ជាតិ
សេដ្ឋកិច្ច
៦ខែ កម្ពុជារកចំណូលបានជាង២,៤លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ
04, Jul 2022 , 9:59 pm        
រូបភាព
ដោយ​ ៖ ធន់ សេងហុង 
 
កម្ពុជា ទទួលបានចំណូលជាង ២,៤លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២២។ ចំនួននេះ កើនឡើងជាង ១០០០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ។


គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា ៦ខែនេះ មានទេសចរសរុប ៥៩ ៩៨៣នាក់ បានទិញសំបុត្រចូលរមណីយដ្ឋានអង្គរ ដែលកើនជាង ១០០០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ គ្រាដែលកម្ពុជា ក៏ដូចជាពិភពលោកជួបវិបត្តិជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ។ 
 
ដោយឡែក ក្នុងខែមិថុនា កន្លងទៅនេះ មានទេសចរ​ ១៤ ២០៤នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ហើយចំណូលលក់សំបុត្រនោះមាន ៥៦៣ ៦៥៣ដុល្លារ។
 
ក្រៅពីនេះ គ្រឹះស្ថានអង្គរ ក៏បានលក់សំបុត្រចូលទស្សនាតំបន់កោះកែរ បាន​ចំនួន ២ ៨០៥ដុល្លារដែរ ដល់ទេសចរអន្តរជាតិចំនួន ១៨៧នាក់ ក្នុងខែមិថុនា។ ទន្ទឹមនឹងនេះ ចំណូលពីការលក់សំបុត្រទូក នៅកំពង់ផែចុងឃ្លៀស ក្នុងខែមិថុនា មានចំនួន ៩ ៣៤៥ដុល្លារ ទៅដល់ទេសចរ ២ ៣៤០នាក់។
 
​គួរបញ្ជាក់ដែរថា ក្នុងរយៈពេល ៦ខែ ចំណូលពីការលក់សំបុត្រចូលរមណីយដ្ឋានអង្គរ ដែលបានឧបត្ថម្ភទៅមូលនិធិគន្ធបុប្ផា មានចំនួន ១១៩ ៩៦៦ដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ៕
 

Tag:
 ចំណូល អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com