ក៏បានលើកឡើងថា ការហាមឃាត់គឺដើម្បីរក្សាសិទ្ធិស្មើគ្នានៃការប្រកួតផ្នែកបុរស និងផ្នែកស្រ្តី។
 
ការសម្រេចរបស់ FINA បែបនេះ បានធ្វើឱ្យសហព័ន្ធកីឡាធំៗលើពិភពលោករួមមាន សហព័ន្ធបាល់ទាត់ពិភពលោក (FIFA), សហព័ន្ធអត្តពលិកពិភពលោក (World Athletics) និងសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ បានចាប់ផ្តើមត្រួតពិនិត្យឡើងវិញ អំពីច្បាប់ប្រកួតចំពោះកីឡាករដែលកែភេទ។ 
 
សរសេរក្នុងគេហទំព័រ Twitter លោកស្រី Nadine Dorries បានស្នើទៅស្ថាប័នកីឡានានាក្នុងប្រទេស ឱ្យអនុវត្តតាមគោលការណ៍នៃការប្រកួតប្រជែងកីឡារបស់ស្ត្រី គឺសម្រាប់តែមនុស្សកើតមកភេទជាស្រីប៉ុណ្ណោះ។
 
«យើងមិនអាចធ្វើពុត ហើយនិយាយថាភេទជម្រុះ នឹងមិនមានផលប៉ះពាល់ដល់ការលេងកីឡាអត្តពលិកជាស្ត្រីផ្សេងទៀតឡើយ។ បើសិនជាអ្នកសួរទៅកាន់ស្ត្រី និងនារីវ័យក្មេង ដើម្បីទៅប្រកួតប្រជែងជាមួយនរណាម្នាក់ដែលជាភេទកើតមកជាបុរស នោះគឺជារឿងមួយដែលមិនយុត្តិធម៌ឡើយ ហើយថ្ងៃនេះខ្ញុំក៏រំពឹងស្ថាប័នកីឡានិងគោរពតាមគោលការណ៍ ដែលថាកីឡារបស់ស្ត្រី គឺសម្រាប់តែមនុស្សកើតមកជាភេទស្រីប៉ុណ្ណោះ។»។ លោកស្រី Dorries បាននិយាយបែបនេះ។
 
សូមជម្រាបថា កាលពីខែមេសាកន្លងទៅលោក Boris Johnson ដែលជានាយករដ្ឋមន្ត្រីប្រទេសអង់គ្លេស ក៏ធ្លាប់បាននិយាយអំពីបញ្ហានេះម្តងរួចហើយថា លោកមិនជឿឡើយដែលកីឡាករកែភេទទៅជាស្ត្រី អាចចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍របស់ស្ត្រីបាន៕
 

Tag:
 Nadine Dorries
© រក្សាសិទ្ធិដោយ thmeythmey.com