ជាតិ
រថយន្ត
វៀតណាម​បង្ហាញពីសក្តានុពល​ផ្នែកឧស្សាហកម្មយានយន្ត​តាមរយៈពិព័រណ៌អន្តរជាតិ​នៅក្រុងហូជីមិញ
04, Jul 2022 , 8:29 pm        
រូបភាព
ដោយ: ធីតា
វៀតណាម បាន​រៀបចំពិព័រណ៌​លំដាប់​អន្តរជាតិលើ​ការតាំង​បង្ហាញ​រថយន្តទំនើបៗ ចន្លោះពី​ថ្ងៃទី​២៩ ខែ​មិថុនា ដល់ថ្ងៃទី១ ខែកក្កដា កន្លងមក នៅក្រុងហូជីមិញ ដោយ​ទាក់ទាញ​បាន​ក្រុមហ៊ុន​ល្បីៗ​ជាង​១៥០ពី​២១ប្រទេស និង​ដែនដី។ នេះ​បើតាម​ការផ្សាយ​របស់ទីភ្នាក់ងារព័ត៌មាន VNA។

 
ពិព័រណ៌រយៈពេល​៣ថ្ងៃនោះ មាន​ទាំងការចូល​រួម​ដោយផ្ទាល់ និង​តាមរយៈវេទិកាឌីជីថល V-connect ដែលវាជាឱកាស​ដ៏សំខាន់​របស់​ក្រុមអ្នក​រៀបចំព្រឹត្តិការណ៍ ក៏ដូចជាក្រុម​ហ៊ុន​នានា ក្នុង​ការ​បង្ហាញពី​បច្ចេកវិទ្យា​របស់​ខ្លួន​លើ​ឌីជីថល​ភាវូបនីយកម្ម និង​ការ​វិវត្តន៍​ឧស្សាហកម្ម។
 
​អ្នក​ស្រី Fliona Chiew អគ្គនាយិការងក្រុមហ៊ុន Messe Frankfurt ដែលទទួលបន្ទុក​រៀបចំព្រឹត្តិការណ៍ Automechanika Ho Chi Minh City (AMHCMC 2022) បាន​កត់សម្គាល់ពី​ការ​រីកចម្រើន​ផ្នែក​ឧស្សហកម្ម​យានយន្តនៅ​វៀតណាម ទាំងកំណើន​ការលក់​ក្នុងប្រទេស ក៏ដូចជា​ការនាំ​ចូល។
 
នៅក្នុងក្របខណ្ឌ AMHCHMC 2022 បណ្តាក្រុមហ៊ុនពី​ក្នុងតំបន់ រួមមាន ម៉ាឡេស៊ី កូរ៉េខាងត្បូង ថៃ និង​តៃវ៉ាន់ (ចិន) ក៏​មាន​ឱកាស​បង្ហាញពី​ផលិត​ផល​ដ៏សម្បូរបែប​របស់​ខ្លួន​ផងដែរ ជាពិសេស​បច្ចេកវិទ្យា​ចុងក្រោយ​ក្នុង​ឧស្សាហកម្ម​យានយន្ត​រៀងៗខ្លួន។
 
សម្រាប់ម្ចាស់ផ្ទះវៀតណាម បណ្តា​សមាគម សហគ្រាស និងក្រុមហ៊ុនពាក់ព័ន្ធនានា បាន​បង្ហាញផលិត​ផល​គ្រប់ផ្នែក​មាន​ទាំងរថយន្តទំនើបៗ គ្រឿងបន្លាស់ សេវាកម្មជួសជុល កង់រថយន្ត សេវាថែទាំ និង​ការបង្ហាញផ្សេងៗ។
 
ពិព័រណ៌ AMHCHMC 2022  ទាក់ទាញ​ក្រុមហ៊ុន​ល្បីៗ​ជាង​១៥០ពី​២១ប្រទេស និង​ដែនដី។ ជាមួយគ្នានេះ អ្នក​ទស្សនាផ្ទាល់មានជិត​១ម៉ឺន​នាក់ ពី​៤៧ប្រទេស/ដែនដី ក្នុងនោះ​៨២ភាគរយ​ ជាភ្ញៀវ​ក្នុង​ស្រុក។ 
 
អ្នកទស្សនាពិព័រណ៌​យានយន្តនៅហូជីមិញ​ច្រើនជាងគេ មានមកពីអូស្ត្រាលី, ចិន, ជប៉ុន, កូរ៉េខាងត្បូង, ម៉ាឡេស៊ី, សិង្ហបុរី, តៃវ៉ាន់, ថៃ, សហរដ្ឋអាម៉េរិក។ រីឯពលរដ្ឋក្នុង​ស្រុកមួយចំនួនធំទៅពីខេត្ត Binh Duong, Can Tho, Da Nang, Hai Phong, Long An និងអ្នកនៅហូជីមិញផ្ទាល់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com