ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឃុំ-សង្កាត់៖ បក្សខ្មែរស្រឡាញ់ជាតិជាប់ជំទប់ទីមួយ ២នាក់, ជំទប់ទីពីរ​ ២នាក់ និងសមាជិក១នាក់
29, Jun 2022 , 10:59 pm        
រូបភាព
ដោយ: រួបរួម
គណបក្ស​ខ្មែរស្រឡាញ់ជាតិ ដែលដឹកនាំដោយ​លោក ជីវ កត្តា អតីតអ្នកតំណាងរាស្ត្រគណបក្ស​សង្គ្រោះជាតិ ទទួល​៥អាសនៈ ពីការបោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ-សង្កាត់​អាណត្តិទី៥។ នេះជាការប្រកួត​ប្រជែងក្នុងការបោះឆ្នោត​លើក​ដំបូង​សម្រាប់គណបក្សមួយនេះ ដោយ​បានកៅអីជំទប់ទី១ ចំនួន២ ជំទប់ទី២ចំនួន​២ និងសមាជិក១នៅខេត្តកំពង់ចាម និងព្រៃវែង។

 
ក្នុងខេត្តកំពង់ចាម លោក ស៊ន រដ្ឋា នៃគណបក្ស​ខ្មែរស្រឡាញ់ជាតិ ជាប់ជាជំទប់ទី១ នៅឃុំមេព្រីង ស្រុក​បាធាយ ខណៈ​អ្នកស្រី ហៀង សុផល ពីគណបក្ស​ប្រជាជន​កម្ពុជា ជាមេឃុំ និង​លោក ចាន់ ម៉េង ពីគណបក្ស​ភ្លើងទៀន ជាប់ជាជំទប់ទី២។ សមាជិកពីរនាក់ទៀតមកពីគណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​លោក សួន ប៉ូច និងអ្នកស្រី ស្រ៊ុន សុគុន្ធា។
 
នៅឃុំតាំងក្រាំង ស្រុកបាធាយ ដដែល លោក ពៅ ចាន់វាសនា ពីគណបក្សខ្មែរស្រឡាញ់ជាតិ ជាប់ជាជំទប់ទី២ ដោយ​លោក ចាន់ អយ ពីគណបក្ស​ប្រជាជន​កម្ពុជា ជាមេឃុំ និងលោក អ៊ុក សាយ ពីគណបក្ស​ភ្លើងទៀន ជាជំទប់ទី១។ សមាជិក៦រូបទៀត មាន លោក ចិន សុផល, លោក ស សំអឿន, លោក គិត សុមាន, លោក ខឹម សំអុល, លោក អៀង មាច ពីគណបក្ស​ប្រជាជន​កម្ពុជា និង​លោក ប៉ាន់ សយ ពីគណបក្ស​ភ្លើងទៀន។
 
សម្រាប់​ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាមដូចគ្នា ដែលមាន​៩អាសនៈ លោក ចឹក ជន់ មកពីគណបក្ស​ខ្មែរស្រឡាញ់ជាតិ ជាប់ជាជំទប់ទី២ បន្ទាប់ពីលោក ហ៊ាង រ៉ាវ ពីគណបក្ស​ប្រជាជន​កម្ពុជា ជាមេឃុំ និង​អ្នកស្រី ហេង ឆេងគីម ពីគណបក្ស​ភ្លើងទៀន ជាជំទប់ទី១។ សមាជិក៦នាក់ទៀត សុទ្ធសឹងមកពីគណបក្ស​ប្រជាជន​កម្ពុជា ដែលមាន លោក សេង ប៉េងហុង, លោក វ៉ា វ៉ាត, លោក ឆាន់ ឈុន, អ្នកស្រី ម៉ាន គឿ, លោក ហោ ហ៊ិន និង​លោក ហែម ចន្ថា។
 
នៅខេត្តព្រៃវែងឯណោះវិញ គណបក្ស​ខ្មែរស្រឡាញ់ជាតិ ឈ្នះពីរអាសនៈ នៅឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ដោយ​លោក ស៊ិន វុត្ថា បានតំណែងជាជំទប់ទី១ និង​លោក អ៊ុក ភន ជាសមាជិក។ លោក ប្រាក់ ប៉ិច ពីគណបក្សប្រជាជន​កម្ពុជា ជាមេឃុំ និង​លោក ជីង អ៊ន ពីគណបក្សភ្លើងទៀន ជាជំទប់ទី២។ សមាជិក​៣នាក់ទៀតសុទ្ធតែមកពីគណបក្សប្រជាជន​កម្ពុជា ដែលរួមមាន លោក សុខ ផានី, លោក នួន រឿន និង​អ្នកស្រី ឌុក ត្រាន។
 
សម្រាប់ឈរឈ្មោះក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី​៥នេះ គណបក្ស​ខ្មែរ​ស្រឡាញ់ជាតិ បាន​ដាក់បេក្ខជន​ឈរឈ្មោះនៅ​ឃុំ-សង្កាត់ចំនួន​៣១៥ ក្នុង១៨រាជធានី-ខេត្ត។
 
យោងតាមលទ្ធផលផ្លូវការ គណបក្សចំនួន៩ក្នុងចំណោម១៧ បានទទួលអាសនៈក្នុងអណត្តិទី៥នេះ ដោយក្នុងចំណោម១១៦២២អាសនៈនៃ១៦៥២ឃុំ-សង្កាត់ គណបក្សប្រជាជនកម្ពុជា ទទួលបានទៅដល់ ៩៣៧៦អាសនៈ គណបក្សភ្លើងទៀន បាន ២១៩៨អាសនៈ។
 
គណបក្សហ៊្វុនស៊ិនប៉ិច ស្ថិតនៅលេខ៣ ដោយបាន១៩អាសនៈ បន្ទាប់មកគណបក្សខ្មែររួបរួមជាតិ បាន១៣អាសនៈ។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បាន៦អាសនៈ គណបក្សខ្មែរស្រឡាញ់ជាតិ បាន៥អាសនៈ គណបក្សយុវជនកម្ពុជា បាន៣អាសនៈ គណបក្សកម្ពុជានិយម បាន១អាសនៈ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បាន១អាសនៈ។
 
បើតាមគ.ជ.ប ពលរដ្ឋចេញទៅបោះឆ្នោត មានជិត៧,៤លាននាក់ ដែលស្មើនឹង៨០,៣២ភាគរយ ខណៈសន្លឹកឆ្នោតបានការមានជាង៧,២លានសន្លឹក និងមិនបានការមានជិត១៦ម៉ឺនសន្លឹក៕ 
 
 
 

Tag:
 បោះឆ្នោត
  ខ្មែរស្រឡាញ់ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com