ជាតិ
លោក តាំង គ្រុយ ប្រឹងស្រាវជ្រាវពូជមន ដើម្បីលើកស្ទួយសូត្រខ្មែរឡើងវិញ
05, Jul 2022 , 8:59 am        
រូបភាព
សៀមរាប៖ លោក តាំង គ្រុយ ជាកសិករនៅឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ ក្នុងដីចម្ការរាប់សិបហិកតា លោក គ្រុយ ក៏បានដាំដើមមន ដែលជាវត្ថុធាតុដើមសម្រាប់ត្បាញសូត្រផង។ ស្រាវជ្រាវច្រើនឆ្នាំដើម្បីបានពូជមនដែលមានស្លឹកធំ ល្អ យកមកដាំ ក្នុងបំណងតែមួយគត់ គឺលើកស្ទួយ អភិរក្សសូត្រខ្មែរឱ្យមានភាពល្បីល្បាញបន្តទៀត។

 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗក្នុងចម្ការស្ថិតឃុំលាងដៃ លោក គ្រុយ ប្រាប់ថា លោកបាននាំពូជដើមមន ដែលមានស្លឹកធំ មកពីប្រទេសថៃ មុនកូវីដ១៩មួយឆ្នាំ អំឡុងពេលលោកបានទៅទស្សនកិច្ចចម្ការមន និងកន្លែងផលិតសូត្រដ៏ធំមួយក្នុងប្រទេសនោះ។ ជាអ្នកចម្ការដ៏ប៉ិនប្រសព្វមួយរូប លោក គ្រុយ យល់ថា នៅស្រុកខ្មែរក៏អាចរៀបចំចម្ការមន និងកន្លែងផលិតសូត្រដ៏ទាក់ទាញ ដូចនៅស្រុកគេដែរ។ ពេលនោះហើយ ដែលលោកបានសុំពូជគេយកមកខ្មែរ និងកាត់ដាំលើដីចម្ការផ្ទាល់ខ្លួន បានប្រហែល៣០០ដើម ក្រោយមកពង្រីកបាន១ពាន់ដើម។
 
សូមអញ្ជើញទស្សនាវីដេអូសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយលោក តាំង គ្រុយ ដូចតទៅ៖
 
«គោលដៅអ៊ុំចង់និយាយទៅ អ្វីដែលវាពាក់ព័ន្ធនឹងកេរដំណែលរបស់ដូនតាយើង ចេះតែប្រឹងរក្សាទុក ចេះតែប្រឹងទៅតាមលទ្ធភាពអ្វីដែលអាចធ្វើបាន ហើយត្រង់គោលដៅទៅមុខវាយ៉ាងម៉េច អ៊ុំអត់ហ៊ាននិយាយទេ គ្រាន់តែថា កត្តាធំបំផុត ធ្វើម៉េចយើងរើកកាយមកវិញ»។ លោក តាំង គ្រុយ និយាយដូច្នេះ មុននឹងលោកបង្ហើបពីបំណងទៅមុខ ដោយចង់លើកស្ទួយជំនាញតម្បាញនៅតាមភូមិក្នុងខេត្តសៀមរាប រួមគ្នាអភិរក្សតម្បាញសូត្រខ្មែរបន្ថែម។ លោកថា ចាស់ៗតាមភូមិនឹងមានរបរប្រចាំថ្ងៃ លើកស្ទួយជីវភាព និងជួយឱ្យសិប្បកម្មតម្បាញសូត្រនេះឱ្យនៅរស់តទៅកូនចៅជំនាន់ក្រោយៗទៀត។ 
 


យ៉ាងណាមិញ កសិករវ័យ៦៨ឆ្នាំរូបនេះ មិនទាន់ហ៊ានស្រមៃខ្លាំងលើគម្រោងដែលចង់ឱ្យពលរដ្ឋដាំមនតាមផ្ទះ ហើយលោកនឹងប្រមូលទិញមកដាក់រោងសិប្បកម្មតម្បាញផ្ទាល់ខ្លួន ដែលលោក គ្រុយ យល់ថា វានឹងបង្កើតការងារច្រើនដល់អ្នកភូមិ។ លោកថា គម្រោងនេះអាចធ្វើទៅបាន ទាល់តែមានពលរដ្ឋចូលរួម មានអ្នកជំនាញបច្ចេកទេសច្រើននាក់ ក៏ដូចជាធនធានផង។ តែលោក គ្រុយ នៅតែសង្ឃឹមថា ថ្ងៃណាមួយលោកនឹងអាចធ្វើកិច្ចការមួយនេះបានដោយជោគជ័យ ហើយវានឹងធ្វើឱ្យលោកមានមោទកភាពចំពោះការលើកស្ទួយ និងអភិរក្សសូត្រខ្មែរ៕
 



 
 

Tag:
 ដើមមន
  សូត្រខ្មែរ
  តាំង គ្រុយ
© រក្សាសិទ្ធិដោយ thmeythmey.com