អន្តរជាតិ
កូរ៉េខាងត្បូង ​អនុម័តឱ្យប្រើ​ប្រាស់វ៉ាក់សាំងកូវីដ-១៩ ផលិត​ក្នុងស្រុក​លើកដំបូង​
30, Jun 2022 , 10:33 am        
រូបភាព
ដបផ្ទុកវ៉ាក់សាំង SKY Covione របស់ក្រុមហ៊ុន SK Biosciene
ដបផ្ទុកវ៉ាក់សាំង SKY Covione របស់ក្រុមហ៊ុន SK Biosciene
កូរ៉េខាងត្បូង​នៅថ្ងៃទី២៩ ខែមិថុនា​​ ​អនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលផលិតក្នុងស្រុកជាលើកដំបូង។ វ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុន SK bioscience ឆ្លងកាត់ការធ្វើតេស្តជាហូរហែរ និងលទ្ធផលចុងក្រោយនៃការធ្វើតេស្តវ៉ាក់សាំងបង្ហាញពីប្រសិទ្ធភាពខ្ពស់ក្នុងការទប់ទល់ជំងឺនេះ។


បើតាមការប្រកាសរបស់ក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថកូរ៉េខាងត្បូងនៅថ្ងៃទី២៩ ខែមិថុនា​​ វ៉ាក់សាំង SKYCovione ដែលជាវ៉ាក់សាំងផលិតក្នុងស្រុក ត្រូវបានអនុញ្ញាតឱ្យចាក់លើមនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដោយត្រូវចាក់ពីរដូស។ ពលរដ្ឋដែលបានចាក់វ៉ាក់សាំងប្រភេទនេះសម្រាប់ដូសទី១ ត្រូវរង់ចាំ៤សប្តាហ៍មុនអាចទទួលការចាក់វ៉ាក់សាំងដូសទី២។ 
 
ក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុនផលិតវ៉ាក់សាំងនេះ នៅក្នុងការសាកល្បងដំណាក់កាលទី៣ លើមនុស្សពេញវ័យ ៤,​ ០៣៧ នាក់ វ៉ាក់សាំង SKYCovione បានបង្កើតអង្គបដិប្រាណប្រឆាំងនឹងវីរុសកូវីដ-១៩ក្នុងខ្លួនពលរដ្ឋទាំងនោះ។ យ៉ាងណាមិញ​ វ៉ាក់សាំងនេះនៅមិនទាន់ត្រូវបានបញ្ជាក់ថា មានប្រសិទ្ធភាពប្រឆាំងវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីអូមីក្រុង និងវីរុសកូវីដ-១៩បំប្លែងខ្លួនផ្សេងទៀតនៅឡើយ​។ ​
 
វ៉ាក់សាំង SKYCovione ត្រូវបានបង្កើតឡើងរួមជាមួយវិទ្យាស្ថានស្រាវជ្រាវប្រូតេអ៊ីននៃសាកលវិទ្យាល័យវ៉ាស៊ីនតោន ដោយមានការគាំទ្រពីក្រុមហ៊ុនផលិតថ្នាំសកល GlaxoSmithKline (GSK)។ ក្រោយទទួលបានលទ្ធផលល្អក្នុងការធ្វើតេស្ត ក្រុមហ៊ុន SK bioscience និយាយថាខ្លួននឹងស្វែងរកការអនុញ្ញាតសម្រាប់ការចែកចាយវ៉ាក់សាំង SKYCovione នៅប្រទេសផ្សេងទៀត តាមរយៈយន្ត COVAX ជាពិសេសការចុះបញ្ជីវ៉ាក់សាំងដែលអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោក (WHO)។
 
អាជ្ញាធរកូរ៉េខាងត្បូងបានយល់ព្រមលើកិច្ចព្រមព្រៀងមានតម្លៃ២00 ពាន់លានវ៉ុន ស្មើនឹងជាង១៥៥លានដុល្លារដើម្បីទិញវ៉ាក់សាំងចំនួន១0លានដូស ដែលអាចរក្សាទុកបានក្នុងលក្ខខណ្ឌទូរទឹកកកធម្មតា។ វ៉ាក់សាំងទាំងនេះត្រូវបានគេរំពឹងថា នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅពាក់កណ្តាលឆ្នាំនេះ។ 
 
លើសពីនេះ អាជ្ញាធរកូរ៉េខាងត្បូងក៏បានបន្ថែមថា វ៉ាក់សាំងដដែល ទំនងជាប្រើប្រាស់ជាដូសជំរុញលើពលរដ្ឋដែលបានចាក់វ៉ាក់សាំងហើយ។
 
គិតមកទល់ពេលនេះ ពលរដ្ឋកូរ៉េខាងត្បូងជាង៨៧ភាគរយនៃប្រជាជនជាង ៥២ លាននាក់បានចាក់វ៉ាក់សាំងពេញលេញហើយ​ ខណៈពលរដ្ឋជាង ៦៥ ភាគរយបានចាក់វ៉ាក់សាំងដូសជំរុញរួចរាល់ផងដែរ៕
 

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com