ជាតិ
កម្ពុជាទទួលវ៉ាក់សាំង Pfizer ជាង ១៤ម៉ឺនដូស ពីប្រទេសប៉ូឡូញ 
វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Pfizer ជាជំនួយពីប្រទេសប៉ូឡូញ។
×![]()
ដោយ៖ ញឹក សំអូន
ភ្នំពេញ៖ កម្ពុជាទទួលវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ឱ្យកុមារប្រភេទ Pfizer ជាង ១៤ម៉ឺនដូស ដែលជាជំនួយរបស់ប្រទេសប៉ូឡូញ នាព្រឹកថ្ងៃទី ៣ខែកក្កដានេះ។
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចុះផ្សាយនៅលើហ្វេសប៊ុកផ្លូវការបែបនេះថា ទោះបីទទួលជោគជ័យ លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងទប់ស្កាត់បានការរីករាតត្បាតយ៉ាងណាក្តី ប៉ុន្តែរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ លើបញ្ហាជំងឺនេះ។
សម្ដេចបានបញ្ជាក់ថា៖ «ការងារអាទិភាពក្នុងការប្រយុទ្ធប្រឆាំងនេះ គឺការបន្តផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ បន្តស្វះស្វែងរកវ៉ាក់សាំងទុកក្នុងឃ្លាំង ហើយប្រកាសជំរុញការចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋ ដើម្បីធានាបាននូវការការពារសុខភាពប្រជាពលរដ្ឋពីមេរោគកូវីដ-១៩»។
ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បានប្រកាសបន្តផ្តល់ដូសជំរុញជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃនោះឡើយ ។ សម្ដេច ក៏អំពាវនាវដល់ប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងដូសជំរុញ ដើម្បីបង្កើនប្រព័ន្ធភាពសាំក្នុងរាងកាយការពារជំងឺកូវីដ-១៩។
ទាំងវ៉ាក់សាំងជំនួយ និងការបញ្ជាទិញ កម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបជិត ៥៣លានដូស សម្រាប់ចាក់ឲ្យពលរដ្ឋ។ ក្នុងនោះវ៉ាក់សាំងនៅសល់ក្នុងឃ្លាំងជិត ៩លានដូស។ ដោយឡែកវ៉ាក់សាំងជំនួយ និងការបញ្ជាទិញសរុបប្រមាណ ២០លានដូសទៀត ដែលពុំទាន់បានដឹកមកដល់កម្ពុជា។
ថ្ងៃទី៣ ខែកក្កដានេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៦នាក់ ធ្វើឱ្យមានចំនួនកើន ១៣៦,២៩៦នាក់ ខណៈជាសះស្បើយ ១៣៣,២០៦នាក់ និងអ្នកស្លាប់ចំនួន ៣,០៥៦នាក់។ រីឯអ្នកបានចាក់វ៉ាក់មានជាង ១៥លាននាក់ នៃចំនួនប្រជាជនសរុប ១៦លាននាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com