ជាតិ
សេដ្ឋកិច្ច
មន្រ្តីជំនាញប្រាប់ឱ្យប្រយ័ត្ននឹងអ៊ីម៉ែលក្លែងក្លាយ ដែលជំរឹតទារប្រាក់ ទាក់ទងការបំពាន Copyright 
រូបភាពតំណាង ។ រូបភាព ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (ACCD) ។
×![]()
ដោយ ៖ ធន់ សេងហុង
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (Anti Cycer Crime Department ) បានប្រាប់ទៅដល់សាធារណជន ដែលកំពុងប្រើប្រាស់បណ្តាញសង្គម អ៊ីមែល ឬវេបសាយនានា ឱ្យប្រុងប្រយ័ត្នជាមួយនឹងអ៊ីម៉ែលក្លែងក្លាយ ដែលដំឡើងកម្មវិធីជំរឹតទារប្រាក់ ដោយចោទប្រកាន់អ្នកប្រើប្រាស់ទាក់ទងទៅនឹងការបំពានរក្សាសិទ្ធ។ នេះបើយោងតាមការចុះផ្សាយរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ នាថ្ងៃទី២៨ ខែមិថុនា ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (ACCD) បានរកឃើញថា ក្រុមជនខិលខូចកំពុងតែព្យាយាមដំឡើងកម្មវិធីជំរិតទារប្រាក់ LockBit តាមរយៈអ៊ីម៉ែលដោយចោទប្រកាន់អ្នកប្រើប្រាស់ទាក់ទងទៅនឹងការបំពានរក្សាសិទ្ធិ (Copyright)។
ACCD បានបន្តថា អ្នកប្រើប្រាស់ដែលទទួលបានអ៊ីម៉ែលទាំងនេះ ត្រូវបានព្រមានអំពី ការបំពានច្បាប់រក្សាសិទ្ធិ ពាក់ព័ន្ធនឹងការប្រើឯកសារដោយគ្មានអជ្ញាប័ណ្ណពីអ្នកបង្កើត។
ក្រុមជនខិលខូចទាមទារឱ្យអ្នកទទួលសារពីអ៊ីម៉ែលទាំងនេះ ដោយលុបខ្លឹមសាររំលោភបំពានចេញពីកុំព្យូទ័រ ឬគេហទំព័ររបស់ពួកគេ។ បើមិនដូច្នោះទេ នឹងប្រឈមមុខនឹងផ្លូវច្បាប់។
នៅក្នុងខ្លឹមសាររបស់អ៊ីម៉ែលជនខិលខូចមិនបានកំណត់ថា ឯកសារមួយណាត្រូវបានប្រើប្រាស់ដោយខុសច្បាប់នោះទេ ហើយទាមទារឱ្យអ្នកទទួលសារទាំងនោះ ទាញយកនិងបើកឯកសារដែលបានភ្ជាប់ដើម្បីមើលខ្លឹមសារនៃការរំលោភបំពាន។ នៅពេលដែលជនរងគ្រោះបើកឯកសារ «PDF» ដើម្បីមើលរូបភាពដែលត្រូវបានប្រើដោយខុសច្បាប់នោះ កម្មវិធីមេរោគនិងចម្លងព័ត៌មានបម្លែងទៅជាកូដ (Encrypt) របស់ជនរងគ្រោះជាមួយនឹងកម្មវិធីជំរិតទារប្រាក់ LockBit 2.0។ នេះជាការលើកឡើងបន្ថែមរបស់ ACCD ។
គូសបញ្ជាក់ផងដែរថា ឯកសារដែលភ្ជាប់នេះ ជាប្រភេទឯកសារហ្ស៊ីប(Zip)ដែលការពារដោយពាក្យសម្ងាត់ ហើយក្នុងនោះក៏មានឯកសារ PDF ក្លែងក្លាយ ដែលមានកម្មវិធីដំឡើង NSIS ផងដែរ។ ហេតុផលដែលជនខិលខូចទាមទារឱ្យជនរងគ្រោះប្រើលេខសម្ងាត់ដើម្បីបើកឯកសារនោះ គឺដើម្បីជៀសវាងពីប្រព័ន្ធការពារមេរោគរបស់កម្មវិធីអ៊ីម៉ែល។
ដូច្នេះដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យានេះ ACCD បានប្រាប់ទៅដល់សាធារណជនដែលកំពុងប្រើប្រាស់បណ្តាញសង្គម អ៊ីមែល ឬវេបសាយនានា កុំចុចនៅលើតំណភ្ជាប់ទាំងឡាយណា ដែលមិនមានប្រភពច្បាស់លាស់ ៕
© រក្សាសិទ្ធិដោយ thmeythmey.com