ជាតិ
ឃុំ-សង្កាត់៖ បក្សខ្មែររួបរួមជាតិ​របស់លោក ញឹក ប៊ុនឆៃ បាន១៣អាសនៈ ក្នុងភាគច្រើន​នៅបន្ទាយមានជ័យ
04, Jul 2022 , 10:59 pm        
រូបភាព
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ
ដោយ: រួបរួម
គណបក្ស​ខ្មែររួបរួមជាតិ​ ដែលមាន​លោក ញឹក ប៊ុនឆៃ ជាប្រធាន​ បន្ត​ទទួល​បានអាសនៈក្នុងការ​បោះឆ្នោតក្រុម​ប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥។ ក្នុងចំណោម១៣​អាសនៈ​របស់ខ្មែររួបរួមជាតិ មាន​៧​អាសនៈ បាននៅខេត្តបន្ទាយមានជ័យ ២នៅត្បូងឃ្មុំ និង​បាន១នៅភ្នំពេញ រតនគិរី ព្រះវិហារ និង​សៀមរាប។

 
នៅក្នុងខេត្ត​បន្ទាយមានជ័យ គណបក្ស​ខ្មែររួបរួមជាតិ​របស់​លោក ញឹក ប៊ុនឆៃ ទទួលបាន​៣អាសនៈនៅស្រុកថ្មពួក ដោយ​១អាសនៈនៅឃុំគោករមៀត, ១អាសនៈនៅឃុំថ្មពួក និង១អាសនៈនៅឃុំគំរូ។ នៅឃុំគោករមៀត លោក ខួញ ឃួន ជាប់ជាជំទប់ទី២ បន្ទាប់ពី​លោក នៃ ពៅ កូតាគណបក្ស​ប្រជាជន​កម្ពុជា ជាមេឃុំ និង​លោក សឿម ស៊ីណា ពីគណបក្សភ្លើងទៀន ជាជំទប់ទី១។ សមាជិក​៨រូបទៀត មាន៧រូបពីគណបក្ស​ប្រជាជន​កម្ពុជា និង១រូបពីគណបក្សភ្លើងទៀន។
 
នៅឃុំថ្មពួក លោក ទឹម ញ៉ាន នៃគណបក្សខ្មែររួបរួមជាតិ ជាប់ជាជំទប់ទី២ បន្ទាប់ពីលោក លីវ គុណ នៃគណបក្ស​ប្រជាជនកម្ពុជា ជាមេឃុំ និង​លោក ថន ថើយ នៃគណបក្សភ្លើងទៀន ជាជំទប់ទី១។ សមាជិក​៤រូបទៀត មាន​៣រូបពីគណបក្ស​ប្រជាជន​កម្ពុជា និង១រូបពីគណបក្សភ្លើងទៀន។
 
ដូចគ្នាផងដែរនៅឃុំគំរូ គណបក្សខ្មែររួបរួមជាតិ បាន១អាសនៈ ដោយ​ លោក សៀក លឿប កាន់តំណែងជាជំទប់ទី២​ លោក នាម ឃាម នៃគណបក្ស​ប្រជាជន​កម្ពុជា ជាមេឃុំ លោក សាន់ សៀកគីន ពីគណបក្សភ្លើងទៀន ជាជំទប់ទី១។ សមាជិក​៤រូបទៀត មាន​៣រូបពីគណបក្ស​ប្រជាជន​កម្ពុជា និង១រូបពីគណបក្សភ្លើងទៀន។
 
ក្នុងស្រុកស្វាយ​ចេកឯណោះវិញ គណបក្ស​ខ្មែររួបរួមជាតិ ឈ្នះ១អាសនៈនៅឃុំតាផូ ដោយ​លោក ក្លាត ឌី ជាប់ជាជំទប់ទី២ បន្ទាប់ពីមេឃុំគណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ុន សាប់ និង​ជំទប់ទី១ពីគណបក្សភ្លើងទៀន លោក មាស សំឡឹក រីឯសមាជិក​៤នាក់ទៀត សុទ្ធតែមកពីគណបក្ស​ប្រជាជន​កម្ពុជា។
 
នៅឃុំពន្លៃ ស្រុកភ្នំស្រុក គណបក្សខ្មែររួបរួមជាតិ បាន២អាសនៈ ក្នុងចំណោម​៩អាសនៈ ដោយ​លោក ពិត សីហា ជាប់ជាជំទប់ទី១ និងលោក ជិម ហ៊ូ ជាសមាជិកក្រុមប្រឹក្សា។ លោក គ្រីប ឡាំ ពីគណបក្ស​ប្រជាជន​កម្ពុជា ជាមេឃុំ និង លោក ប៊ុន ធឿន ពីគណបក្សភ្លើងទៀន ជាជំទប់ទី២ រីឯសមាជិក​៥រូបទៀត សុទ្ធតែមកពីគណបក្ស​ប្រជាជន​កម្ពុជា។
 
នៅសង្កាត់​និមិត្ត ក្រុងប៉ោយប៉ែត ដែលមាន១១អាសនៈ លោក ម៉ក់ ដារិទ្ធ ពីគណបក្ស​ខ្មែររួបរួមជាតិ ជាប់ជាចៅសង្កាត់រងទី២ បន្ទាប់ពី​លោក មែ ណន នៃគណបក្ស​ប្រជាជន​កម្ពុជា ជា​ចៅសង្កាត់ និង​លោក កែវ និមុល ពីគណបក្សភ្លើងទៀន ជា​ចៅសង្កាត់រងទី១។ សមាជិក​៨រូបទៀត មាន​៧នាក់ពីគណបក្ស​ប្រជាជន​កម្ពុជា និង១នាក់ពីគណបក្សភ្លើងទៀន។
 
នៅខេត្តត្បូងឃ្មុំ គណបក្ស​ខ្មែររួបរួមជាតិ ដណ្តើមបាន​២អាសនៈ​នៅឃុំប៉ឹស១ ស្រុកក្រូចឆ្មារ ដោយ​លោក ស្មាន អាលមីន ជាប់ជាជំទប់ទី២ និង​លោក តាំ កីឡាប ជាប់ជាសមាជិកក្រុមប្រឹក្សា។ សមាភាព​៥រូបទៀត​សុទ្ធតែមកពីគណបក្ស​ប្រជាជន​កម្ពុជា ដោយ​​លោក ណូ ស៊ីម ជាមេឃុំ ​លោក ស្លេះ ណាសៀត ជាជំទប់ទី១ និងសមាជិក៣រូប។
 
នៅខេត្ត​សៀមរាប លោក ឡាត គិមលាន នៃគណបក្សខ្មែររួបរួមជាតិ ជាប់ជាជំទប់ទី២នៅឃុំសណ្តែក ស្រុកប្រាសាទបាគង ដោយ​អ្នកស្រី ម៉ិល សុគង្គា ពីគណបក្ស​ប្រជាជន​កម្ពុជា ជាមេឃុំ លោក ឃ្លោក ចិន្តា ពីគណបក្ស​ភ្លើងទៀន ជាជំទប់ទី១។ សមាជិក​៦រូបទៀត មាន​៤រូបពីគណបក្ស​ប្រជាជន​កម្ពុជា និង​២រូបពីគណបក្សភ្លើងទៀន។
 
 
ក្នុង​ខេត្តរតនគិរី គណបក្សខ្មែររួបរួមជាតិ បាន១អាសនៈនៅឃុំល្បាំងពីរ ស្រុកលំផាត់។ លោក ក្រិត យី បាន​តំណែងជាជំទប់ទី២ ហើយ​៤អាសនៈទៀត បានទៅ​លើគណបក្ស​ប្រជាជន​កម្ពុជាទាំងអស់ ដោយ​លោក ផន ចាន់ថន ជាប់ជាមេឃុំ និង​លោក ព្លេន លង ជាប់ជាជំទប់ទី១។
 
នៅឯខេត្តព្រះវិហារ លោក គឹម ប៊ុនលី នៃ​គណបក្ស​ខ្មែររួបរួមជាតិ បានអាសនៈជំទប់ទី២នៅឃុំរតនៈ ស្រុករវៀង រីឯ​លោក ពៅ គឿន នៃគណបក្ស​ប្រជាជន​កម្ពុជា ជាមេឃុំ និង​លោក តី ភួន នៃគណបក្ស​ភ្លើងទៀន ជាជំទប់ទី១។ សមាជិក​៤រូបទៀត មាន​៣រូបពីគណបក្ស​ប្រជាជន​កម្ពុជា និង១រូបពីគណបក្សភ្លើងទៀន។
 
ក្នុងរាជធានីភ្នំពេញឯណេះវិញ គណបក្សខ្មែររួបរួមជាតិ ទទួលបាន​១អាសនៈក្នុងចំណោម​៩​អាសនៈ ដោយ​លោក សុខ សុផល ជាប់ជាចៅសង្កាត់រងទី២។ ៨អាសនៈទៀត បាន​លើគណបក្ស​ប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះ មាន​លោក ព្រាប មុនី ជាមេឃុំ និង​អ្នកស្រី ឈ្នាង ផាន់ណារី ជា​ចៅសង្កាត់រងទី១។
 
ទោះបីជាយ៉ាងណាក៏ដោយ លទ្ធផលដែលគណបក្ស​ខ្មែររួបរួមជាតិ ទទួលបានក្នុងអាណត្តិនេះ គឺមាន​ចំនួន​តិចជាងការបោះឆ្នោតកាលពីឆ្នាំ២០១៧ ដែលនៅពេលនោះ គណបក្សឈ្នះអាសនៈសរុប​ចំនួន​២៤ ដោយ​បានតំណែង​មេឃុំ​១ ជំទប់​ទី១ចំនួន​២ ជំទប់ទី២ចំនួន​១៦ និង​សមាជិក​៥អាសនៈ។ ក្នុងចំណោមនោះដែរ ១៨អាសនៈ​របស់ខ្មែររួបរួម​ជាតិកាលពីឆ្នាំ២០១៧ បាននៅមូលដ្ឋានក្នុងខេត្ត​បន្ទាយ​មានជ័យ៕
 

Tag:
 បោះឆ្នោត
  ខ្មែររួបរួមជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com