ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឃុំ-សង្កាត់៖ បក្សប្រជាធិបតេយ្យមូលដ្ឋានជាប់ជំទប់ទីមួយ ២នាក់, ជំទប់ទីពីរ ២នាក់ និងសមាជិក២នាក់
29, Jun 2022 , 9:59 pm        
រូបភាព
ដោយ: រួបរួម
គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន ទទួល​​៦អាសនៈ​សម្រាប់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ-សង្កាត់អាណត្តិទី​៥ ពោល​គឺ​កើន​តែ១អាសនៈប៉ុណ្ណោះ បើ​ប្រៀបធៀប​ទៅនឹង​លទ្ធផល​នៃការបោះឆ្នោត​អណត្តិទី​៤នាឆ្នាំ​២០១៧។ ក្នុងចំណោម​៣២ឃុំ-សង្កាត់នៅ​១៥រាជធានី-ខេត្ត គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន ទទួល​អាសនៈជាជំនួបទី១ចំនួន​២ ជាជំទប់ទី២ចំនួន​២ និង​ជាសមាជិក​ចំនួន​២ នៅ​មូលដ្ឋាន​ក្នុងខេត្ត​កំពត រតនគិរី កំពង់ធំ និងព្រះវិហារ។

 
នៅឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត លោក អ៊ួន សុផល នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជាប់ជាជំទប់ទី១ ខណៈលោក ណី នន ពីគណបក្ស​ប្រជាជន​កម្ពុជា ជាមេឃុំ រីឯលោក សឹម ផាត ពីគណបក្ស​ភ្លើងទៀន ជាជំទប់ទី២។ រីឯសមាជិកពីរនាក់ទៀត មកពីគណបក្ស​ប្រជាជនកម្ពុជា ដែល​មាន​លោក ចែម ធា និង​លោកស្រី សេង ឯម។ កាលពីអណត្តិមុន លោក អ៊ួន សុផល ជាប់ជាជំទប់ទី២។
 
នៅឃុំប៉ាតេ ស្រុកអូរយ៉ាដាវ គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន ទទួលបាន​រក្សាកៅអីជាជំទប់ទី១ ប៉ុន្តែ​បាត់​បង់អាសនៈជាសមាជិក១។ លោក ក្លាន ភួន ជាប់ជាជំទប់ទី១ បន្ទាប់ពី​លោក ឆាយ ធី ពីគណបក្ស​ប្រជាជន​កម្ពុជា ជាមេឃុំ និង​លោក រម៉ាម ខាំផន ពីគណបក្សភ្លើងទៀន ជាជំទប់ទី២ រីឯលោក រម៉ាម ដាវីត និង​លោក ពូយ សរ ពីគណបក្ស​ប្រជាជនកម្ពុជា ជាសមាជិក។ កាលពីការបោះឆ្នោតឆ្នាំ២០១៧ លោក ក្លាន ភួន បានជាប់ជាសមាជិក ខណៈកាលណោះ លោក លុយ ដន ជាជំទប់ទី១។
 
ជាមួយ​គ្នានេះ គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន បន្តទទួលបាន​២អាសនៈនៅឃុំសាគ្រាម ស្រុក​ប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ដោយ​លោក ជឿន​ ណាស៊ី រក្សា​តំណែងជាជំទប់ទី២ និង​លោក វឿន វៃ ជាសមាជិក។ លោក ចាន់ សុផល ពីគណបក្ស​ប្រជាជនកម្ពុជា ជាប់ជាមេឃុំ លោក ទុន ស៊ី ពីគណបក្សភ្លើងទៀន ជាជំទប់ទី១ ហើយ​សមាជិក​៣នាក់ទៀត មាន​លោក ឃឹម ខុម និង​អ្នកស្រី គាន គឹមស៊ាន ពីគណបក្សប្រជាជន​កម្ពុជា និង​លោក ឌូ ឌា ពីគណបក្សភ្លើងទៀន។ 
 
គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន ក៏ទទួលបាន​២អាសនៈជាលើកដំបូង​នៅ​ឃុំរំដោះ ស្រុក​រវៀង ខេត្តព្រះវិហារ ដោយ​លោក ណូង លុច ជាប់ជាជំទប់ទី២ និង​អ្នកស្រី ឈិត ចាន់ធឿន ជាសមាជិក។ សមាសភាព៥នាក់ទៀតសុទ្ធតែមកពីគណបក្ស​ប្រជាជន​កម្ពុជា ដោយ​លោក ឈឿក ឡូន ជាមេឃុំ លោក ប៊ិន សុគីន ជាជំទប់ទី១ លោក ទី សេងហិច, លោក សោម ភារៈ និង​អ្នកស្រី ជា ដានី ជាសមាជិក។
 
យោងតាម​លទ្ធផលនេះ គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន បាន​លើកឡើង​ក្នុង​ហ្វេសប៊ុក​របស់ខ្លួន​កន្លងមក​ថា ជាលទ្ធផល​ល្អប្រសើរជាងអាណត្តិមុន ប៉ុន្តែផែនការទទួលយកជ័យជម្នះជាមេឃុំ ដើម្បីកសាងឃុំ-សង្កាត់គំរូ តាមគោលនយោបាយ «ស៥» មិនទាន់បានសម្រេចឡើយ។
 
«យើងសូមអរគុណចំពោះការខំប្រឹងប្រែងរបស់អ្នកប្រជាធិបតេយ្យមូលដ្ឋាននិយម និងអ្នកគាំទ្រទាំងអស់។ យើងនៅបន្តដំណើរទៅមុខជាមួយការធ្វើនយោបាយសុចរិតភាពជាពិសេសការធ្វើនយោបាយប្រកួតប្រជែងគោលនយោបាយដើម្បីសង្គមជាតិរីកចម្រើនដោយផ្តោតលើការស្ទួយសេរីភាពនយោបាយ យុត្តិធម៌សង្គម និងការអភិវឌ្ឍបៃតង»។ នេះបើតាមការលើកឡើងរបស់ GDP។
 
យោងតាមលទ្ធផលផ្លូវការ គណបក្សចំនួន៩ក្នុងចំណោម១៧ បានទទួលអាសនៈក្នុងអណត្តិទី៥នេះ ដោយក្នុងចំណោម១១៦២២អាសនៈនៃ១៦៥២ឃុំ-សង្កាត់ គណបក្សប្រជាជនកម្ពុជា ទទួលបានទៅដល់ ៩៣៧៦អាសនៈ គណបក្សភ្លើងទៀន បាន ២១៩៨អាសនៈ។
 
គណបក្សហ៊្វុនស៊ិនប៉ិច ស្ថិតនៅលេខ៣ ដោយបាន១៩អាសនៈ បន្ទាប់មកគណបក្សខ្មែររួបរួមជាតិ បាន១៣អាសនៈ។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បាន៦អាសនៈ គណបក្សខ្មែរស្រឡាញ់ជាតិ បាន៥អាសនៈ គណបក្សយុវជនកម្ពុជា បាន៣អាសនៈ គណបក្សកម្ពុជានិយម បាន១អាសនៈ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បាន១អាសនៈ។
 
បើតាមគ.ជ.ប ពលរដ្ឋចេញទៅបោះឆ្នោត មានជិត៧,៤លាននាក់ ដែលស្មើនឹង៨០,៣២ភាគរយ ខណៈសន្លឹកឆ្នោតបានការមានជាង៧,២លានសន្លឹក និងមិនបានការមានជិត១៦ម៉ឺនសន្លឹក៕ 
 

Tag:
 បោះឆ្នោត
  ប្រជាធិបតេយ្យមូលដ្ឋាន
© រក្សាសិទ្ធិដោយ thmeythmey.com