ជាតិ
សេដ្ឋកិច្ច
RCEP ជាឱកាសសម្រាប់ការនាំចេញ និងអត្ថប្រយោជន៍នៃការបញ្ជាក់ដើមកំណើតទំនិញ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។ រូបថត៖ MOC ។
×
ដោយ ៖ ធន់ សេងហុង
កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) គឺជាឱកាសសម្រាប់ការនាំចេញ និងផ្តល់អត្ថប្រយោជន៍នៃការបញ្ជាក់ដើមកំណើតទំនិញ។ ក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាថ្នាក់ជាតិជាសេរ៊ីលើកដំបូងមួយ នៅថ្ងៃទី២៩ មិថុនា ស្តីអំពី «ការយល់ដឹងអំពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងនីតិវិធីសម្រាប់ការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម» ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា សិក្ខាសាលានេះ នឹងបញ្ជ្រៀបការយល់ដឹង និងព័ត៌មានឱ្យដល់វិស័យឯកជន ធុរជន ផលិតករ និងអ្នកនាំចេញ ក្នុងការចាប់យកឱកាស និងទាញយកផលប្រយោជន៍ជាអតិបរមារពីការបើកច្រកទីផ្សារ ក្រោមកិច្ចព្រមព្រៀងRCEP ក្រោយចូលជាធរមានកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ កន្លងទៅ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ប៉ែន សុវិជាតិ បានប្រាប់សារព័ត៌មានថ្មីៗថា កិច្ចព្រៀងព្រៀង RCEP គឺជាកិច្ចព្រមព្រៀងសេរីថ្នាក់តំបន់មួយ ដែលមានវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ដើម្បីដឹងថា ទំនិញមួយនេះនាំចូលពីប្រទេសណា ដែលងាយស្រួលក្នុងការលើកលែងតាមប្រព័ន្ធអនុគ្រោះពន្ធ ដែលបានកំណត់ក្នុងកិច្ចព្រមព្រៀង។
កិច្ចព្រមព្រៀងRCEP នឹងជំរុញកម្ពុជាធ្វើសមាហរណកម្មខ្លួន ចូលក្នុងខ្សែច្រវ៉ាក់ផលិតកម្មតំបន់កាន់តែឆាប់រហ័ស ជាពិសេសសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។ មិនតែប៉ុណ្ណោះ RCEP ជួយដល់ដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងជួយបង្វែរការវិនិយោគផ្ទាល់ពីបរទេសចេញពីប្រទេសសមាជិកផ្សេងទៀត ដែលមានថ្លៃពលកម្មខ្ពស់ ឱ្យងាកមកវិនិយោគនៅកម្ពុជា ដោយផ្អែកលើគុណប្រយោជន៍នៃថ្លៃពលកម្មសមរម្យ និងកម្លាំងពលកម្មវ័យក្មេង។ កត្តាទាំងនេះនឹងរួមចំណែកដល់ការបង្កើនចំណូលជាតិ តាមរយៈការប្រមូលពន្ធ និងការបង្កើនឱកាសការងារ ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងសិក្ខាសាលាថ្ងៃ២៩ ខែមិថុនានេះ ។
សិក្ខាសាលាស្តីអំពី «ការយល់ដឹងអំពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងនីតិវិធីសម្រាប់ការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម» នាថ្ងៃទី២៩
តាមការសិក្សាដែលធ្វើឡើងដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា( ERIA) បានបង្ហាញថា កិច្ចព្រៀងព្រៀង RCEP នឹងធ្វើឱ្យកម្ពុជាមានកំណើនប្រចាំឆ្នាំ សម្រាប់ការនាំចេញក្នុងរង្វង់ប្រមាណពី ៩,៤ ទៅ១៨ ភាគរយ ដែលនឹងជួយជំរុញណើនសេដ្ឋកិច្ចជាតិបន្ថែមប្រចាំឆ្នាំ ប្រមាណពី ២ ទៅ៣,៨ភាគរយ។ ទន្ទឹមនេះ កំណើនឱកាសការងារប្រចាំឆ្នាំប្រមាណពី ៣,២ ទៅ៦,២ភាគរយ ខណៈកំណើនចំណូលពន្ធប្រចាំឆ្នាំប្រមាណ ២ ទៅ៣,៩ភាគរយផងដែរ។
សូមជម្រាបផងដែរថា កិច្ចព្រមព្រៀងRCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតក្នុងពិភពលោក ដែលគ្របដណ្តប់លើប្រជាជនប្រមាណ ២.២ ពាន់លាននាក់ ឬ ៣០ភាគរយនៃចំនួនប្រជាជនពិភពលោក ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយនេះ មានផលិតផលក្នុងស្រុកសរុបប្រមាណ ២៦.២ ទ្រីលាន ដុល្លារ ឬ ៣០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក ហើយក៏មានទំហំពាណិជ្ជកម្ម ចំនួន២៨ភាគរយនៃទំហំពាណិជ្ជកម្មពិភពលោកទាំងមូលផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com