ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន ជំរុញពលរដ្ឋឱ្យប្រើឡានអគ្គិសនី ដើម្បីកាត់បន្ថយចំណាយលើថ្លៃប្រេង
01, Jul 2022 , 12:29 pm        
រូបភាព
សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន
ខណៈប្រេងឥន្ធនៈនៅទីផ្សារកម្ពុជា​និងពិភពលោកបន្តឡើងថ្លៃឥតឈប់ឈរ សម្តេចនាយករដ្ឋមន្ត្រី​ហ៊ុន សែន បានជំរុញពលរដ្ឋឱ្យប្រើប្រាស់រថយន្តអគ្គិសនី ឬ រថយន្តប្រភេទHybrid ដែលស៊ីសាំងតិច។ ស​ម្តេច បានបញ្ជាក់ថា​​ ការប្រើប្រាស់រថយន្តប្រភេទនេះ គឺជួយកាត់បន្ថយចំណាយថ្លៃប្រេងឥន្ធនៈ និងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានថែមទៀត។​

 
តម្លៃឧស័្មន(Gas) នៅកម្ពុជាបច្ចុប្បន្ន បានឡើងដល់៣៥ភាគរយ​ ខណៈប្រេងឥន្ធនៈបន្តឡើងថ្លៃខ្ពស់ ​ដែលបណ្តាលមកពីវិបត្តិសង្រ្គាមរវាងរុស្សីនិងអ៊ុយក្រែន។ បញ្ហាប្រេងឥន្ធនៈឡើងឥតឈប់ឈរនេះ សម្តេច ហ៊ុន បានសុំការយោគយល់ពីពលរដ្ឋ ដោយជំរុញពួកគេឱ្យប្រើប្រាស់រថយន្តអគ្គិសនីវិញ ដើម្បីកាត់បន្ថយចំណាយលើថ្លៃប្រេងឥន្ធនៈ។ 
 
« ចំពោះអ្នកដែលមានលុយកាក់ល្មមៗគួរតែចាប់ផ្តើមផ្លាស់ប្តូរពីឥឡូវទៅ! នោះគឺការប្រើប្រាស់ឡានអាគុយ​ ឬឡានអាព្រូស[Prius] ដែលប្រើអាគុយផង ប្រើប្រេងផង»។ សម្តេចថ្លែងបែបនេះ ចេញពីពិធីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ ដែលធ្វើឡើងក្នុងបរិវេណអាងទឹកត្រពាំងថ្ម នៃភូមិ​ត្រពាំងថ្ម ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយបន្តមានប្រសាសន៍ថា ៖ «នេះជាការកាត់បន្ថយចំណាយ[លើថ្លៃប្រេង] ដែលយើងនៅតែអាចបន្តធ្វើដំណើរបាន គ្រាន់តែវាយឺតជាងមុន»។​  
 
ប្រមុខរាជរដ្ឋភិបាលរូបនេះ មើលឃើញថា  ការប្រើប្រាស់រថយន្តអគ្គិសនីឬរថយន្តប្រភេទHybrid ដែលស៊ីសាំងតិចនេះ គឺមិនត្រឹមជួយកាត់បន្ថយចំណាយរបស់ពលរដ្ឋលើថ្លៃឥន្ធនៈប៉ុណ្ណោះទេ តែថែមទាំងជួយកាត់បន្ថយគ្រោះថ្នាក់ចរចារណ៍ និងការបំពុលបរិស្ថានបាន ថែមទៀត។ 
 
រយៈពេល៥ខែឆ្នាំ២០២២ មានរថយន្តអគ្គិសនី(EV)ជាង៨០គ្រឿង ត្រូវបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។ បើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ ចំនួនរថយន្តអគ្គិសនីដែលអ្នកប្រើប្រាស់យកមកចុះបញ្ជីនេះ គឺកើនរហូតដល់ជាង៨០០ភាគរយ បើធៀបរយៈពេលដូចគ្នា កាលឆ្នាំ២០២១។ 
 
លោក ធ្លាប់និយាយក្នុងកម្មវិធី MPWT LIVE SHOW នាព្រឹកថ្ងៃទី២៧ឧសភា ថា អ្នកប្រើប្រាស់រថយន្តអគ្គិសនី គឺចំណេញពន្ធលើការនាំចូល​ ដោយរដ្ឋបានបញ្ចុះអត្រាពន្ធនេះ នៅត្រឹម៦៣ភាគរយ​ប៉ុណ្ណោះ ខណៈការនាំចូលរថយន្តដែលប្រើប្រាស់ឥន្ធនៈវិញ មានអត្រាពន្ធរហូតយដល់១២០ភាគរយ។  
 
ក្រៅពីនេះ អ្នកប្រើប្រាស់រថយន្តអគ្គិសនី គឺចំណាយថ្លៃអគ្គិសនី​ដែលមានតម្លៃថោកជាង ៣ដង បើធៀបនឹងការប្រើប្រាស់រថយន្តដំណើរការដោយប្រេងឥន្ធនៈ។ ជាមួយគ្នានេះ ការចំណាយសម្ភារ ឬគ្រឿងបង្គុំរថយន្តអគ្គិសនី ក៏មានតម្លៃតិចជាងរថយន្តដែលប្រើដោយប្រេងឥន្ធនៈ ដែរ។​ នេះជាការរៀបរាប់បន្ថែមរបស់លោករដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន។ 
 
បច្ចុប្បន្ន សាំងធម្មតាមានតម្លៃ ៥​ ៨០០រៀល និងម៉ាស៊ូតមានតម្លៃ ៦ ២០០រៀលក្នុងមួយលីត្រ។ នេះជាតម្លៃលក់រាយនៅទីផ្សារកម្ពុជា  ដែលក្រសួងពាណិញ្ជកម្មកំណត់ឱ្យម្ចាស់ស្ថានីយ/ដេប៉ូឥន្ធនៈ អនុវត្តដល់ថ្ងៃទី១០កក្កដា ឆ្នាំ២០២២៕ 
 
 
 
 

Tag:
 ប្រេងឥន្ធនៈ
  សម្តេច ហ៊ុន សែន
  ប្រេងឥន្ធនៈ
© រក្សាសិទ្ធិដោយ thmeythmey.com